ក្រុង​សៀមរាប ជាប់​លេខ​៧​ប្រចាំ​ឆ្នាំ​២០១៤ ខាង​ការ​រាក់​ទាក់​ទេសចរណ៍

គួរឲ្យមានមោទនភាពទាល់តែមែនទែន សម្រាប់ប្រជាជនកម្ពុជា ជាពិសេសពលរដ្ឋអ្នករស់នៅ ក្នុងក្រុងសៀមរាប​តែម្ដង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះទីក្រុងឈប់សំចត​របស់​អ្នក​ទេសចរណ៍ មុន​នឹង​ទៅទស្សនា​តំបន់ប្រាង្គ​ប្រាសាទ​បូរាណ​មួយ​នេះ មិន​មែន​ជា​ទិសដៅ​ខ្លាំង​ជាង​គេ​បង្អស់ ដែល​អ្នក​ទេសចរណ៍​ចង់​មក​ទស្សនា​ក៏​ដោយ តែ​ទីក្រុង​សៀមរាប បាន​ជាប់​ចំណាត់​ថ្នាក់​យ៉ាង​ហោច​ក៏​លេខ​៧ដែរ ពី​ក្នុង​ចំណោម​ទីក្រុង​ទាំង​១១ ដែល​ល្បី​ខាង​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍​បាន​ល្អ​​ជាង​គេ ក្នុង​លោក​យើង​នេះ។

ក្នុងចំណាត់ថ្នាក់នោះ គ្មាន​វត្តមាន​របស់​ទីក្រុង​ទេសចរណ៍​សំខាន់ៗ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ឡើយ ហើយ​ចំណាត់​ថ្នាក់​នេះ ក៏​មិន​បាន​លើក​ឡើង​ពី​ទីក្រុង​រាប់​សិប​ផ្សេង​ទៀត នៃ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​នោះ​ដែរ។ ប៉ុន្តែ​បណ្ដា​ជនជាតិ​អាស៊ី គួរ​តែ​មាន​មោទនភាព​ជា​មួយ​នឹង​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​ទីក្រុង​សៀមរាប​តែ​មួយ​គត់ ជា​ទីក្រុង​ក្នុង​ទ្វីប​អាស៊ី ដែល​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​មួយ នៅ​ក្នុង​ចំណោម​ទីក្រុង​ទាំង​១១ ដែល​ល្បី​ថា​ចេះ​ទទួល​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍ បាន​ល្អល្អះ​ជាង​គេ ប្រចាំ​ឆ្នាំ២០១៤​នេះ។

នេះជាចំណាត់ថ្នាក់ដែលបានរៀបចំឡើង ដោយគេហទំព័រ Condé Nast Traveler ដោយយោងទៅលើ​យោបល់ និងការដាក់ពិន្ទុ ដោយប្រិយមិត្ត (អ្នកប្រើប្រាស់ និងអ្នកអាន) របស់គេហទំព័រមួយនេះ។ គេហទំព័រ​នេះ ជាផ្នែកមួយ​នៃគ្រឹះស្ថានផ្សព្វផ្សាយ Condé Nast Publications ដ៏ធំមួយរបស់អាមេរិក ដែលគ្រប់គ្រង​លើ​ទស្សនាវដ្ដីជាច្រើន ទាំងនៅអាមេរិក​ និងទាំងនៅលើពិភពលោក។

ទីក្រុងសៀមរាប បានទទួលចំណាត់ថ្នាក់លេខ៧ ជាមួយនឹងពិន្ទុ ៨៣,៦។ គេហទំព័របានសរសេរសរសើរ​ទីក្រុង​ភាគខាងជើង នៃប្រទេសកម្ពុជាមួយនេះ ថាមានសណ្ឋាគារល្អៗ ជាមួយនឹងបុគ្គលិកប្រកបដោយ​គុណភាព មាន​អាគារសង់អំពីឈើ និងស្ថិតនៅក្បែរនឹងតំបន់ប្រាសាទអង្គរដ៏គួរឲ្យចង់ទស្សនា។

គេហទំព័របានសរសេរថា៖ «បើទោះជាទីក្រុងសៀមរាប មានពោរពេញទៅដោយសោភ័ណ្ឌភាព ចំណីអាហារ​ដ៏​ឆ្ងាញ់ពិសារ និងនៅក្បែរតំបន់ប្រាង្គប្រាសាទបូរាណដ៏ល្បីនោះក៏ដោយ តែប្រិយមិត្តរបស់យើងមិនអាច​អត់​ទ្រាំមិន​និយាយទៀត ថាបណ្ដាជនម្ចាស់ស្រុកនៅទីនោះ ជាមនុស្សដ៏ប្រសើរថ្លៃថ្លាជាងគេ»។ ប្រិយមិត្តម្នាក់​របស់​គេហទំព័រ​បានបន្ថែមថា៖ «ភាពអត់ធ្មត់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា បានធ្វើឲ្យខ្ញុំចងចាំជានិច្ច​ក្នុង​ជីវិតរបស់ខ្ញុំ»។

ទីក្រុងចំនួនពីរដែលទទួលបានលេខមួយ នៅក្នុងចំណាត់ថ្នាក់ទាំង១១ គឺរដ្ឋធានី អូក្លេន របស់ប្រទេស​ញ៉ូហ្សេឡេន និងរដ្ឋធានី មែលប៊ន របស់ប្រទេសអូស្ត្រាលី ជាមួយនឹងពិន្ទុ៨៦,០ ដូចគ្នា។ គេហទំព័របាន​សរសេរសរសើទីក្រុង​ទាំងពីរថា ពោរពេញដោយភាពរាក់ទាក់ មនុស្សម្នារស់នៅទីនោះ ចេះនិយាយកំប្លែង មានខ្យល់អាកាសល្អ ចំណី​អាហារស្រស់។ល។ រីឯទីក្រុងដែលជាប់នៅចំណាក់ថ្នាក់ទី១១ ក៏មានចំនួន​ពីរ​ដែរ​ស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុប នោះគឺរដ្ឋធានី ប៊ុយដាប៉េស របស់ប្រទេស ហុងគ្រី និងទីក្រុងសាលប៊ួរ របស់ប្រទេស​អូទ្រីស្ស។

ផ្ទុយមកវិញ គេហទំព័រនេះបានរៀបចំចំណាត់ថ្នាក់ដូចគ្នា សម្រាប់ទីក្រុងចំនួន១០ផ្សេងទៀត ដែលល្បីថា​មិន​សូវ​រាក់ទាក់ភ្ញៀវទេសចរណ៍ ក្នុងនោះមានរដ្ឋធានីប៉េកាំង របស់ប្រទេសចិន រដ្ឋធានប៉ារីស របស់ប្រទេសបារាំង ឬរដ្ឋធានីម៉ូស្គូ របស់​ប្រទេសរ៉ូស្សីជាដើម។ ថ្វីត្បិតតែទីក្រុង ឬរដ្ឋធានីធំៗទាំងនោះ ជាទិសដៅទេសចរណ៍​ដែល​គួរឲ្យចង់ទៅលេង​ខ្លាំង​ជាងក្រុងសៀមរាប របស់ប្រទេសកម្ពុជាក៏ដោយ តែភ្ញៀវទេសចរណ៍ដែលបានធ្វើ​ដំណើរ​ទៅកាន់ទីនោះ បានរអ៊ូរទាំ ពីភាពឈ្លើយរបស់អ្នករស់នៅ សម្បូរចោរឆក់ មានជាតិពុលក្នុង​បរិយាកាស​។ល។ ថាបានមករំខានដល់​ដំណើរកំសាន្ដ​របស់ពួកគេយ៉ាងខ្លាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...