មឿង សុន៖ សាវតារត់ចោលស្រុក ព្រោះតុលាការ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 20, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការនិរទេសខ្លួន ទៅនៅបរទេស អស់រយៈពេលជាង៥ឆ្នាំ របស់ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានធ្វើឡើង មុនពេលតុលាការកម្ពុជា សម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ ១៥លានរៀល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅ។ លោក មឿង សុន ត្រូវបានរដ្ឋាភិបាល តាមរយៈ ទីស្តីការគណរដ្ឋមន្រ្តី ប្តឹងទៅតុលាការ ហើយត្រូវបានតុលាការ ចោទប្រកាន់ពីបទ «ផ្សាយព័ត៌មានមិនពិត» ពាក់ព័ន្ធនឹងការរិះគន់ ក្នុងការដាក់អំពូលភ្លើង លើជញ្ជាំងប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាពេលយប់ កាលពីឆ្នាំ២០០៩។
សូមរំលឹកថា មុននឹងឈានដល់ ការប្ដឹងផ្ដល់ របស់ទីស្តីការគណរដ្ឋមន្រ្តីខាងលើ លោក មឿន សុន បានធ្វើសន្និសីទ សារព័ត៌មានមួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩ រិះគន់ពីរដ្ឋាភិបាល ដែលអនុញ្ញាត ឲ្យក្រុមហ៊ុនចិនមួយ ធ្វើសកម្មភាព ដាក់អំពូលភ្លើង តាមជញ្ជាំងប្រាសាទ ថានឹងប៉ះពាល់ ដល់ថ្មប្រាសាទបុរាណខ្មែរ។
ពាក់ព័ន្ធនឹងការលើកឡើង របស់លោក មឿន សុន ក្នុងសន្និសីទសារព័ត៌មាននោះ អាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងក្នុងតំបន់អង្គរ ធ្លាប់បានថ្លែង ពាក់ព័ន្ធនឹងការដាក់ អំពូលភ្លើងនោះថា មិនមានអ្វីប៉ះពាល់ ដល់ប្រាង្គប្រាសាទឡើយ។ តែយ៉ាងណា អំពូលភ្លើង ដែលត្រូវបាន បំពាក់ដាក់ជាប់ នឹងជញ្ជាំងប្រាសាទ ក្រោមការវិនិយោគ របស់ក្រុមហ៊ុនចិនឈ្មោះ ស៊ូជីង នោះ ក៏ត្រូវបាន«រុះរើអំចេញអស់» ភ្លាមៗដែរ។
ក្នុងឆ្នាំ២០០៩ ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានសាលាឧទ្ធរណ៍សម្រេច ដោយកំបាំងមុខ បានតម្កល់សេចក្តីសម្រេច របស់តុលាការរាជធានី ដោយរក្សាការផ្តន្ទាទោស ក្នុងពន្ធនាគារ រយៈពេលពីរឆ្នាំដដែល តែបានសម្រេចបន្ថយ ប្រាក់ពិន័យពី១៥លានរៀល មកត្រឹម៤ លានរៀល និងកែប្រែបទចោទ ពីបទ«បទផ្សាយព័ត៌មានមិនពិត» មកជាបទ «បទញុះញង់» វិញ ដើម្បីឲ្យស្របតាម «ក្រមព្រហ្មទណ្ឌថ្មី» និងដើម្បីបើកផ្លូវឲ្យតុលាការ អាចកាត់ទោសលោកបាន។
កន្លងមក មុនពិធីថ្វាយព្រះភ្លើង ព្រះបរមសព បរមរត្តកោដ្ឋ សម្តេចព្រះមហាវីរក្សត្រ លោក មឿន សុន ធ្លាប់ស្នើលិខិត ថ្វាយព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ ព្រះរាជទានលើកលែងទោស ដូចជាអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សមួយចំនួន ដូចជាប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី, នាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ និងអ្នកបឹងកក់ជាដើម។ តែការស្នើសុំនេះ បានជួបបរាជ័យ ដោយគ្មានការឯកភាព ពីលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបីទសវត្សន៍ របស់កម្ពុជា។
ប៉ុន្តែ នៅទីបំផុត និងក្រោយពីលោក មឿង សុន បានជួបដោយផ្ទាល់ ជាមួយលោក ហ៊ុន សែន កាលពីចុងខែមេសា ក្នុងរដ្ឋធានីកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនោះមក ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានរួចទោស ដោយមិនបានអនុវត្តទោស។ ព្រះរាជក្រឹត្យចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ របស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តម សីហមុនី ដែលបានបើកផ្លូវឲ្យលោក មឿង សុន អាចវិលត្រឡប់ ចូលមកប្រទេសកំណើតវិញ កាលពីរសៀល ថ្ងៃទី១៨ ខែឧសភាកន្លងមក បានសរសេរថា៖ «ត្រូវបានលើកលែងទោស ឲ្យទណ្ឌិតឈ្មោះ មឿង សុន ភេទប្រុស អាយុ ៦២ឆ្នាំ ដែលត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ តាមអំណាចសាលដីកាស្ថាពរ លេខ ៨១ ចុះថ្ងៃទី ១១ មេសាឆ្នាំ២០១២ របស់តុលាការកំពូល។ (...) សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តឲ្យបានសម្រេច តាមព្រះរាជក្រឹត្យនេះ។»
គេសង្កេតឃើញថា ការលើកលែងទោស ដល់លោក មឿន សុន នាពេលនេះ បានធ្វើឡើង បន្ទាប់ពីបរិយាកាស នៃនយោបាយកម្ពុជា មានភាពប្រសើឡើង និងក្រោយពេលសកម្មជនដីធ្លី ត្រូវបានតុលាការទម្លាក់ចោល បទចោទ រួមទាំង សកម្មជន និងតំណាងរាស្រ្ត បក្សប្រឆាំង ត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំ និងការដាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ដោយតុលាការ៕