ទំនប់​វារី​អគ្គីសនី​អារ៉ែង៖ ជន​ជាតិ​ជង បារម្ភ​ពី​ការ​បណ្តេញ​ចេញ

ក្រុមជនជាតិដើមជន ដែលជាតិភាគតិចមួយដែលនៅលើទឹកដីខេត្តកោះកុង បានសម្ដែងការព្រួយបារម្ភ ពីផល​ប៉ះ​ពាល់ជាច្រើន ថានឹងអាចកើតមានដល់ជនជាតិផងខ្លួន ប្រសិនបើមានការសាងសង់ទំនប់វារីអគ្គីសនី ក្នុងស្ទឹង​អារ៉ែង។ ក្រុមជនជាតិដើមទាំងនេះ បានសង្កត់ធ្ងន់ ពីផលប៉ះពាល់ដ៏សំខាន់មួយ ទាក់ទងនឹងមុខរបរប្រចាំជនជាតិ​មួយនេះ ដែលតែងពឹងពាក់ទៅលើផលអាស្រ័យពីក្នុងព្រៃ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជនជាតិដើមជន ដែលជាតិភាគតិចមួយដែលនៅលើទឹកដីខេត្តកោះកុង បានសម្ដែងការព្រួយបារម្ភ ពីផល​ប៉ះ​ពាល់ជាច្រើន ថានឹងអាចកើតមានដល់ជនជាតិផងខ្លួន  ប្រសិនបើមានការសាងសង់ទំនប់វារីអគ្គីសនី ក្នុងស្ទឹង​អារ៉ែង។ ក្រុមជនជាតិដើមទាំងនេះ បានសង្កត់ធ្ងន់ ពីផលប៉ះពាល់ដ៏សំខាន់មួយ ទាក់ទងនឹងមុខរបរប្រចាំជនជាតិ​មួយនេះ ដែលតែងពឹងពាក់ទៅលើផលអាស្រ័យពីក្នុងព្រៃ។


ទិដ្ឋភាពមួយនៃស្រុកបុទុមសាគរ ខេត្តកោះកុង។ (រូបថត ខេត្តកោះកុង)

សិទ្ធិជនជាតិដើម - លោក វ៉ែន វ៉ន តំណាងសហគមន៏ជនជាតិជង បានលើកឡើងថា ប្រជាជននៅក្នុងសហគមន៍​របស់លោក មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើគម្រោងវារីអគ្គីសនីតំបន់អារ៉ែងត្រូវបានសាងសង់ឡើង។ ក្តី​ព្រួយ​បារម្ភ ដែលប្រជាជននៅទីនោះ មានខ្លាំងជាងគេនោះ គឺពួកគាត់អាចនឹងត្រូវបណ្តេញចេញ ពីតំបន់ដែលធ្លាប់​រស់នៅ​សុខសាន្ត។

តំណាងជនជាតិដើមរូបនេះ បានបញ្ជាក់ទៀតថា ប្រសិនបើមានការបណ្តេញ នោះនឹងមានផលប៉ះពាល់ជាច្រើន ដល់​ពួកគាត់ជាជនជាតិជង ដូចជាប៉ះពាល់ដល់មុខរបរ ព្រោះប្រជាជននៅនោះ ភាគច្រើនពឹងផលអាស្រ័យ ពី​ព្រៃឈើ​ដូចជារកជ័រ បោចវល្លិ៍ និងបោះផ្លែឈើជាដើម ។ មួយវិញទៀត វាក៏នឹងត្រូវរងការប៉ះពាល់ផងដែរ ទៅលើការចិញ្ចឹម​សត្វ​របស់ពួកគាត់ ព្រោះដីស្រែសម្រាប់ចិញ្ចឹមសត្វក្របី មានជាង៦០០ហិចតា និងមានសត្វក្របីជាង៣០០ក្បាល ប្រសិនបើគ្មានវាលស្រែទាំងនោះទេ សត្វក្របីរបស់គាត់នឹងស្លាប់ ដែលបង្កជាផលលំបាក​ក្នុងការប្រកបរបរកសិកម្ម។

លោកបន្តថា៖ «ប្រជាជននៅទីនោះ គាត់មិនចង់ចេញនោះទេ ព្រោះតំបន់នោះគាត់រស់តាំងពីកើតមក និងរស់​បាន​យ៉ាង​សុខសាន្ត មិនដែលកើតមានបញ្ហាអីនោះទេ។ ហើយបើមានការបណ្តេញ គាត់មិនដឹង​ទៅរស់នៅតំបន់ណា​នោះ​ទេ ម្យ៉ាងគាត់ជាជនជាតិជង គាត់មិនអាចរកស៊ីនៅទីផ្សារបានទេ។»

ការព្រួយបារម្ភមួយទៀត នៅពេលដែលធនធានធម្មជាតិរបស់គាត់ត្រូវបានបំផ្លាញ  ហើយនាំទៅដល់ការប្រឈម​មុខ​ខ្លាំងបំផុតនោះ គឺការអត់ឃ្លាន។ ពួកគាត់អាចនឹងប្រឈមមុខ នឹងការធ្វើកម្មករគេ ដែលកន្លងមកគាត់មិនដែល​ធ្វើ​កម្មករគេនោះទេ និងមួយវិញទៀតថ្វីត្បិតតែគាត់រស់នៅតំបន់ព្រៃភ្នំ តែគាត់មិនដែលដើរសុំទានអ្នកណាដែរ។

អ្នកស្រី ហាស់ ណី ជាប្រជាពលរដ្ឋនៅភូមិសំរោង ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង និងរស់នៅតាមដង​ស្ទឹង​អារ៉ែង បានប្រាប់ថាអ្នកស្រីមិនចង់​បាននោះទេ នូវទំនប់អគ្គសនីនៅតំបន់អារ៉ែងនេះ។ អ្នកស្រីបានរៀបរាប់ថា ប្រសិន​ណាបើទំនប់ត្រូវបានបង្កើតឡើង វានឹងប៉ះពាល់យ៉ាងខ្លាំង ដល់ទឹកដី ស្រែចំការ និងលំនៅដ្ឋាន និងធនធានធម្មជាតិ​របស់​ជនជាតិភាគតិចមួយនេះ។

ស្ត្រីជនជាតិជងរូបនេះ បានថ្លែងបន្តថា៖ «ខ្ញុំខ្លាចបាត់បង់បំផុត (គឺ)អ្វីដែលខ្ញុំធ្លាប់រស់នៅ មានសេរីភាព មានទិន្នផល​ទៅ​លើព្រៃឈើផ្ទាល់តែម្តង ទោះជាខ្ញុំនៅទីនោះ ក្រលំបាកខ្វះលុយកាក់ក៏ដោយ នៅទីនោះខ្ញុំអាចធ្វើស្រូវ​បានរាប់​តោនក្នុងមួយឆ្នាំ។ ប្រសិនបើធ្វើទំនប់វារីអគ្គីសនីនេះទៅ មិនដឹងជាពួកខ្ញុំមានទុក្ខលំបាកយ៉ាងណា? ដូច្នេះខ្ញុំមិនចង់​ចេញពីកន្លែងខ្ញុំទេ ខ្ញុំចង់រស់នៅជារៀងរហូត។ ម្យ៉ាងទៀត ខ្ញុំកង្វល់ទៅកូនចៅខ្ញុំជំនាន់ក្រោយ ថាតើពួកគេនឹងមាន​ទុក្ខ​កង្វល់យ៉ាងណា។»

ពាក់ព័ន្ធនិងផលប៉ះពាល់ ទៅលើអ្នកជំនាន់ក្រោយនេះដែរ លោក វ៉ែន វ៉ន បានឱ្យដឹងថា វានឹងប៉ះពាល់៖ ទី១. ដល់​ទំនៀម​ទម្លាប់ជនជាតិដើម ទី២. បាត់បង់ធនធានដែលធ្លាប់មានអញ្ចឹង ក្មេងជំនាន់ក្រោយនឹងមិនស្គាល់ និងទី៣. វា​ប៉ះពាល់ដល់មុខរបររបស់គាត់ ដែលធ្លាប់តែអាស្រ័យផលក្នុងព្រៃ។

លោកបានឱ្យដឹងទៀតថា កន្លងមកសហគមន៍របស់លោក ព្យាយាមរកកិច្ចអន្តរាគមន៍ ជាច្រើនលើកច្រើនសារ​ពី​អាជ្ញាធរ តែនៅតែមិនទទួលបានការឆ្លើយតបម្ដងណាឡើយឡើយ។ រីឯទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏នៅមិនទាន់​ស្វែងរកប្រតិកម្ម និងការបកស្រាយណាមួយ ពីមន្ត្រីរដ្ឋាភិបាលអ្នកទទួលខុសត្រូវបាននៅឡើយ នៅថ្ងៃនេះ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...