អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

សំណុំរឿងសមុទ្រចិនខាងត្បូង ជាសំណុំរឿងដែលគេទន្ទឹងរង់ចាំមើលខ្លាំងជាងគេ នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន​នៅ​ពេលនេះ ពីព្រោះវាធ្លាប់ជាសំណុំរឿងចម្រូងចម្រាសខ្លាំង កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីខែកក្កដា​កន្លងទៅ។ ភាពចម្រូងចម្រាសខ្លាំង រហូតធ្វើឲ្យកិច្ចប្រជុំនេះត្រូវបានបញ្ចប់ ដោយគ្មានសេចក្តីថ្លែងការណ៍រួម​ណាមួយ​ឡើយ ដែលជាករណីមិនធ្លាប់មានទេក្នុងប្រវត្តិអាស៊ាន។ មានសំណួរជាច្រើនបានចោទជាបញ្ហាថា ពាក់ពន្ធ័ទៅនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ក្នុងនាមកម្ពុជា​ដែលជា​ម្ចាស់ផ្ទះ នឹងត្រូវចាត់ចែងយ៉ាងណាចំពោះសំណុំរឿងដ៏ចម្រូងចម្រាសមួយនះ តើគេលើកយកវាមកជជែក​ដេញដោល​គ្នាដែរឬទេ ក្នុងកិច្ចប្រជុំកំពូលដែលមានវត្តមាននាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីអាមេរិកនោះ?
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ ​តាំងពី​ព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ការបរទេស ដែលគេទន្ទឹងរង់ចាំមើល​អំពីសំណុំរឿង​សមុទ្រ​ចិនខាងត្បូង។


ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូលលើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom

សំណុំរឿងសមុទ្រចិនខាងត្បូង ជាសំណុំរឿងដែលគេទន្ទឹងរង់ចាំមើលខ្លាំងជាងគេ នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន​នៅ​ពេលនេះ ពីព្រោះវាធ្លាប់ជាសំណុំរឿងចម្រូងចម្រាសខ្លាំង កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីខែកក្កដា​កន្លងទៅ។ ភាពចម្រូងចម្រាសខ្លាំង រហូតធ្វើឲ្យកិច្ចប្រជុំនៅពេលនោះត្រូវបានបញ្ចប់ ដោយគ្មានបានចេញនូវ សេចក្តីថ្លែង​ការណ៍រួម​ណាមួយ​ឡើយ ដែលជាករណីមិនធ្លាប់មានទេក្នុងប្រវត្តិអាស៊ាន។

មានសំណួរជាច្រើនបានចោទជាបញ្ហាថា ពាក់ពន្ធ័ទៅនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ក្នុងនាមកម្ពុជា​ដែលជា​ម្ចាស់ផ្ទះ នឹងត្រូវចាត់ចែងយ៉ាងណា ចំពោះសំណុំរឿងដ៏ចម្រូងចម្រាសមួយនះ។ តើគេលើកយកវាមកជជែក​ដេញដោល​គ្នាដែរឬទេ ក្នុងកិច្ចប្រជុំកំពូលដែលមានវត្តមាននាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីអាមេរិកនោះ?

មុនពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នាព្រឹកថ្ងៃសៅរ៍ទី១៧ លោកអគ្គលេខាធិការអាស៊ាន ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan)  បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំ​នៅពេលនេះ នឹងមិនមានភាពចម្រូងចម្រាស​ជុំវិញសមុទ្រចិនខាងត្បូង ដូចកាលពីខែកក្កដាទៀតទេ។

ដើម្បីបញ្ចៀសភាពចម្រូងចម្រាសនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចមិននិយាយ ពីសំណុំរឿងសមុទ្រ​ចិន​ខាង​ត្បូងនោះទេ។ រដ្ឋាភិបាលកម្ពុជា ដែលជាម្ចាស់ផ្ទះបានពន្យល់ថា សំណុំរឿងសមុទ្រចិនខាងត្បូងនេះ​ត្រូវបាន​រដ្ឋមន្រ្តី​ការបរទេសអាស៊ានលើកយកមកជជែកគ្នារួចហើយ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា និងនៅក្នុងកិច្ចប្រជុំរវាងមន្រ្តីចិន និងអាស៊ាន នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីចុងខែតុលាថ្មីៗកន្លងទៅនេះ។ តាមរយៈ​កិច្ចប្រជុំនេះ ចិន និងអាស៊ានបានព្រមព្រៀងគ្នារួចទៅហើយថានឹងបន្តគោរពតាមសេចក្តីថ្លែងការណ៍ DOC ដើម្បីជជែក​គ្នាបង្កើតជាក្រមប្រតិបត្តិ COC ដែលមានអនុភាពផ្លូវច្បាប់ជាង DOC។ ដូច្នេះ សំណុំរឿងនេះមិនគួរ​ត្រូវគេយកមកធ្វើជា​រឿងចម្រូងចម្រាសក្នុងកិច្ចប្រជុំពេលនេះទៀតទេ។

ទោះជាយ៉ាងនេះក្តី បើរដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពគ្នាបញ្ចៀស មិននិយាយដល់សំណុំរឿង​សមុទ្រចិន​ខាង​ត្បូង នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះក៏ដោយ ក៏មិនប្រាកដថា សំណុំរឿងដ៏ចម្រូងចម្រាសនេះ នឹងមិនត្រូវលើកឡើង​នៅក្នុង​កិច្ចប្រជុំ នៅថ្ងៃបន្តបន្ទាប់ទៀតនោះទេ ជាពិសេស នៅក្នុងជំនួបកំពូលរវាងអាស៊ាន និងប្រទេសដៃគូ ព្រមទាំងជំនួប​កំពូល​អាស៊ីបូព៌ា ដែលមានវត្តមាន ទាំងនាយករដ្ឋមន្រ្តីចិន វេន ជាប៉ាវ និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។

កាលពីព្រឹកថ្ងៃសៅរ៍នេះ អនុរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ជាថ្មីម្តងទៀត អំពីជំហរចិន ដោយបានលើកឡើងថា នៅ​ក្នុងជំនួបកំពូលនៅកម្ពុជាពេលនេះ គេមិនគួរយកបញ្ហាសមុទ្រចិនខាងត្បូងមកធ្វើជា«សំណុំរឿងសំខាន់នោះទេ» គួរតែ​ទុកឲ្យប្រទេសដែលជាប់ជម្លោះជាអ្នកដោះស្រាយបញ្ហានេះដោយខ្លួនឯង។ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស ហ៊្វូ យីង (Fu Ying) បានសង្កត់ធ្ងន់ថា បញ្ហាសមុទ្រចិនខាងត្បូង​ត្រូវតែដោះស្រាយ​ដោយប្រទេសដែលជាប់ជម្លោះ​ដោយ​ផ្ទាល់។ ចំណែក​ឯប្រទេសដែលមិនជាប់ពាក់ព័ន្ធ ជាពិសេសប្រទេសនៅ«ក្រៅ»តំបន់អាស៊ាន​ មិនគួរ«លូកដៃ»​ចូលជ្រៀតជ្រែក​ក្នុង​បញ្ហានេះឡើយ។

ចាប់តាំងពីលោកអូបាម៉ាកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិកកំពុងតែព្យាយាមបង្កើនឥទ្ធិពល នៅក្នុងតំបន់​អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល ហើយកន្លងមក អាមេរិកតែងតែព្យាយាមចូលពាក់ព័ន្ធ ក្នុងបញ្ហាសមុទ្រចិន​ខាង​ត្បូង ដោយលើកហេតុផលថា ជម្លោះនៅក្នុងតំបន់នេះអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិក។ ដូច្នេះហើយ បាន​ជាអ្នកវិភាគមួយចំនួនយល់ថា លោកអូបាម៉ា ដែលនឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកា នេះអាចនឹងបន្តលើកបញ្ហា​សមុទ្រ​ចិនខាងត្បូងនេះ នាជំនួបកំពូលអាស៊ានមួយនេះ៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...