ផៃ ស៊ីផាន៖ បក្សប្រឆាំងឈប់ធ្វើនយោបាយ បើចង់ផ្ដួលរំលំរដ្ឋាភិបាល
បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរធ្វើមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាថ្មី និងអាចបិទផ្លូវចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការជាប់គាំងនយោបាយក្រោយការបោះឆ្នោតនោះមក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការចរចាគឺជារឿងដែលគណបក្សសង្រ្គោះជាតិ ត្រូវធ្វើជាមួយគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា ដោយឡែកគម្រោងធ្វើមហាបាតុកម្មរបស់គណបក្សនេះ វាគឺជាសិទ្ធិដែលមានកំណត់ក្នុងច្បាប់ តែរដ្ឋាភិបាលនឹងតាមដានពិនិត្យមើល ដោយមិនអនុញ្ញាតឲ្យគណបក្សជំទាស់មួយនេះ យកច្បាប់មកទ្រាប់គូថអង្គុយបានទេ។
លោក សម រង្ស៊ី (កណ្ដាលស្ដាំ) និងលោក កឹម សុខា (កណ្ដាលឆ្វេង) កាន់ទង់ជាតិចម្រុះ ដឹកនាំបាតុកម្មដង្ហែញត្តិទៅដាក់តាមស្ថានទូត។ (រូបថត គណបក្ស)
បាតុកម្មបក្សប្រឆាំង - អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា៖ «ការចរចាមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ វាជារឿងរវាងគណបក្ស និងគណបក្ស គេត្រូវញែកឲ្យដាច់ពីគ្នា ការដោះស្រាយនយោបាយគឺជារឿងត្រូវធ្វើនៅរដ្ឋសភា មិនអាចយកច្បាប់មកទ្រាប់គូថអង្គុយបានទេ រដ្ឋាភិបាលនឹងមើលថាតើ មហាបាតុកម្ម ឬបាតុកម្មយក្សគឺជារឿងយ៉ាងម៉េច? តែអ្វីៗត្រូវស្ថិតនៅក្រោមច្បាប់ ច្បាប់បានផ្តល់សិទ្ធិឲ្យទាំងអ្នកធ្វើបាតុកម្ម និងសិទ្ធិសាធារណៈត្រូវទទួលបានសណ្តាប់ធ្នាប់ និងការគាំពារ ផ្លូវជារបស់សាធារណៈ មិនមែនរបស់គណបក្សនយោបាយ ហើយមិនត្រូវយកផ្លូវធ្វើជាឧបករណ៍គម្រាមកំហែងណាមួយទេ គ្រប់ភាគីត្រូវមានកាតព្វកិច្ចគោរពច្បាប់»។
នៅពេលសួរថា ប្រសិនបើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ អាចរាលដាលដល់កម្រិតផ្តួលរំលំរដ្ឋាភិបាល តើរដ្ឋាភិបាលនឹងត្រូវធ្វើដូចម្តេច? លោក ផៃ ស៊ីផាន បានឆ្លើយថា នោះគឺជាបំណងរបស់គណបក្សសង្រ្គោះជាតិ សម្រេចឈប់ធ្វើនយោបាយ ព្រោះកម្ពុជាជាប្រទេសលិទ្ធិប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ដូច្នេះការប៉ុនប៉ងណាមួយ ដើម្បីទម្លាក់រដ្ឋាភិបាលក្រោយការបោះឆ្នោត គឺជាសកម្មភាពរបស់ពួកឧទ្ទាមខុសច្បាប់។ លោក ផៃ ស៊ីផាន បានបន្ថែមថា សកម្មភាព និងចលនាទាំងនោះ មិនបានស្ថិតនៅក្នុងរង្វង់ដែលត្រូវការពារដោយច្បាប់នោះទេ ដូច្នេះរដ្ឋាភិបាលនឹងចាត់វិធានការសមស្រប ដែលផ្តល់ឲ្យដោយច្បាប់ ដើម្បីគ្រប់គ្រងបញ្ហាទាំងនោះ។
សូមរម្លឹកថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក (ផ្សាយជាខេមរភាសារ) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ថាគណបក្សសង្រ្គោះជាតិ កំពុងរៀបចំយុទ្ធសាស្រ្តធ្វើមហាបាតុកម្មអហិង្សាជាថ្មី ចាប់ផ្តើមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលអាចមានរយៈពេលយូរ និងមានទ្រង់ទ្រាយធំជាងលើកមុនៗ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ជាពិសេសលើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ គឺសិទ្ធិបោះឆ្នោតហ្នឹងឯង។ អនុប្រធានគណបក្សជំទាស់ដដែលនេះ បញ្ជាក់ថា៖ «ខ្ញុំឃើញថាការវិវត្តរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរ ហើយនៅតែអ្នកកាន់អំណាចដែលក្រាញអំណាចទេ ដែលអត់ទាន់ផ្លាស់ប្តូរផ្នត់គំនិត។ ប៉ុន្តែខ្ញុំសង្ឃឹមថាថ្ងៃណាមួយប្រជាពលរដ្ឋ នឹងទាមទារអ្នកកាន់អំណាចផ្តាច់ការផ្លាស់ប្តូរជាមិនខាន»។
គណបក្សសង្រ្គោះជាតិបានធ្វើការតវ៉ា និងចរចាជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដើម្បីទម្លុះទម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។ តែរហូតមកដល់ពេលនេះ បញ្ហាទាំងនេះនៅតែមិនអាចដោះស្រាយរួច បើទោះជាមានការដាក់សំពាធពីសហគមន៍អន្តរជាតិ លើគណបក្សនយោបាយទាំងពីរឲ្យចូលតុចរចា ដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ។
ជុំវិញករណីនេះ លោក សម រង្ស៊ី ប្រធាគណបក្សសង្រ្គោះជាតិ បានលើកឡើងកាលពីពេលថ្មីនេះថា៖ «យើងត្រូវរកខុសរកត្រូវ យកអំណាចមក ដោយយើងមាននីតិវិធីរបស់វា។ យើងធ្វើអ្វីៗ ដោយសន្តិវិធី។ សន្តិវិធី អហិង្សា។ ផ្លូវមានតែពីរទេ គឺ មួយជជែកគ្នា ឬមួយវ៉ៃគ្នា។ ចំពោះគណបក្សសង្គ្រោះជាតិ ជំហររបស់យើង អហិង្សា ដោយសន្តិវិធី។ គឺយើងមិនត្រូវឲ្យមានការបង្ហូរឈាម។ យើងក៏ត្រូវជៀសវាងការបាញ់សម្លាប់។ យើងត្រូវរក្សាកម្លាំងរបស់យើង ទុកកសាងប្រទេស៕»
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ