បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង កឹម សុខា នៅ​កណ្ដាល​រដ្ឋធានី ប៉ារីស

នៅរសៀលថ្ងៃសៅរ៍នេះ សហគមន៍ខ្មែរនៅក្នុងទ្វីបអ៊ឺរ៉ុប រួមមានទាំងពលរដ្ឋខ្មែរ ពលរដ្ឋបរទេសដែលមានដើមកំណើតខ្មែរ និងមិត្តបរទេសផង បានប្រមូលគ្នីគ្នា នៅលើទីលានត្រូកាដេរ៉ូ (Trocadéro) ខាងមុខតួអេហ្វែល (Tour Eiffel) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីធ្វើបាតុកម្មទាមទារ ឲ្យរដ្ឋាភិបាលខ្មែរ ដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ ជាពិសេសលោក កឹម សុខា ប្រធានគណបក្សប្រឆាំង​ ដែលទើបត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។
បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង កឹម សុខា នៅ​កណ្ដាល​រដ្ឋធានី ប៉ារីស
ទិដ្ឋភាពមើលពីជ្រុងមួយ នៃបាតុកម្មកណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួបជុំគ្នានោះ ត្រូវបានក្រុមអ្នករៀបចំបាតុកម្ម អះអាងពីមុនថា មានចំនួនអ្នកចូលរួម មិនតិចជាង ៥០០នាក់ (៧០០នាក់ បើតាមការអះអាង របស់អ្នករៀបចំបាតុកម្ម នៅល្ងាចថ្ងៃសៅរ៍) ខណៈអ្នកឃ្លាំមើលឯករាជ្យ អះអាងថា អ្នកចូលរួមទំនងជាមានចំនួន ពីរដងតិចជាងការអះអាងខាងលើ។ ក្រុមបាតុករ ដែលមានទាំងព្រះសង្ឃ និងគ្រហស មានទាំងពលរដ្ឋខ្មែរ ពលរដ្ឋបរទេស​ដែល​មានដើមកំណើតខ្មែរ និងមិត្តបរទេសផង បានប្រមូលគ្នីគ្នា ចាប់ពីវេលាម៉ោង១៤មក នៅក្រោមតំណងទឹកភ្លៀង រលឹមស្រោចស្រព នៅលើទីលាន«សិទ្ធិមនុស្ស» នៃវិមានត្រូកាដេរ៉ូ (Trocadéro) ខាងមុខតួអេហ្វែល (Tour Eiffel) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។

បំណងសំខាន់ៗចំនួន៣ ត្រូវបានក្រុមបាតុករលើកឡើង ក្នុងនោះមានការទាមទារ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស និងទាមទារ ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីអ្វីមួយ ដែលក្រុមបាតុករទាំងនោះ អះអាងថា ជាការ«ធានានូវប្រក្រតីភាព» នៃរបបប្រជាធិបតេយ្យ សេរីពុហុបក្សឡើងវិញ ដោយ«ផ្ដល់ឱកាស និងសិទ្ធស្មើគ្នា ដល់គ្រប់គណបក្សប្រឆាំងទាំងអស់ អាចចូលរួមប្រកួតប្រជែង» ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ។

ក្រុមបាតុករនៅបានបរិហារ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ជាពិសេសលោក ហ៊ុន សែន បុរសខ្លាំងដែលនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកហើយនោះ ថាបាន«រំលោភយ៉ាងធ្ងន់ធ្ងរ» ទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ប្រើអំណាច«ផ្ដាច់ការ» ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ ដោយ«ខុសច្បាប់» ព្រមទាំងបាន«ធ្វើឃាត» អ្នកនយោបាយស្នេហាជាតិ អ្នកការពារប្រយោជន៍ជាតិមាតុភូមិ។ល។ តាមរយៈអ្នកឡើងថ្លែង តាមឧគ្ឃោសនា​សព្ទ ក្រុមបាតុករ​បានទាមទារ ទៅកាន់សហគមន៍អន្តរជាតិ ប្រទេសម្ចាស់ជំនួយ និងភាគីជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ដូចជាសហភាពអ៊ឺរ៉ុបជាដើម ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យត្រឡប់មករក «វិថីប្រជាធិបតេយ្យ» ឡើងវិញ។

រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្មអ្វី ទៅនឹងចលនាធ្វើបាតុកម្ម ជាបន្តបន្ទាប់ នៅឯក្រៅស្រុក ជុំវិញព្រឹត្តិការណ៍នយោបាយចុងក្រោយបង្អស់នេះទេ។ យ៉ាងណា បាតុកម្មនៅក្រៅស្រុកជាច្រើន ក្នុងពេលកន្លងមក មិនដែលទទួលបានការអើពើ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ ដោយគ្រាន់តែ បានចាត់ទុកបាតុកម្មទាំងនោះ ថាជាការបញ្ចេញមតិ របស់ក្រុមមនុស្ស «មួយដំបរស្វា» ប៉ុណ្ណោះ និងមិនបានបញ្ជាក់ ពីសម្លេងរបស់ពលរដ្ឋកម្ពុជាភាគច្រើន ដែលបានបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជាឡើយ។ 

ប៉ុន្តែនៅបន្ទាប់ ពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញាកន្លងមក រលកនៃការជំទាស់នៅក្រៅស្រុក ទំនង​ជាមានកម្លាំងខ្លាំងក្លា ជាងពេលណាៗទាំងអស់។ រាប់ចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧មក បាតុកម្មបានផ្ទុះឡើង នៅគ្រប់ជ្រុងជ្រោយ​ទាំងអស់ នៃពិភពលោក ដើម្បីទាមទារឲ្យដោះលែង លោក កឹម សុខា។ នេះគេនៅមិនទានរាប់បញ្ចូលផងទេ នូវបាតុកម្មផ្សេងទៀត ដែលនឹងគ្រោងរៀបចំធ្វើ នៅមុខស្ថាប័នសំខាន់ៗ ដូចយ៉ាងបាតុកម្ម ថ្ងៃទី១៥ ខែកញ្ញា នៅមុខក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងថ្ងៃទី១៨ ខែកញ្ញា នៅខាងមុខសហភាពអ៊ឺរ៉ុប ក្នុងរាជធានីព្រុយហ្សែល ប្រទេសប៊ែលហ្សិកជាដើម៕

» វីដេអូ នៃក្រុមបាតុករនៅលើទីលាន«សិទ្ធិមនុស្ស» នៃវិមានត្រូកាដេរ៉ូ កណ្ដាលរដ្ឋធានីប៉ារីស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...