កឹម សុខា ថាបក្សប្រជាជនបំផ្លាញសមិទ្ធិផលសម្តេច សីហនុ
ជាថ្មីម្តងទៀតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការចោទប្រកាន់ចំៗ ចំពោះគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបានអំណាចគ្រប់គ្រងប្រទេស រហូតមកដល់ពេលនេះ មានរយៈពេលប្រហែជាជាង៣០ឆ្នាំទៅហើយនោះ ថាបានបំផ្លិចបំផ្លាញ សមិទ្ធិផលដ៏មានតម្លៃ របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ។ តែការចោទប្រកាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បដិសេធចោល និងថាជាការនិយាយបំភ្លើស។
លោក កឹម សុខា ថ្លែងក្នុងពិធីឧទ្ទិសកុសល ថ្វាយអតីតព្រះមហាវិរៈក្សត្រ។ (រូបថត គណបក្ស)
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងពិធីសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយដល់អតីតព្រះមហាវិរៈក្សត្រ នៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៣ បានថ្លែងថា គណបក្សកាន់អំណាចបច្ចុប្បន្ន បានអះអាងថា ពួកគេការពាររាជានិយម គាំទ្រអតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ ហើយពួកគេថែមទាំងបានមួលបង្កាច់ថាក្រុមនេះ ឬក្រុមនោះ ថាប្រឆាំងព្រះមហាក្សត្រ។ អនុប្រធានគណបក្សជំទាស់រូបនេះបន្តថា បើយោងលើប្រវត្តិសាស្រ្ត បានបង្ហាញថាការពិត ពួកគេនោះហើយ ដែលជាអតីតក្រុមកុំមុយនីស្ត បានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ។
លោក កឹម សុខា បញ្ជាក់ថា៖ «ព្រះគុណូបការៈ ជាភស្តុតាងមួយចំនួន ដែលព្រះអង្គបានកសាងនៅសម័យសង្គមរាស្រ្តនិយម មានជាសំណង់ មានជារចនាសម្ព័ន្ធ មានទស្សនៈនយោបាយ បានត្រូវគណៈបក្សកាន់អំណាចបច្ចុប្បន្ន បំផ្លាញចោលអស់ហើយ។ នេះហើយជាការពិត»។
តែការចោទប្រកាន់របស់ លោក កឹម សុខា ចំពោះករណីនេះ ត្រូវបានលោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ធ្វើការបដិសេធចោលទាំងស្រុង និងអះអាងថាមិនអាចទទួលយកបាន ព្រោះសមិទ្ធិផលរបស់អតីតព្រះមហាវិរៈក្សត្រ ត្រូវបានបំផ្លិចបំផ្លាញតាំងពីរបបខ្មែរក្រហមអស់ហើយ។
លោក ជាម យៀប បញ្ជាក់ថា៖ «រដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តេចជ្ញាការពាររបបរាជានិយម ការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការពារព្រះមហាក្សត្រ ទាំងបាវចនារបស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយកន្លែងណាមួយដែលថា គណបក្សប្រជាជនកម្ពុជាបានបំផ្លាញនោះ? វាជាការបំភ្លើសការពិតទាំងស្រុងរបស់ កឹម សុខា ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិ។»
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទតែមួយនេះឡើងវិញ ដោយចុចលើទីនេះ។
គួរម្លឹកថា រហូតមកដល់ពេលនេះអ្នកនយោបាយកម្ពុជា នៅតែយកកេរតំណែល របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ មកប្រើប្រាស់ក្នុងហេតុផលនយោបាយនៅឡើយ បើទោះជាព្រះអង្គបានយាងចូលទីវង្គតទៅហើយក្តី ព្រោះប្រជាប្រិយភាពរបស់ព្រះអង្គ នៅតែស្ថិតក្នុងផ្នត់គំនិត របស់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។
ហើយអ្នកដែលហានយកសមិទ្ធិផលទាំងនោះ មកឃោសនា ក្នុងការកេងចំណេញនយោបាយ គ្នានអ្នកណាក្រៅពីឥស្សរជននយោបាយ របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះទេ ដែលអ្នកវិភាគឯករាជ្យ លើកឡើងថា អ្នកទាំងនោះច្រើនតែនិយាយក្នុងចេតនា កេងចំណេញនយោបាយ ជាជាងការពាំនាំប្រវត្តិសាស្រ្តពិត និងសច្ចៈធម៌នយោបាយ ជូនប្រជាពលរដ្ឋ។
អ្នកវិភាគឯករាជ្យពីស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានពន្យល់ថា ករណីនេះ គណបក្សទាំងពីរគឺដូចគ្នា ព្រោះពួកគេជាអ្នកនយោបាយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថារដ្ឋាភិបាលបានបំផ្លាញសមិទ្ធិផលមួយចំនួនពិតប្រាកដមែន តែក៏ជំនួសមកវិញ តាមរយៈការកសាងនូវសមិទ្ធិផលថ្មីៗ មួយចំនួនផងដែរ៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ