មេធាវីសុំឲ្យ គឹម សុខ នៅក្រៅឃុំ ខណៈត្រូវជំម្រះក្ដីនៅចុងខែនេះ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 14, 2017
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សវនាការជំនុំជម្រះក្ដី លើករណីលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ» នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកធ្វើនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤រសៀល។ នេះ បើតាមលិខិតមួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ដែលបានអញ្ជើញលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី ឲ្យលោក គឹម សុខ។
ការប្រកាសបើកសវនាការនេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃ ពីពាក្យសុំមួយរបស់លោកមេធាវី ជូង ជូងី ដែលដាក់ទៅសាលាដំបូង នៅថ្ងៃទី១៣ ខែកក្កដានេះ ស្នើឲ្យកូនក្ដីរបស់លោក បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
លោកមេធាវី បានសរសេរនៅក្នុងលិខិតនោះថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿង ក៏ត្រូវបានបញ្ជូនទៅជំនុំជម្រះ និងបានកំណត់កាលបរិច្ឆេទសវនាការ រួចហើយដែរ ដូចនេះ មិនមានភាពចាំបាច់ ត្រូវរក្សាលោក គឹម សុខ ដើម្បីបន្តការស៊ើបអង្កេតទៀតនោះទេ។
លោក គឹម សុខ បានរងបណ្ដឹងពីរផ្ទួនៗគ្នា ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង របស់អ្នកវិភាគបញ្ហាសង្គមរូបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ ថាគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី និងរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមាន នូវប្រព័ន្ធសម្លាប់មនុស្ស ដែលរកឃាតកមិនឃើញ។
អ្នកវិភាគរូបនេះ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន ក្នុងពន្ធនាគារព្រៃស ចាប់តាំងពីការបង្ហាញខ្លួនលើកទីមួយ នៅក្នុងសាលាដំបូង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ការតស៊ូប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការជាន់ខ្ពស់ ពីរថ្នាក់ទៀត ដើម្បីស្នើឲ្យមានការលប់ចោល នូវការសម្រេច«ឃុំខ្លួន» របស់សាលាដំបូងនេះ មិនទទួលបានលទ្ធផលអ្វីទេ។ លោក គឹម សុខ បានហៅរាល់ការសម្រេចទាំងនោះ ជាការធ្វើឡើង ដោយសារមានគំនាបនយោបាយ៕