«បើ ណីម៉ា និង អ៊ឹមបាប៉េ ចុះហត្ថលេខាទាត់ឲ្យក្រុមប៉ារីស ខ្ញុំនឹងស្រាតជិះម៉ូតូ...»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 19, 2017
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បើ ណីម៉ា (Neymar) និងអ៊ឹមប៉ាប៉េ (Kylian Mbappé) ចុះហត្ថលេខាទាត់ឲ្យក្រុម ប៉ារីស នោះខ្ញុំនឹងស្រាតចុះជិះម៉ូតូ តាមមហាវិថី ឆ្សង់អេលីហ្សេ (Champs-Elysées)» នេះ ជាពាក្យសំដី«ភ្នាល់»របស់ ចនណាតង់ (Jonathan) អ្នកគាំទ្រមួយរូប របស់ក្រុមបាល់ទាត់ ប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain) ដែលបានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ នៅក្នុងពេលវេលានៃការផ្លាស់ប្ដូរកីឡាករ និងបន្ទាប់ពីសារពត៌មានជាច្រើន បានចុះផ្សាយពីពាក្យចចាមអារាម ដែលថាក្រុមប៉ារីស មានគម្រោងទិញយកកីឡាករទាំងពីរខាងលើ មកទាត់ឲ្យខ្លួន។
ជាងមួយខែក្រោយមក ពាក្យសំដីខាងលើនេះ ត្រូវបានម្ចាស់ខ្លួន យកមកអនុវត្តន៍ពិតប្រាកដមែន។ កាលពីព្រឹកព្រហមា ថ្ងៃអាទិត្យកន្លងមកនេះ នៅលើដងមហាវិថីដ៏ល្បីនៃរដ្ឋធានី ប៉ារីស បុរសឈ្មោះ ចនណាតង់ បានស្រាតអង្គុយបើកម៉ូតូរបស់ខ្លួន ដោយមានអមមកជាមួយ នូវអ្នកគាំទ្រជាច្រើននាក់ ផ្សេងទៀត។ នៅក្នុងវីដេអូ (ខាងក្រោម) ដែលបង្ហោះដោយក្រុមអ្នកគាំទ្រក្រុមប៉ារីស បានសរសេរបន្ថែមថា៖ «នៅរដ្ឋធានី ប៉ារីស យើងគោរពការភ្នាល់របស់យើង»។
ការគោរពពាក្យសំដីរបស់ខ្លួន របស់អ្នកគាំទ្រក្រុមប៉ារីសរូបនេះ ក៏ជាសារមួយ ប្រាប់ទៅអ្នកគាំទ្រក្រុមបាល់ទាត់ ដៃគូប្រជែងផ្សេងទៀត ដែលបានធ្វើការភ្នាល់ប្រហាក់ប្រហែលគ្នា នៅពេលនោះ ព្រោះនៅពេលដែលព័ត៌មាន នៃពាក្យចចាមអារាម ស្ដីពីការផ្ទេរកីឡាករទាំងពីរបានផ្ទុះឡើង គ្មាននរណាម្នាក់ជឿថា វានឹងអាចក្លាយជាការពិតបាននោះទេ។
កីឡាករ ណីម៉ា ត្រូវបង់ថ្លៃរំលោះកិច្ចសន្យា ឲ្យក្រុមប៉ាសឺឡូន (Barcelone FC) រហូតដល់ទៅ ២២២លានអ៊ឺរ៉ូ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិនៃការផ្ទេរកីឡាករកន្លងមក ខណៈកីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) អតីតកីឡាកររបស់ក្រុម ម៉ូណាកូ (Monaco FC) ក៏មានតម្លៃមិនថោកដែរ (១៨០លានអ៊ឺរ៉ូ) ហើយថែមទាំងត្រូវក្រុម ម៉ូណាកូ អះអាងថាមិនចង់លក់កីឡាកររូបនេះ ឲ្យទៅក្រុមប៉ារីសនោះទៀតផង។ ប៉ុន្តែ នៅថ្ងៃនេះ កីឡាករទាំងពីរបានចុះហត្ថលេខា និងកំពុងទាត់ឲ្យក្រុមប៉ារីស និងនាំជ័យជំនះរហូត ឲ្យក្រុមបាល់ទាត់ថ្មី របស់ពួកគេ៕