ម៉ម សូណង់ដូ៖ រដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ មិនមែនពលរដ្ឋទេ
ប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ បានរិះគន់ដោយឥតសំចៃមាត់ថា រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នករំលោភរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដ ចំណែកឯពលរដ្ឋកម្ពុជាមិនបានរំលោភរដ្ឋធម្មនុញ្ញនោះទេ តែពួកគេគឺជាជនរងគ្រោះ ពីការរំលោភដោយរដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - ក្នុងពិធីហែញត្តិដាក់តាមស្ថានទូតនានា ទាមទារឲ្យដោះលែងលោក វន់ ពៅ និងជន២២នាក់ផ្សេងទៀត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះ លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ បានអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានថា អ្វីដែលពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានធ្វើ គឺដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រធានវិទ្យុសំបុកឃ្មុំរូបនេះបានបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្នដឹកនាំប្រទេស តាមគណបក្សនយោបាយ ហើយរំលងការគោរពរដ្ឋធម្មនុញ្ញ។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា៖ « រដ្ឋាភិបាលតែងចោទប្រជាពលរដ្ឋថា រំលោភរដ្ឋធម្មនុញ្ញ ប៉ុន្តែផ្ទុយមកវិញ រដ្ឋាភិបាលទេដែលរំលោភរដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលកំពុងដើរលើផ្លូវខុស ដោយល្ងិតល្ងង់បំផុត ហើយមិនគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញ គឺគ្រប់គ្រងតាមគណបក្សនយោបាយ។ គាត់កំពុងញុះញង់ឲ្យពលរដ្ឋ និងសមត្ថកិច្ចឈ្លោះគ្នា (...)។ អ្វីដែលយើងធ្វើ គឺធ្វើតាមរបៀបអព្យាក្រិត្យ និងរដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍន៍ សន្តិភាព និងតម្លាភាព។ ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យខ្មែរឈ្លោះគ្នា»។
ជុំវិញការលើកឡើងរបស់លោក ម៉ម សូណង់ដូ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែសមត្ថកិច្ចរបស់រដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបដិសេធនូវរាល់ការចោទប្រកាន និងបានការពារប្រតិបត្តិការវាយបង្រ្កាបយ៉ាងចាស់ដៃ លើបាតុកម្មអហិង្សា ទាមទារហ្វ្រេកង់ទូរទស្សន៍ និងទាមទារកម្លាំងផ្សាយវិទ្យុបន្ត ដឹកនាំដោយលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។
គួរកត់សម្គាល់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ឬជាច្បាប់គ្រឹះរបស់កម្ពុជា តែច្បាប់នេះតែងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ អ្នកនយោបាយ អ្នកច្បាប់អ្នកវិភាគឯករាជ្យ និងមជ្ឈដ្ឋានមួយចំនួនទៀតយកមកបកស្រាយ ដើម្បីបម្រើផលប្រយោជន៍ ឬមហិច្ឆតានយោបាយរបស់ពួកគេ តាមតែរបៀបរៀងខ្លួន។
ចំពោះការបកស្រាយ«ខ្លឹមសារ»រដ្ឋធម្មនុញ្ញ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យកម្ពុជាបាន សង្កេតឃើញថា គណបក្សប្រជាជនម្ពុជាដែលជាគណបក្សគ្រប់គ្រងអំណាច និងគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ តែងលើកយក«មានត្រា» នៃច្បាប់រដ្ឋធម្មនុញ្ញ មកបកស្រាយវាយប្រហារលើគ្នាទៅវិញទៅមក ក្នុងហេតុផលកេងចំណេញនយោបាយ ជាបន្តបន្ទាប់។
ចំណែកឯកក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពួលដែលច្បាប់បានកំណត់ថា មានអំណាច ក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ ក៏ត្រូវបានមជ្ឈដ្ឋានមួយចំនួន ពិសេសអ្នកមាននិន្នាការនយោបាយទៅរកគណបក្សសង្រ្គោះជាតិ បានវាយតម្លៃថា គ្មានឯករាជ្យភាព ខណៈសមាសភាពនៃស្ថាប័ននេះ ភាគច្រើនមានប្រភពចេញមក ពីគណបក្សប្រជាជនកម្ពុជា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤