ទីជែរី ហង់រី ចាប់ផ្ដើមបង្វឹកបន្ទាប់ពីក្លាយជាគ្រូក្រុមម៉ូណាកូជាផ្លូវការ
ដូចអ្វី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ជូន តាំងពីមួយសប្ដាហ៍មុន ពីដំណើរមកដឹកនាំក្រុម ម៉ូណាកូ (AS Monaco) ជើងឯករងរដូវកាលមុន របស់ប្រទេសបារាំង ពីសំណាក់លោក ទីជែរី ហង់រី (Thierry Henry) ដែលធ្លាប់ជាកីឡាករខ្សែប្រយុទ្ធ ដ៏ល្បី នៅក្នុងក្រុមបាល់ទាត់ជាច្រើន រាប់ចាប់ពីក្រុម ម៉ូណាកូ នេះផង ដែលលោកបានចូលមកលេង តាំងពីលោកមានអាយុ១៧ឆ្នាំ។ គឺក្រុមបាល់ទាត់ ម៉ូណាកូ ជាអ្នកប្រកាស ដោយខ្លួនឯងថា លោក ទីជែរី ហង់រី បានក្លាយជាគ្រូបង្វឹក របស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃសៅរិ៍ សប្ដាហ៍មុននេះ។ បើតាមសារព័ត៌មានក្នុងប្រទេសបារាំង បានអះអាងថា លោកបានចុះកិច្ចសន្យា រយៈពេល៣ឆ្នាំ ដើម្បីដឹកនាំក្រុម ម៉ូណាកូ រាប់ពីពេលនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២១។