សេចក្តីប្រកាសទីក្រុងភ្នំពេញ ស្ដីពីសិទ្ធិមនុស្សអាស៊ាន៖ ជាការចាប់ផ្ដើមមួយ
ភ្នំពេញ ៖បញ្ហាសិទ្ធិមនុស្សអាស៊ាន បានក្លាយ ជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ខណៈដែលប្រទេសជាសមាជិកទាំងអស់ បានព្រមព្រៀងគ្នា ក្នុងការបន្ថែមនូវអត្ថបទថ្មីមួយទៀត ទៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះ ព្រមទាំងបានដាក់បន្ថែម នូវបញ្ហាជម្លោះជនជាតិភាគតិច របស់ប្រទេសមីយ៉ាន់ម៉ា ទៅក្នុងអត្ថបទសម្រេចចុងក្រោយ នៃកិច្ចប្រជុំកំពូលនេះ។
លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ ពេលធ្វើសន្និសិតសារពត៌មានថ្ងៃទី១៨មិថុនា
នៅវិមានសន្ដិភាពទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Phnom Thom។
សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះ មានគោលបំណងក្នុងការ កាត់បន្ថយនូវ ការចាប់ខ្លួន និងការធ្វើទារុណកម្មខុសច្បាប់ ។ ប៉ុន្តែសេចក្តីប្រកាសនេះ ត្រូវបានរងនូវការរិៈគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមសកម្មជន និងក្រុមសង្គមនានាថា នៅមានភាពខ្វះចន្លោះជាច្រើន ដើម្បីឈានទៅរក ការធ្វើសេចក្តីសម្រេចនោះ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧប-នាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់ភ្នាក់ងារសារព័ត៌មានថា នេះ ជាចំណុចចាប់ផ្តើមសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិ មនុស្ស។
បន្ទាប់ពីការពិនិត្យទៅលើ សេចក្តីប្រកាសស្ដីពីសិទ្ធិមនុស្សនេះ រដ្ឋមន្ត្រីការទេសអាស៊ាន បានសម្រេចក្នុងការបន្ថែមនូវអត្ថបទថ្មី ក្នុងផ្នែកទីពីរនៃសេក្តីប្រកាស ដែលទាក់ទងទៅនឹងយន្តការក្នុងប្រតិបត្តិការ នៃអាស៊ានខ្លួនឯង។ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក កៅ គឹមហួន បានបង្ហាញនូវការកត់សម្គាល់ថា អត្ថបទថ្មីនេះ ផ្តោតទៅលើការពង្រឹង កិច្ចប្រតិបត្តិនូវសេចក្តីសម្រេច ដោយសមស្របតាមគោលដៅរបស់អន្តរជាតិ ក៏ដូចជាប្រទេសជាសមាជិកអាស៊ាន។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានពិភាក្សា ពីបញ្ហាជម្លោះរបស់ក្រុមជនជាតិភាគតិច ក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ព្រមទាំងបានសម្រេច ក្នុងការបញ្ចូលបញ្ហានេះ ក្នុងអត្ថបទ ចុងក្រោយ ដើម្បីធ្វើសេចក្តីសម្រេចនៅចុងបញ្ចប់ នៃកិច្ចប្រជុំ។
លោក កៅ គឹមហួន បានបន្តថា កថាខណ្ឌថ្មី នឹងត្រូវពិភាក្សាគ្នា ក្នុងការធានាដល់ការ ប្រតិបត្តិនូវសេចក្តីប្រកាស ឲ្យស្របក្នុងអំឡុងពេលនេះ ដោយអនុលោមតាមការប្តេជ្ញាចិត្តជាលក្ខណៈអន្តរជាតិ និងអាស៊ាន ដែលត្រូវធ្វើឡើងដោយ បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់។ លោកបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាល អាស៊ានផ្តោតលើបញ្ហាសិទ្ធិមនុស្ស នឹងបន្តក្នុងការស្វែងរកមធ្យោបាយ ដើម្បីជំរុញសេចក្តីប្រកាសទាក់ទង នឹងបញ្ហាសិទ្ធិមនុស្សនេះ។ លោកក៏បានទទួលស្គាល់ផងដែរថា បច្ចុប្បន្នសេចក្តីព្រាងនេះ ពិតជាមានលក្ខណៈពុំទាន់ពេញលេញមែន ប៉ុន្តែវាចាំបាច់ត្រូវធ្វើការចុះហត្ថលេខាសម្រេច ។
សូមបញ្ជាក់ថាពិធីចុះហត្ថលេខារួម របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា នេះទៅលើសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីការអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីសិទ្ធិមនុស្ស។
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ