វ៉ន ពៅ៖ រឿងខ្ញុំជាមេរៀន ធៀបទៅនឹងរឿងអ្នកទាំង១១នាក់
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ លោក ស៊្រុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 25, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ សកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ ដោយចោទពីបទដឹកនាំកុបកម្ម និងចូលរួមក្នុងចលនាកុបកម្ម ប្រព្រឹត្ដទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ អ្នកគាំទ្រនៅខាងក្រៅសាលាដំបូងវិញ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាពិសេសលោក វ៉ន ពៅ បានថ្លែងពីបទពិសោធន៍ដ៏ជូរចត់របស់ខ្លួន ជាមួយនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ថាមានលក្ខណៈមិនខុសគ្នា ពីករណីរបស់សកម្មជនទាំង១១នាក់នេះឡើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ន ពៅ បានបង្ហាញនូវករណីនៃការចាប់រូបលោកផ្ទាល់ កាលពីដើមឆ្នាំ២០១៤នេះថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល ដែលបានចូលខ្លួនទៅឃាត់មិនឲ្យមានអំពើហិង្សា តែត្រូវបានគេចោទប្រកាន់ មកលើរូបលោកទៅវិញ។
លោកបន្តថា ទាំងលោក ទាំងមហាជនទូទៅបានឃើញថា អ្នកដែលត្រូវបានតុលាការកំពុងធ្វើការចោទប្រកាន់ទាំងនោះ សុទ្ធតែជាមនុស្សដែលគោរពច្បាប់ ជាមនុស្សល្អ តវ៉ាដើម្បីសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសតែប៉ុណ្ណោះ។
លោក វ៉ន ពៅ បានចាត់ទុកការ«ចោទប្រកាន់»របស់តុលាការ ស្ថិតក្រោមការមិនទទួលខុសត្រូវ និងមិនបំពេញការងារទៅតាមកាតព្វកិច្ច និងវិជ្ជាជីវៈរបស់ខ្លួន។ ព្រោះការចោទប្រកាន់នេះ ដោយសំអាងលើការបាយការណ៍ខុស ដែលចេញដោយមន្រ្តីពាក់ព័ន្ធនោះប៉ុណ្ណោះ។ តុលាការហាក់ដូចជាមិនបានធ្វើការអង្កេតលើភស្តុតាង ឯកសារ ឬសាក្សីដែលមានចំពោះមុខឡើយ។
សកម្មភាព និងទង្វើរបស់មន្រ្តីមួយចំនួននៃតុលាការកម្ពុជា ត្រូវបានលោក វ៉ន ពៅ បរិហាថា កំពុងស្ថិតក្រោមអំណាច ឬបញ្ជានៃអ្នកនយោបាយ។ ព្រោះថារាល់សេចក្តីសម្រេច ឬការកាត់ក្តីរបស់តុលាការ គឺបានធ្វើឡើង ទៅតាម«ស្ថានការនយោបាយ»តែប៉ុណ្ណោះ។ ព្រោះថាការដោះលែងសកម្មជន ឬអ្នកតំណាងរាស្រ្តកាលពីពេលកន្លងមកនេះ ក៏ត្រូវបានធ្វើឡើងស្របតាមឆន្ទះ នៃការព្រមព្រៀងរបស់គណបក្សនយោបាយដែរ។
លោកប្រធានសមាគម បាននិយាយថា៖ «យើងមិនដែលប្រព្រឹត្តិសោះ បែរជាគេមកដាក់ទោសយើង។ (…) រឿងអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ត្រូវបានធ្លាក់មកលើសកម្មជនសិទ្ធិមនុស្ស សហជីព សកម្មជនដីធ្លី ខ្មែរអ្នកស្នេហាជាតិ។ ឯអ្នកប្រព្រឹត្តផ្ទាល់ត្រូវបានរួចទោសរហូត ដូចជា លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានដាក់ទោសទណ្ឌនៅឡើយទេមកទល់ពេលនេះ។»
សវនាការក្នុងថ្ងៃនេះ គឺផ្តោតសំខាន់ ទៅលើអ្នកដែលមានវត្តមាន ក្នុងពន្ធនាគារប៉ុណ្ណោះ។ ហើយចំណោមអ្នកទាំង១១នាក់នោះ មានតែប្រាំនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការសម្រេចធ្វើការឃុំខ្លួន រួមមាន មាជ សុវណ្ណារ៉ា, លោក អ៊ុក ពេជ្រសំណាងលោក អឿ ណារិត, លោក ឃិន រឿន, លោក នាង សុឃុន, លោក សាន គឹមហេង, លោក ស៊ុំ ពុទ្ធី លោក កែ ឃីម, លោក ទេព ណារិន, លោក អាន បឋម និងលោក សាន សីហៈ ជាដើម។ សវនាការជាសាធារណៈនេះ មិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមស្តាប់ទេ ក្រោមមូលហេតុបន្ទប់ចង្អៀត ប៉ុន្តែមានតំណាងស្ថានទូតនានា តំណាងសហភាពអឺរ៉ុប តំណាងអង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើន ចាំតាមដាន និងអង្កេត។
សូមទស្សនាកិច្ចសម្ភាសលោក វ៉ន ពៅ ជាមយយអ្នកសារព័ត៌មានដូចខាងក្រោម៖