កាសែតថៃបង្ហោះរូបថតមេដឹកនាំអាស៊ាន-អូស្ត្រាលី ដែលគ្មាន ហ៊ុន សែន
- ដោយ: កេសរ កូល ([email protected]) - ប៉ារីស ថ្ងៃទី១៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 19, 2018
- ប្រធានបទ: អាស៊ាន-អូស្ត្រាលី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតជាផ្លូវការមួយនេះ ជាស្នាដៃរបស់ជាងថតរូប លោក «Andrew Taylor» មកពីគេហទំព័រ «ASEAN in Australia» របស់រដ្ឋាភិបាលអូស្ត្រាលី ដែលជាគេហទំព័រ បង្កើតឡើងជាពិសេស សម្រាប់ព្រឹត្តិការណ៍ជំនួបកំពូល អាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា កន្លងមកនេះ។ បន្ទាប់មក រូបថតខាងលើ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» យកមកផ្សព្វផ្សាយបន្ត មុននឹងសារព័ត៌មានដទៃ យកទៅបង្ហោះ នៅលើកាសែតបោះពុម្ភ គេហទំព័រ និងនៅលើបណ្ដាញសង្គម ជាបន្តបន្ទាប់ព្រោងព្រាត។
» រូបថតផ្លូវការ ដែលផ្សាយនៅលើទំព័រទ្វីសធើរ របស់គេហទំព័ររដ្ឋាភិបាលអូស្ត្រាលី៖
Leaders' Dinner #ASEANinAus Special Summit 2018 pic.twitter.com/x62setDrvX
— ASEAN-Australia (@ASEANinAus) 17 mars 2018
សារព័ត៌មានថៃ ជាភាសាអង់គ្លេស «The Nation» ក៏បានយករូបថតនេះ ទៅផ្សព្វផ្សាយដែរ។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន សារព័ត៌មាននេះបានរៀបរាប់ ពីមេដឹកនាំទាំងអស់ នៅក្នុងរូបថត ដែលគ្មានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅជាមួយឡើយ។
ទំព័រហ្វេសប៊ុករបស់ «The Nation» បានសរសេរជាភាសាអង់គ្លេសថា៖ «កាលពី[ល្ងាច]ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាលកូម ធើនប៊ូល (ទីប្រាំរាប់ពីឆ្វេង) បានថតរូប ជាមួយមេដឹកនាំអាស៊ាន (ពីឆ្វេងទៅស្ដាំ)៖ នាយករដ្ឋមន្ត្រីឡាវ លោក ថោនលួន ស៊ីស៊ូលីត - នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ្វុក - ស៊ុលតង់ប្រ៊ុយណេ ព្រះចៅ ហាសាណាល់ បូលគីយ៉ាហ - ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាចាក់ - នាយករដ្ឋសិង្ហបូរី លោក លី ស៊ានឡុង - នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអស្ចារ្យ - ទីប្រឹក្សារដ្ឋភូមា អ្នកស្រី អ៊ុង សានស៊ូជី - រដ្ឋលេខាធិការការបរទេសហ្វីលីពីន លោក អេឡេន ភីធើ កាយ៉េតាណូ និងអគ្គលេខាធិការអាស៊ាន លោក លីម ចុក ហយ។ ការថតរូបនេះ ធ្វើឡើង ក្នុងពិធីលាងអាហារពេលល្ងាចមួយ បន្ទាប់ពីជំនួបកំពូលពិសេស អាស៊ាន-អូស្ត្រាលី។»។
ចុះលោក ហ៊ុន សែន ដែលជាមេដឹកនាំមួយ ក្នុងចំណោមមេដឹកនាំទាំង១០ នៃសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) បាត់មុខទៅណា? នៅយប់ថ្ងៃទី១៧ ខែមីនានោះ គេឃើញលោក ហ៊ុន សែន កំពុងចូលរួម ក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រ ខ្មែរ-អូស្ត្រាលី-ញ៉ូហ្សេឡែន ប្រមាណជា៦០០នាក់ នៅក្នុងសណ្ឋាគារ «Four Season» នៃក្រុងស៊ីដនី។ ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ក៏បានផ្សាយផ្ទាល់ ពីពិធីជួបជុំមួយនេះដែរ។
សម្រាប់ពិធីលាងអាហារ ជាមួយមេដឹកនាំអាស៊ាន-អូស្ត្រាលីវិញ មានការចូលរួម ត្រឹមតែរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ប៉ុណ្ណោះ។ ខាងក្រោមនេះ ជារូបថតផ្លូវការមួយទៀត ដែលមានលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រី និងមន្ត្រីការបរទេសផ្សេងទៀត របស់ប្រទេសសមាជិកអាស៊ាន និងប្រទេសអូស្ត្រាលី កំពុងឈរថតរួមគ្នា ក្នុងពិធីលាងអាហារ នាវេលាល្ងាចនោះ៕