យុទ្ធនាការ​ប្រមាញ់ ហុង សុខហួរ ពី​បទ​«ក្បត់​ជាតិ»​របស់ ហ៊ុន សែន

ភ្លាមៗក្រោយការថ្លែងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកល​វិទ្យាល័យ​មួយ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា បានផ្ដើមយុទ្ធនាការប្រមាញ់មួយ តាម​ចាប់​ខ្លួន​លោក ហុង សុនហួរ​ សមាជិក​ព្រឹទ្ធសភា​មួយ​រូប ពីគណបក្សសមរង្សី ទាក់ទងនឹងទង្វើមួយ ដែលលោក ហ៊ុន សែន បាន​ហៅ​ថា ជា​អំពើ​«ក្បត់​ជាតិ»។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 13, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អំបាញ់ម៉ិញ រដ្ឋមន្ត្រីយុត្តិធម៌ក៏ចេញ មេប៉ូលីសក៏ចេញ។ កំពុងតែសកម្ម នៅខាងក្រៅ។» នេះជាការថ្លែង​ខ្លាំងៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញឲ្យដឹង ពីយុទ្ធនាការបានចាប់ផ្ដើមហើយ ក្នុងការតាម​ប្រមាញ់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ពីបទ«ក្បត់ជាតិ»។ ការថ្លែង​ឡើង​នេះ បានធ្វើឡើង ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU នៅវិទ្យាស្ថានជាតិអប់រំ នា​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។

លោក ហ៊ុន សែន បានចោទលោក ហុង​ សុខហួរ ដែលជាមន្ត្រីទទួលបន្ទុកខាងព្រំដែន របស់គណបក្ស​សង្គ្រោះ​ជាតិ ថាបានក្លែងសន្ធិសញ្ញា ស្តីពីព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលបានចុះហត្ថលេខា នៅពេលនោះ ដោយលោក ហេង សំរិន អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង​លោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាយករដ្ឋមន្ត្រីបីទសវត្សន៍កម្ពុជា បានហៅ​ការ​បង្ហាញ​អក្សរ​មួយ​ឃ្លា ដែលមានក្នុងវីដេអូ ធ្វើអត្ថាធិប្បាយដោយលោក​ សុខហួរ ផ្ទាល់នោះ ថាជា​ទង្វើ​ដ៏​ទុរចរឹត ក្នុង​ការ​ក្លែង​សន្ធិសញ្ញា ឬ​ក្លែង​ឯកសារសាធារណៈ ដែលមានន័យស្មើរ​ នឹងទង្វើ«ក្បត់ជាតិ»។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺយុទ្ធនាការដ៏ស្រុះគ្នាមួយ នៃសមាជិករដ្ឋាភិបាល និងមន្ត្រី​អាជ្ញាធរ​សាធារណៈ​មួយចំនួន ក្នុងការអនុវត្តន៍តាមបញ្ជា របស់លោក ហ៊ុន សែន ដើម្បីឲ្យមានការចាប់ខ្លូន លោក ហុង សុខហួរ។ ជាពិសេស នៅក្នុងការថ្លែងនោះ លោកនាយករដ្ឋមន្ត្រីថែមទាំង បានបង្ហើបឲ្យដឹង ពីរបៀបរបប​នៃ​ការចែករំលែងព័ត៌មាន នៅក្នុងជួរមន្ត្រីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះទៀត។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំគិតថា ថ្ងៃនេះមកសុខសប្បាយណាស់ (...) ប៉ុន្តែយប់ម៉ិញ វាធ្វើឲ្យ​ឯង​ដេកមិនលក់តែម្ដង ម៉ោងមួយជាងទៅហើយ នៅមិនហ៊ានវ៉ៃ (ទូរស័ព្ទ?) ចូលទៅទៀត ព្រោះក្រែងលោអស់​លោក ៗណ្នឹងសម្រាន្ដទៅ ឮសូរអាសម្លេងណ្នឹង ក្រោកមើល ព្រោះត្រូវវ៉ៃច្រើនហ្គ្រូបណោះ បួនហ្គ្រូប។ ប៉ុន្តែ​ដល់​ព្រឹកឡើង ប៉ុល សារឿន ថាអត់បានបើកមើលទេ តែម៉ិញថាមើល។ ប៉ា សុជាតិវង្ស នៅក្នុងគ្រូប (...) ថាអត់បាន​មើល ទើបនឹងទាញទូរស័ព្ទមកម៉ិញ។ ប៉ិនមាន ម៉ែន សំអន ទៀ បាញ់ អី គេឆ្លើយយ៉ាងរហ័ស បង សាយ ឈុំ សរ ខេង អី ឆ្លើយរហ័ស។ សុខ អាន អត់ឆ្លើយទេ តែដឹកនាំប្រជុំភ្លាម។ សម្ដេចភក្ដី សាយ ឈុំ ក៏កំពុងដឹកនាំ​ការ​ប្រជុំជាមួយគ្នា ជាមួយនឹងខាងអ្នកច្បាប់ ស្អីៗ។ រឿងមិនតូចតាច ធំណាស់។»

បន្ទាប់ពីការប្រកាស របស់លោក ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រ នៅខាងក្រៅឯណេះវិញ យុទ្ធនាការ​ឲ្យ​មានការស្វែង រកចាប់ខ្លួនលោក ហុង សុខហួរ នោះ ក៏ត្រូវបានធ្វើឡើង យ៉ាងពាសពេញ និងព្រោងព្រាត​ដែរ។ សេចក្ដីថ្លែងការណ៍មួយ របស់រដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហានេះ បានចាត់ទុកទង្វើរបស់ ហុង សុខហួរ គឺជាទង្វើឧក្រិដ្ឋ ប្រជាភិថុត និងបោកប្រាស់សាធារណមតិ។ សេចក្តីថ្លែងការណ៍នេះ បានសរសេរ​ថា៖ «សូមធ្វើការបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឧក្រិដ្ឋរបស់ឯកឧត្តម ហុង សុខហួរ ដែលបានក្លែងឯកសារសាធារណៈ ដើម្បីបម្រើឲ្យនយោបាយ ប្រជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់​សាធារណមតិ ដែលទង្វើនេះ បាននាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»។

រីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី វិញ បានធ្វើអត្ថាធិប្បាយ ថាការតាមឃាត់ខ្លួនបុគ្គល ឈ្មោះ ហុង សុខហួរ នេះ ជាកិច្ចការរបស់ស្ថាប័នអយ្យការ និងសមត្ថកិច្ចយុត្តិធម៌ ហើយថា ការតាមឃាត់ខ្លួន បានធ្វើឡើង បន្ទាប់ពីបុគ្គលនេះ បានប្រឌិតឯកសារសន្ធិសញ្ញា សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាង​សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ឆ្នាំ១៩៧៩។ លោក ស៊ីផាន បាន​សរសេរ​ឡើងថា៖ «ការផ្សព្វផ្សាយអត្ថបទប្រឌិត ឬក្លែងឯកសារជាសាធារណះនេះ គឺជាចំណែកមួយ នៃ​យុទ្ធនាការ​ឃោសនា បំភ័ន្ត និងញុះញ៉ង់ ក្នុងកិច្ចបង្កើតចលនាអំណាចមហាជន ដែលធ្វើឡើងដោយចេតនា ជាក្រុម ឬបុគ្គល នៃសមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី រូបនេះ»។

រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានពន្យល់ករណីរបស់លោក ហុង សុខហួរ នេះថា ជាការ​ប្រព្រឹត្តបទលើ្មស «ព្រហ្មទណ្ឌជាក់ស្តែង» ដែលអាចឈានទៅដល់ ការដកអភ័យឯកសិទ្ធិ និងការចាប់ខ្លួន នៃ​សមាជិកព្រឹទ្ធសភារូបនេះ។ លោក សន្តិភាព បានសរសេរ នៅលើគណនីហ្វេសប៊ុក របស់លោកថា៖ «អភ័យ​ឯក​សិទ្ធិសមាជិកព្រឹទ្ធសភា មិនអាចរារាំងការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណី​ប្រព្រឹត្ត​បទលើ្មស ព្រហ្មទណ្ឌជាក់ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តីពី​លក្ខន្តិកៈ​សមាជិកព្រឹទ្ធសភា។ សម្រាប់ករណីបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង គ្រប់បុគ្គលទាំងអស់ អាចចាប់​ខ្លួន​ជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។»

សូមបញ្ជាក់ថា នៅក្នុងវីដេអូរយៈពេលប្រមាណជា ១១នាទីបកស្រាយពីបញ្ហាព្រំដែន ហើយយកមកបង្ហោះ ចែក​ចាយលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១២ ខែសីហា លោក ហុង សុខហួរ បានយក​ឃ្លាមួយ មកបកស្រាយ។ ឃ្លានោះ ដែលលោកបានអះអាងថា ជាផ្នែកមួយ នៃមាត្រា ៤ របស់សន្ធិសញ្ញា​ឆ្នាំ១៩៧៩ រវាងកម្ពុជានិងវៀតណាម មានសេចក្ដីថា៖ «(...) ភាគីទាំងពីរនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិប្រទេសទាំងពីរ (...)»៕


សូមទស្សនាវីដេអូ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន យកមកធ្វើជាអង្គហេតុ ចោទលោក ហុង សុខហួរ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...