ទំនៀម​ទម្លាប់​នៃ​ការ​«បំពេ» ផ្ដល់​ការ​អប់រំ​ឲ្យ​ទារក​និង​កុមារ

ទំនៀមទំលាប់នៃការបំពេរ ត្រូវបានតំបន់ស្រុកស្រែចំការភាគច្រើន នៃប្រទេសកម្ពុជា រក្សាទុកនិងច្រៀងវានៅឡើយ។ តែសម្រាប់នៅរាជធានី និងតំបន់ទីប្រជុំជនធំៗ តន្រី«បំពេ»ហាក់ដូចជាត្រូវបានបំភ្លេចចោល និងឈានទៅជំនួសដោយតន្ត្រីផ្សេងទៀត។ អត្ថបទនេះនឹងលើកមកនិយាយ ដោយសង្ខេប នូវប្រវត្តិ និងការវិវត្តរបស់តន្ត្រីបំពេ ដោយមានអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់មួយរូប ពីក្រសួងវប្បធម៍និងវិចិត្រសិល្បៈផង។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: April 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំនៀមទំលាប់នៃការបំពេរ ត្រូវបានតំបន់ស្រុកស្រែចំការភាគច្រើន នៃប្រទេសកម្ពុជា រក្សាទុកនិងច្រៀងវា​នៅ​ឡើយ។ តែ​សម្រាប់នៅរាជធានី និងតំបន់ទីប្រជុំជនធំៗ តន្រី«បំពេ»ហាក់ដូចជាត្រូវបានបំភ្លេចចោល និងឈានទៅ​ជំនួសដោយ​តន្ត្រី​ផ្សេងទៀត។ អត្ថបទនេះនឹងលើកមកនិយាយ ដោយសង្ខេប នូវប្រវត្តិ និងការវិវត្តរបស់តន្ត្រីបំពេ ដោយមានអន្តរាគមន៍ពី​មន្ត្រីជាន់ខ្ពស់មួយរូប ពីក្រសួងវប្បធម៍និងវិចិត្រសិល្បៈផង។


កុមារលង់លក់យ៉ាងស្កប់ស្កល់ នៅក្នុងដំណេកពេលថ្ងៃ។ មកពីមានម្ដាយបំពេ? (រូបថត flickr.com/photos/juanqian)

ប្រពៃណី - តន្រ្តីខ្មែរត្រូវបានចាប់ទុកថាជាគ្រឿងកំដរអារម្មណ៏មួយយ៉ាងសក្ត័សិទ្ឋ ដែលមានដើមកំណើតច្រើនជាង ២០០០ឆ្នាំមកហើយ។ តន្រ្តីនេះ ត្រូវបានប្រើប្រាស់ឡើងតម្រូវតាមស្ថានភាព និងមានភាពជិតស្និទ្ធ ជាមួយជីវភាពខ្មែរ​តាំងពីបុរាណកាលមក ក្នុងនោះមានតន្ត្រីមួយប្រភេទ ដែលខ្មែរតែងបានស្ដាប់តាំងពីកុមារភាពនោះមក គឺតន្ត្រី​«បំពេ»។

សៀវភៅមួយមានចំណងជើងថា តន្រ្តីនិងជីវិតខ្មែរ ដែលបានបោះពុម្ពលើកទីមួយនៅឆ្នាំ ១៩៩៥ ដោយអ្នកស្រី កែវ ណារុំ បានបង្ហាញពីតន្ត្រីចម្រៀង ដែលជាទំនាក់ទំនងតន្រ្តី ទៅនឹងការចិញ្ចឹមកូនថា៖ «ចម្រៀងបំពេ កូនទាំងអស់នោះ ជាតន្រ្តី​មួយប្រភេទដែលប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់បំផុត ព្រោះវាជាការបំបោសអង្អែល ការអង្វរករ សេចក្តី​ស្នេហា​របស់មាតា និងគុណបំណាច់ទៅលើកូនរបស់ខ្លួន ដែលស្រឡាញ់ស្នើរនឹងជីវិត។ ទំនុកបទបំពេនោះ ច្រើន​លើកឡើងភ្លាមៗ​តាមការ​នឹក​ឃើញជាក់ស្តែង សំរបតាមហេតុការណ៏ គឺលួងទារកឲ្យបានស្ងប់ចិត្តលង់លក់ទៅ។»

មូលន័យអត្ថបទរបស់អ្នកស្រី កែវ ណារុំ ត្រង់ចំណុចនេះ ហាក់បង្ហាញពីវិធីសាស្រ្តផ្សេងៗទៀត ដែលអ្នកម្តាយ​ភាគ​ច្រើន បានប្រើប្រាស់ដើម្បីធ្វើការបំពេរកូន របស់ខ្លួនឲ្យបាត់យំ លើកទឹកចិត្តកូនដើម្បីធ្វើអ្វីមួយជាដើម។ ពួកគាត់​តែង​ប្រើ​កាយ​វិការ លាយនឹងបទចម្រៀងខ្លីៗ ដែលកើតចេញពីទឹកចិត្តរបស់អ្នកម្តាយ ឬសាច់ញាតិក្នុងការលើក​ទឹកចិត្ត​កូនៗរបស់ខ្លួន ឲ្យព្យាយាមធ្វើវាដោយខ្លួនឯង រហូតដល់បានសម្រេចផលផងដែរ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ  លោក ថៃ នរៈសត្យា រដ្ធលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានបញ្ជាក់ ក្នុងនាមជាទស្សនៈរបស់លោកផ្ទាល់ថា វប្បធម៌នៃការបំពេរនេះ កើតមានជាយូរណាស់​មក​ហើយ ប៉ុន្តែលោក​មិនបានដឹង ពីពេលណាមកទេ។ ការធ្វើបែបនេះទៀតសោត ក៏បង្ហាញថាខ្មែរមានសិល្បៈ មាន​វប្បធម៌ មានសភាពស្លូតបូត មានមនោសញ្ចេតនា ជាមួយនឹងការអប់រំ ជាមួយកូនៗតាំងពីកូនៗទើបនឹងកើត​មក​ម្លេះ។

លោកបន្ថែមទៀតថា ការអប់រំបែបនេះ ផ្តល់នៅការអប់រំល្អ សម្រាប់ពួកគាត់នាពេលពួកគេធំឡើង។  លោកបាន​ពន្យល់​​តាមបែបវិទ្យាសាស្រ្តថា ទារកដែលទើបនឹងចេញពីផ្ទៃម្តាយ ចាប់ពីអាយុបីខែ រហូតដល់បីឆ្នាំ អាចស្តាប់ដឹង និងលឺរួច​ហើយ។ ដូច្នេះ ការអប់រំខណៈពេលនេះ មានប្រសិទ្ឋភាពណាស់សម្រាប់ទារក និងកុមារតូចៗ។

ទោះបីជាការអប់រំកូនដោយការបំពេរពីម្តាយ មិនសូវបានប្រើប្រាស់ ជាពិសេសនៅរាជធានី និងទីប្រជុំជនធំៗមួយ​ចំនួនក្តី លោក ថៃ នរៈសត្យា បានបង្ហាញថា៖ នេះដោយសារការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ធ្វើឲ្យមនុស្សមាន​ការ​វិវត្តន៏​​ទៅតាម​នោះដែរ ។ នាពេលបច្ចុប្បន្ននេះ គេចាក់ភ្លេងតាមឧបករណ៏ ភ្លេងផ្សេងៗដល់ពួកគេ ទៅតាមការវិវត្តន៏​របស់សង្គមដែរ។ លោកបានបន្តថា ខាងក្រសួងវិចិត្រវប្បធម៌និងវិចិត្រសិល្បៈវិញ ឈរលើគោលការណ៏ អភិវឌ្ឍន៏ និងអភិរក្សរបស់ខ្លួន ប៉ុន្តែ​បានចងក្រងពីទំនៀមទំលាប់នេះទុក ដើម្បីបញ្ជាក់ពីការផ្សារភ្ជាប់ មនោសញ្ចេតនារបស់​ម្តាយ​ជាមួយនឹងកូន តាម​រយៈ​វប្បធម៌។

ទំនៀមទម្លាប់នៃផ្សារភ្ជាប់ព្រលឹងរបស់កូន ជាមួយម្តាយឬសាច់ញាតិ តាមរយៈតន្ត្រីមានសារៈសំខាន់សម្រាប់​ផ្តល់​នូវការ​អប់រំមួយដ៏ល្អ ដូចពាក្យចាស់លោកពោលថា៖ ដុំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង។ ការរីកចម្រើន​នៃ​វិទ្យាសាស្រ្ត និងភាពរវល់នៃម្តាយបានធ្វើឲ្យទំនៀមទម្លាប់ នេះអាចបាត់បង់ ដោយជំនួសដោយ​បច្ចេកទេសថ្មីៗ​ទៅវិញ៕

------------------------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ថ្ងៃទី១៩ វិច្ឆិកា ២០១៣

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...