ជាម យៀប៖ ការបង្កើតគណៈកម្មការចម្រុះ ហួសពេលហើយ
គណៈកម្មការចម្រុះដែលស្មើរឲ្យបង្កើត ដោយគណបក្សសង្រ្គោះជាតិ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត នឹងមិនអាចសម្រេចទៅបានឡើយ ដោយសារតែការមិនឯកភាពគ្នា នូវលក្ខខណ្ឌមូយចំនួន ក្នុងពេលជួបចរចារគ្នាកន្លងមក ខណៈដែលលោក ជាម យៀប អះអាងជាថ្មីនៅថ្ងៃទី២០ខែសីហានេះ ថាវាហួសពេលទៅហើយក្នុងការបង្កើត។
លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។
លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាមទូរស័ព្ទនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយ ដោយសារតែ គ.ជ.ប បានប្រកាសថា ខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា ចំពោះបណ្តឹងដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ ហើយនៅសេសសល់ ដោយសារតែមិនអាចដោះស្រាយ រួចត្រឹមគណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប បានបន្តទៅដល់ដៃក្រុមប្រឹក្សាធម្មនុញនៅថ្ងៃនេះ។
នៅពេលសួរអំពីការចេញសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ដែលថាគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរពិភាក្សា ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយបញ្ហានានាដោយសន្តិវិធី លោក ជាម យៀប បានបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ។
សូមរម្លឹកថាគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ដោយអះអាងថាគណបក្សខ្លួន មិនបានឃុបឃិតជាមួយ គ.ជ.ប ដើម្បីលួចបន្លំសន្លឹកឆ្នោតដូចការចោទប្រកាន់ នាពេលកន្លងមកនោះទេ។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់គោលចំហរពិភាក្សា ជាមួយគណបក្សសង្រ្គោះជាតិដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានស្វែងរកសុំប្រតិកម្មពី លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះ តែលោកថ្លែងថា មិនអាចធ្វើការអត្ថាធិប្បាយអ្វីបានទេនៅពេលនេះ ដោយរង់ចាំការជួបពិភាក្សាគ្នា រវាងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅម៉ោង២រសៀល ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៣នេះ ក្នុងមន្ទីររដ្ឋសភា។
រីឯលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនមានភាពឯករាជ្យ និងមិនអាចទុកចិត្តបាន។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបន្ថែមថា គ.ជ.ប បានដើរតួនាទីជា ចោរផង ជាប៉ូលីសផង និងជាចៅក្រមផង។ ដូចច្នេះគណបក្សលោកមិនសុខចិត្តនោះទេ ចាំបាច់ត្រូវបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ខណៈដែលគណបក្សនេះ នៅតែប្រកាន់គោលជំហរថា នឹងធ្វើមហាបាតុកម្មដោយអហិង្សា ប្រឆាំងលទ្ធផលបោះឆ្នោតប្រសិនបើគណៈកម្មការចម្រុះមិនបានបង្កើត។
លោក ធុន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកថ្លែងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះបានជួបប្រជុំគ្នា ពិតមែនវានឹងអាចមានដំណោះស្រាយមួយថ្មី ប្រសើរជាងពេលបច្ចុប្បន្ន។ ប្រធានអង្គការសិទ្ធិមនុស្សរូបនេះ បន្ថែមថា យើងនឹងរង់ចាំលទ្ធផលក្រោយការជួបប្រជុំ រវាងមន្រ្តីគណបក្សទាំងពីរ។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ