ជនជាតិដើមភាគតិចខេត្តព្រះវិហារ រង«ការរំលោភដីធ្លី»ពីក្រុមហ៊ុនចិន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: January 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជនជាតិដើមភាគតិចគួយ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរៀបរាប់ទុកលំបាករបស់ខ្លួន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលក្រុមហ៊ុនវិនិយោគចិនចំនួន ២ គឺក្រុមហ៊ុន ឡានហ្វេង និងក្រុមហ៊ុន រូយហ្វេង បានរំលោភបំពានមកលើដីស្រែចម្ការរបស់ពួកគេ។ ក្រុមជនជាតិដើមទាំងនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ ដោយដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងពីរនេះ កុំឲ្យវិនិយោគតទៅទៀត។
សន្និសិទសារព័ត៌ របស់តំណាងជនជាតិដើមភាគតិចគួយ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាលឺម៉ង់ មេត្តាហៅស៍ (Meta House) នៅថ្ងៃទី២៨ ខែមករានេះ(រូបថត MONOROOM.info/ Thyrith)
ជនជាតិដើមភាគតិច - តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ស្ថិតនៅក្នុងភូមិបុស្សធំ និងភូមិស្រែព្រាង ឃុំប្រមេរភូមិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានគ្នាប្រមាណជាង ២០ នាក់ នៅថ្ងៃអង្គារទី ២៨ ខែធ្នូ នេះ បានជួបជុំគ្នាធ្វើសន្និសិទកាសែតនៅភ្នំពេញ ដើម្បីបង្ហាញពីក្តីកង្វល់របស់ពួកគេ ក្នុងគោលបំណងផ្ញើសារទៅរដ្ឋាភិបាល ឲ្យបញ្ឈប់សកម្មភាពផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនវិនិយោគចិនចំនួន ២ គឺក្រុមហ៊ុន ឡានហ្វេង និងក្រុមហ៊ុន រ៉ូយហ្វេង ដែលបានរំលោភលើដីស្រែរបស់ជនជាតិភាគតិច។
នៅក្នុងសន្និសិទសារព័ត៌មួយ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាលឺម៉ង់ មេត្តាហៅស៍ (Meta House) នារាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមករានេះ តំណាងជនជាតិដើមភាគតិចគួយ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការឲ្យបានលឿន និងលុបអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចិនទាំងពីរ ដើម្បីទប់ស្កាត់ការរំលោភដីធ្លីរបស់ក្រុមហ៊ុនទាំងនេះ មកលើដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិចគួយ ដែលពេលនេះ ពួកគេកំពុងប្រឈមមុខនឹងការលំបាកក្នុងជីវភាពរស់នៅ។
ស្រ្តីជនជាតិដើមភាគតិចមួយរូបអ្នកស្រី សាន់ បានមានប្រសាសន៍ប្រាប់អ្នកការសែតថា ក្រុមហ៊ុនចិន ឡានហ្វេង និងក្រុមហ៊ុន រ៉ូយហ្វេង បានប្រើប្រាស់គ្រឿងចក្រមកឈូសឆាយបំផ្លាញដីស្រែចំការរបស់ជនជាតិដើមភាគតិចដែលកាន់កាប់តាងពី ឆ្នាំ ២០០០ មក។ ការរលោភបំពានពីក្រុមហ៊ុនចិនទាំងពីរនេះ បច្ចុប្បន្ននេះ បានធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចចំនួន ៣៦៧ គ្រួសារ ដែលស្មើនឹងចំនួន ១៨៨០ នាក់នៅក្នុងភូមិបុស្សធំ និងភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ស្រ្តីតំណាងជនជាតិដើមរូបនេះ ក៏បានរិះគន់ចំពោះប្រមុខរដ្ឋាភិបាលម្ពុជាផងដែរថា មុននឹងសម្រេចផ្តល់ដីសម្បទានដល់ក្រុមហ៊ុនចិនទាំងពីរនេះមិនបានសិក្សាមើលពីផលប៉ះពាល់ទៅលើជនជាតិដើមភាគតិចគួយឲ្យបានច្បាស់លាស់ ដោយចេះស្តាប់ការរាយការណ៍កុហករបស់មន្រ្តីស្នាក់ក្រោមទាំងមិនបានពិចារណា។ អ្នកស្រី សាន់ បានស្នើឲ្យរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហានេះ ដោយបញ្ឈប់សកម្មភាពផ្តល់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនទាំងពីរនេះតទៅទៀត។
តំណាងជនជាតិដើមមួយរូបទៀត លោក គង់ សន្ធិយា បានស្តីបន្ទោសថា ក្រុមហ៊ុនរបស់ចិនទាំងពីរនេះ បានរំលោភច្បាប់សិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន វប្បធម៌កន្លែងគោរពសក្ការៈបូជារបស់ជនជាតិដើមភាគិតិចគួយ។ តំណាងជនជាតិដើមរូបនេះ បានអះអាងថា អាជ្ញាធរមិនបានពិភាក្សាជាមួយនឹងប្រជាពលរដ្ឋឡើយអំពីផលប៉ះពាល់ទាំងនេះ គឺធ្វើតាមតែចិត្តរបស់ខ្លួន ហើយជាពិសេសគឺអាជ្ញាធរការពារក្រុមហ៊ុនជានិច្ចនៅពេលដល់ពលរដ្ឋតវ៉ា។
សូមបញ្ជាក់ថា ក្រុមហ៊ុនចិន ឡានហ្វេង និងក្រុមហ៊ុន រ៉ូយហ្វេង ខេមបូឌា អ៊ីធើណេសិនណលខាំភើនី ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យផ្តល់ដីសម្បទានសេដ្ឋកិច្ចកាលពីឆ្នាំ ២០១១ ដោយក្រុមហ៊ុន ឡានហ្វេងទទួលបានដីសម្បទានចំនួន ៩០១៥ ហិចតា និងក្រុមហ៊ុន រូយហ្វេង ចំនួន ៨៨៤១ ហិចតា ដើម្បីឲ្យធ្វើវិនិយោគដាំដំណាំកៅស៊ូ ដើមកាស្យា និងដើមអំពៅ ៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤