តំណាងរាស្ត្របក្សប្រជាជន ស្នើដកតំណែងអភិបាលក្រុងបាលុង
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 20, 2015
- ប្រធានបទ: អធិការកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាម្នាក់ ប្តឹងមន្រ្តីមកពីគណបក្សដូចគ្នានោះ ព្រោះចង់ការពារសន្លឹកឆ្នោត។ នេះ បើតាមការបញ្ជាក់ របស់លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្ស របស់សមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនៈគីរី។ លោក ប៊ូ ឡាំ តំណាងរាស្រ្តតែម្នាក់ របស់ខេត្តរតនគីរី មកពីគណបក្សកាន់អំណាច បានប្តឹងអភិបាលក្រុងបានលុងនេះ ព្រោះតែកិច្ចអភិវឌ្ឍន៍នានា ក្នុងក្រុងបានលុង មិនមានការសហការគ្នា រវាងអាជ្ញាធរមួលដ្ឋាន ប្រជាពលរដ្ឋ និងអាជីវករនោះឡើយ។
លោក ឆាយ អី បានលើកឡើងថា ការប្តឹងប្តល់គ្នា ក្នុងគណបក្សតែមួយ ជាចំហរនេះ ទំនងជាចង់បង្ហាញពីការគាំទ្រ និងយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ ពីសំណាក់តំណាងរាស្រ្តក្នុងមណ្ឌល។ លោកថា កិច្ចការនេះ អាចថាព្រោះតែខ្លាចបាត់បង់ ការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ និងខ្លាចបាត់សន្លឹកឆ្នោត។ ដូច្នេះ លោក ប៊ូ ឡាំ សមាសភាព នៃកូតាគណក្សតែមួយ ត្រូវបង្ខំចិត្ត ទទួលពាក្យបណ្តឹងពលរដ្ឋ ដែលមានចំនួនរាប់រយនាក់ និងស្នើលិខិត ទៅកាន់គណកម្មការទី៤ នៃរដ្ឋសភាតែម្តង។ លោក ឆាយ ធី បានថ្លែងទៀតថា៖ «បញ្ហាប្រជាពលរដ្ឋ មិនសម្បាយចិត្ត គណបក្សប្រជាជន គេអាចបាត់បង់សម្លេងឆ្នោត នៅថ្ងៃអនាគត។ នេះជាវិធានការ របស់គណបក្សប្រជាជន ត្រូវតែគិតគូរយ៉ាងណា កុំឲ្យប្រជារាស្រ្តមិនសប្បាយចិត្ត ងាកទៅបោះឆ្នោត ឲ្យគណបក្សផ្សេងទៀត។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីតំណាងរាស្រ្តតែម្នាក់គត់ សម្រាប់ខេត្តរតនគីរី លោក ប៊ូ ឡាំ បានទេ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។ តែយោងតាមលិខិត ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ដាក់ទៅកាន់គណកម្មការទី៤ (គណកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ) នៃរដ្ឋសភា បានស្នើសុំអន្តរាគមន៍ ដើម្បីដកតំណែង លោក អ៊ុក សំអុល ពីអភិបាលក្រុង បានលុង។
តាមលិខិតតំណាងរាស្រ្តដដែលនេះ មិនបានបង្ហាញ ពីមូលហេតុច្បាស់លាស់ទេ តែការស្នើសុំនេះ ព្រោះតែធ្វើតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ចំនួន២១១នាក់ ដែលប្តឹងសុំការអន្តរាគមន៍។ លោកតំណាងរាស្ត្រ បានសរសេរថា៖ «ប្រជាពលរដ្ឋចំនួន២១១នាក់ បណ្តឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ បានប្តឹងតាមរយៈតំណាងរាស្រ្ត ខេត្តរតនគីរី ដើម្បីឲ្យជួយអន្តរាគមន៍ ផ្លាស់ប្តូរលោក អ៊ុក សំអុល ចេញពីអភិបាលក្រុងបានលុង ខេត្តរតនគីរី។»
គិតមកត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥នេះ នៅមិនទាន់មានចម្លើយ ឬការឆ្លើយតបយ៉ាងណា នៅឡើយទេ ពីលោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា លើលិខិតស្នើសុំអន្តរាគមន៍ នៃតំណាងរាស្ត្រនេះ។ តែតាមការអះអាងរបស់លោក ឡុង រី អនុប្រធានគណកម្មការទី៤ នៃរដ្ឋសភា បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីថា ករណីនេះ ស្ថិតក្នុងចំណាត់ការផ្ទាល់ របស់លោក ហ៊ុន ណេង ដែលជាប្រធាន និងក៏គ្មានការប្រជុំពិភាក្សាណាមួយ ពីរឿងនេះដែរ។
អនុប្រធានគណកម្មការទី៤ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បន្តថា គណកម្មការ អាចនឹងមិនធ្វើការដោះស្រាយឡើយ លោកថារឿងនេះ អាចជាកិច្ចការ ឬជម្លោះផ្ទៃក្នុងបក្ស (បក្សប្រជាជន)។ លោកតំណាងរាស្ត្រ ពីគណបក្សប្រឆាំង បានបញ្ជាក់ថា៖ «ទីមួយ ទាក់ទងនឹងផ្ទៃក្នុងគណបក្សផង។ ទីពីរ គណកម្មការមិនធ្វើការអង្កេត ទាក់ទងនឹងរឿងមុខងារ និងតួនាទីទេ។ (...) នេះជារឿងផ្ទាល់ របស់តំណាងរាស្រ្តក្នុងមណ្ឌល ជាមួយឯកឧត្តម ហ៊ុន ណេង ទេ។ ចឹងខ្ញុំមិនបានដឹង ពីដំណោះស្រាយផ្ទៃក្នុង បែបយ៉ាងណាទេ ព្រោះនេះជារឿងបក្ស ដែលគេតម្រូវ។ (...) យើងធ្វើការទូទៅតែទៅលើ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស ទាហាន មុខងារសាអារណៈប៉ុណ្ណោះ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំប្រតិកម្មតប ពីលោក អ៊ុក សំអុល អភិបាលក្រុងបានលុង នៃខេត្តរតនគីរី បាននៅឡើយទេ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។
សូមបញ្ជាក់ថា អតីតនាយករងសាលាខេត្តរតនគិរី លោក អ៊ុក សំអុល ត្រូវបានមកកាន់តំណែង ជាអភិបាលក្រុង បានលុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤កន្លងមក ជំនួសលោក លី វិន្ទ ដែលត្រូវធ្វើជាអភិបាលរងខេត្តរតនគិរីវិញ។ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ លោក អ៊ុក សំអុល ទំនងជាបានធ្វើអ្វី អនុម័តដោយខ្លួនឯង មិនមានការសហការល្អ ជាមួយមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមអាជីវករឡើយ ដែលជាមួលហេតុ នាំឲ្យប្រជាពលរដ្ឋ មិនអាចទទួលយកបាន និងស្នើពាក្យបណ្តឹង ទៅកាន់តំណាងរាស្រ្ត របស់ខ្លួនតែម្តង។ នេះ បើតាមការអះអាង របស់លោក ឆាយ ធី៕