សង្គមស៊ីវិលនិងសហជីព «សាទរ»ការមិនប្រើកម្លាំងបង្ក្រាបរបស់អាជ្ញាធរ (vdo)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្បួនដង្ហែររបស់ក្រុមអ្នករងគ្រោះដោយការរំលោភបំពានដីធ្លី បានធ្វើការតស៊ូមតិ តាមរយៈការហែរក្បួន ដាក់ញត្តិទៅក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ និងតាមបណ្តាសស្ថានទូតនានាមួយចំនួនទៀត។ ក្នុងថ្ងៃជាមួយគ្នានេះដែរ តំណាងសហជីពបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដែលមានសហជីពចំនួនប្រាំបួន និងតំណាងសហជីពតាមបណ្តារោងចក្រមួយចំនួន ដែលមានសមាជិកជិត២០០នាក់ ជាមួយនឹងវត្តមាននៃព្រះសង្ឃប្រហែលជិតមួយរយអង្គ ក៏បានធ្វើការដង្ហៃរជាក្បួនទៅកាន់ព្រះអង្គដង្កើ មុខព្រះបរមរាជវាំងប្រកបដោយសន្តិភាព។
ការជួបប្រជុំគ្នារវាងក្រុមអ្នកតវ៉ា នៅក្បែរព្រះអង្គដងកើរ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ការទាមទារសិទ្ធិ -ការដង្ហែរក្បួននៃក្រុមទាំងពីរ ដោយឡែកៗពីគ្នានេះ គេសង្កេតឃើញថា មិនមានការរារាំង ឬបង្ក្រាបពីក្រុមប្រដាប់អាវុធ ឬក្រុមសន្តិសុខនៃសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញនោះឡើយ។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងថាប្រជាពលរដ្ឋ សហជីពដែលធ្វើការទាមទារ ដោយមានការដង្ហែរ ក្នុងការដាក់ញ្ញតិទៅកាន់ស្ថានទូត ឬស្ថាប័នរដ្ឋនានាតែងតែប្រកាន់នូវជំហររបស់ខ្លូនដោយអហិង្សា និងតាមទិសដៅកំណត់របស់ខ្លូន។ លោកបានបន្តរថា ពេលដែលក្បួននដង្ហែរម្តងៗរបស់ប្រជាពលរដ្ឋ និងសហជីពចេះតែមានការរំខានពីក្រុមអាជ្ញាធរ នោះហើយជាមូលហេតុនៃការប៉ះទង្គិចគ្នា។ «ព្រិត្តិការណ៍មួយមានអ្នកចូលរូមតិចទេ តែដល់ពេលកម្លាំងដាក់មកព្រឹប ឃើញថាព្រឹត្តិការណ៍នោះនឹងផ្ទុះឡើងធំភ្លាម។»
តាមការទទួលបញ្ជាពីលោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ ដែលកំពុងមានវត្តមាន ពីផ្នែកម្ខាងទៀតមុខព្រះបរមរាជវាំង ស្ថិតនៅខាងជើង ឈាងខាងកើតនោះ លោក គឹម វុធថា តំណាងឲ្យសាលាខណ្ឌដូនពេញ និងជាប្រធានក្រុមសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបញ្ជាក់ជាមួយលោក រ៉ុង ឈុន ក៏ដូចជាលោក អាត់ ធុន ក្បែរព្រះអង្គដងកើរថា ខាងសាលាខណ្ឌមិនចង់ឲ្យមានការកកស្ទះចរាចរ ដោយសារតែការជួបជុំ ឬដង្ហែរក្បួននោះទេ។ «កន្លងមកតែងតែមានការដង្ហែរជាក្បួន ដែលធ្វើឲ្យចរាចរមានការកកស្ទះ។ (…) បើដាក់តាមទូត សុំកុំឲ្យមានការដើរដង្ហែរជាក្បួន ឬមានដូចជាម៉ូតូកង់ដីជាដើម។»
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីព (CCAWDU) បានលើកឡើងថា សកម្មភាពនៃការដាក់នោះ (វា) មិនអាចធ្វើឡើងដោយស្ងៀមស្ងាត់បាននោះទេ តែងតែមានគ្នាច្រើនជាងធម្មតា។
ឯប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ក៏បានបន្ថែមថា «(វា)កកស្ទះតែមួយភ្លេតទេ តែលោកត្រូវចាំ ដូចជាព្រឹត្តិការណ៍នៅមុខក្រសួងព័ត៌មាន កម្លាំងអ្នកចូលរួម តិចជាងកម្លាំងអាជ្ញាធរមកបង្ក្រាប។ (វា) មិនមែនកកស្ទះដោយសារតែអ្នកចូលរួមទេ កកស្ទះដោយសារតែកម្លាំងអាជ្ញាធរហ្នឹង មកធ្វើសកម្មភាពតែផ្តេសតែផ្តាស។»
ប្រធានសហព័ន្ធសហជីព (CCAWDU) លោក អាត់ ធុន ក៏បានធ្វើការថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរ ឬក្រុមសណ្តាប់ធ្នាប់ដែលតែងតែមកវាបង្ក្រាប ឬចាប់តំណាងអ្នកដឹកនាំនាពេលកន្លងមក។ លោកក៏បង្ហាញថា កុំឲ្យសាលាខណ្ឌមានការព្រួយបារម្ភចំពោះការហែរដាក់ញតិទាំងនោះ ព្រោះវាមិនបណ្តាលឲ្យមានការកកស្ទះឡើយ ឲ្យតែខាងខណ្ឌកុំមកធ្វើការរារាំង និងជួយសម្រួលនោះវានឹងចប់ ហើយគ្មានរឿងអ្វីកើតឡើងនោះទេ។ «យើងបំបែកគ្នាជាក្រុមតូចៗ ដាក់ញតិទៅតាមស្ថានទូត ដោយឡែកៗពីគ្នា មានចំនួនតិច នោះមិនមានការស្ទះចរាចរឡើយ។ (…) ដល់ពេលធ្វើកូដកម្មធំ យើងនឹងជូនដំណឹងតាមផ្លូវច្បាប់។»
ចំណែកលោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្មកម្ពុជា បានសារទចំពោះការមិនប្រើកម្លាំងអាជ្ញាធរមកធ្វើការរារាំង ឬរំខានក្នុងថ្ងៃនេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សូមបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាទាំងឡាយ។ ព្រោះអំពើហិង្សាមិនមែនជាដំណោះស្រាយទេ។ យកបញ្ហាប្រជាពលរដ្ឋមកដោះស្រាយ នោះទើបជាដំណោះស្រាយ។»
សម្រាប់លោក ណៃ វ៉ង់ដា បានលើកឡើងថា អាជ្ញាធរចាប់ផ្តើមយល់ដឹង ក្នុងការអនុញ្ញាតិឲ្យមានការបញ្ចេញនូវសិទ្ធិសេរីភាព ការតវ៉ា ការទាមទារ ពិសេសការស្នើសុំដោះលែងអ្នកទាំង២៣នាក់នេះ។ លោកថា «អាជ្ញាធរគួតែបន្តឲ្យសេរីភាពក្នុងការជួបជុំ ការដាក់ញ្ញតិ (…) ការរារាំង ការវាយបង្ក្រាប មិនមែនជាដំណោះស្រាយទេ។ (វា) ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៅវិញទេ។ តែប្រសិនជាអនុញាតិឲ្យធ្វើយ៉ាងរលូនចឹង នោះដំណើរការគ្មានបញ្ហា និងក៏បញ្ចប់ទៅយ៉ាងរលូន គ្មានការកកស្ទះចរាចរ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ តែបើមានការរារាំង ការបង្ក្រាប នោះវាធ្វើឲ្យមានភាពរញ៉េរញ៉ៃក្នុងសង្គមទៅវិញទេ។»
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១០ ខែកុម្ភៈនេះ ក៏បានការដាក់ញតិនៅតាមបណ្តាខេត្តក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា នឹងនៅតាមប្រទេសជាច្រើនទៀតក៏បានជួបជុំគ្នា ដើម្បីទាមទាឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំង២៣នាក់ ដែលកំពុងបន្តរជាប់ពន្ឋនាគារត្រពំាងផ្លុង(ម៣) ក្នុងខេត្តកំពង់ចាមក្នុងថ្ងៃទី១១ ខែកុម្ភៈស្អែកនេះ។ ជាមួយគ្នានេះក៏មានការទាមទារឲ្យមានការតម្លើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ ដល់កម្មករទាំងអស់គ្រប់វិស័យ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤