អតីតអគ្គលេខាធិការអាស៊ាន ស៊ូរិន ពិតសុវណ្ណ ទទួលមរណភាព
សារព័ត៌មានបាងកកប៉ុស្ដ៍ បានរាយការណ៍ថា លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បានដួល នៅមុនពេលលោកឡើងថ្លែង ក្នុងពិធី «Thailand Halal Assembly» ដែលប្រព្រឹត្តិទៅ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃសង្កាត់ «Bang Na» កណ្ដាលរាជធានីបាងកក។ លោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ «Ramkhamhaeng» និងបានទទួលមរណភាព នៅវេលាម៉ោង ១៥ និង០៧នាទី រសៀល។
លោក ស៊ូរិន ជាអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យថៃ និងបានឡើងធ្វើជារដ្ឋមន្ត្រីការបរទេស នៃប្រទេសថៃ នៅរវាងឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០០១ បន្ទាប់ពីលោកបានកាន់តំណែង ជាអនុរដ្ឋមន្ត្រីការបរទេស ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥។ កេរ្តិ៍ឈ្មោះលោក ស៊ូរិន មានភាពល្បីល្បាញខ្លាំង នៅពេលលោកបានក្លាយជាអគ្គលេខាធិការ អាស៊ាន ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១២។
លោកបានផ្តល់សន្ទរកថាមួយ កាលពីពីរសប្ដាហ៍មុន នៅក្នុងសន្និសីទអាស៊ាន ដើម្បីជាការរំលឹកខួប៥០ឆ្នាំ នៃសមាគមប្រជាជាតិមួយនេះ។
[...]