ខ្លោងទ្វារអង្គរសង្ក្រាន្តថ្មី៖ គ្រាន់បើ តែជាបទពិសោធន៍លើកក្រោយ!
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 09, 2015
- ប្រធានបទ: វប្បធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសម្ដី ដែលបានធ្វើការ វាយប្រហាររិះគន់ ទំនងជានឹងបាត់ឥទ្ធិពលទៅវិញ បន្ទាប់ពីខ្លោងទ្វារចាស់ ត្រូវបានឆេះសល់តែតួ និងអ្នករៀបចំកម្មវិធីដ៏ធំនេះ បានសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរ ដាក់ខ្លោងទ្វារ «អង្គរសង្ក្រាន្ត» ថ្មីមួយ មកជំនួសវិញ។ រហូតមកដល់ពេលនេះ ក្រុមជាង កំពុងញាប់ដៃញាប់ជើង រុះរើខ្លោងទ្វារចាស់ និងរៀបចំតម្លើង តាមគំនូសពង្រាង ខ្លោងទ្វារថ្មី ដែលទើបនឹងគូរជាថ្មី។
ជាមួយនឹងផ្ទាំងគំរូប្លង់ នៃខ្លោងទ្វារថ្មី ចងភ្ជាប់នៅជិតខ្លោងទ្វារចាស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន បានបញ្ជាក់ថា ខ្លោងទ្វារលើកក្រោយនេះ មានលក្ខណៈជាខ្មែរ«ជាងមុន»។ រីឯការរិះគន់នានា ថាជា«ក្លោងទ្វារចិន-យួន» ដែលធ្វើតាមបណ្ដាញសង្គម ក៏ហាក់ដូចជា បានថមថយដែរ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បែរជាត្រឡប់ មកសរសើរខ្លោងទ្វារថ្មីនេះវិញ ថាអាចទទួលយកបាន។
អតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង និងដែលធ្លាប់ផ្ដល់មតិ ទៅលើខ្លោងទ្វារចាស់នោះ បានសំដែងការសប្បាយចិត្ត ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅពេលដែលលោកបានឃើញ ខ្លោងទ្វាក្រោយ ដោយលោកចាត់ទុកថា មានការបោះជំហានទៅរក រចនាបថខ្មែរច្រើនជាងមុន។ ប៉ុន្តែលោក នៅមិនទាន់យល់ស្របនៅឡើយថា ខ្លោងទ្វារនេះ បានបង្ហាញពីសភាពថ្កុំថ្កើនរុងរឿង នៃស្ថាបត្យកម្ម និងសិល្បៈខ្មែរ ដែលបានបុព្វបុរសបានបន្សល់ទុក ពីដើមរៀងមកនោះទេ។ ហើយកន្លែងខ្លះ នៃខ្លោងទ្វារថ្មី ក៏នៅមិនចំជាស្ថាបត្យកម្មនៃខ្លោងទ្វារនៅឡើយ ដូចករណីជើងពានទប់សរសរ ដែលធ្វើនៅខាងក្នុងជាដើម។
យ៉ាងណាក៏ដោយ បុរសចំណាស់វ័យច្រើនជាង ៧០ឆ្នាំរូបនេះ បានបន្តផ្ដល់យោបល់ សម្រាប់កម្មវិធីលើកក្រោយ ឬសម្រាប់ព្រឹត្តិការណ៍ណាផ្សេង ទៀតថា៖ «ស្ថាបត្យករ មានពេញស្រុក ហើយពួកគេ សុទ្ធតែទទួលបានការសិក្សាជំនាញ ខាងផ្នែកស្ថាបត្យកម្មបុរាណ និងពីសិល្បៈខ្មែរនេះ។ ហេតុអ្វី មិនផ្ដល់ឱកាសឲ្យពួកគេទាំងនោះ អាចបញ្ចេញស្នារដៃបាន?»
បើទោះជាលោករស់នៅ ក្នុងប្រទេសបារាំង តែលោក វ៉ា រឿន បានថ្លែងដោយមោទនភាពថា លោកបានតាមដានហេតុការណ៍នេះ តាំងពីដំបូងមក។ លោកពន្យល់ថា គេអាចផ្ដល់ឱកាសឲ្យស្ថាបត្យករទាំងនោះ តាមរយៈការប្រឡងប្រណាំងស្នាដៃ ឬអាចឲ្យនរណាមួយ ពីសហភាព ចូលទៅសុំយោបល់ ពីស្ថាបត្យករដែលមានបទពិសោធន៍ណាម្នាក់ ដើម្បីឲ្យស្នាដៃមួយនេះ នៅពេលសាងសង់ចេញមក មានតម្លៃជាសកល ឫតម្លៃនៃស្ថាបត្យកម្មខ្មែរមួយច្បាស់លាស់។
លោក បញ្ជាក់ថា៖ «ខ្ញុំឃើញ គេឲ្យបណ្ឌិតៗផ្នែកបុរាណវិទ្យា និងប្រវត្ដិសិល្បៈ មកធ្វើការបកស្រាយ ការពារទៅលើខ្លោងទ្វារចាស់។ នេះ ជាកំហុសមួយ។ ព្រោះបណ្ឌិតទាំងនោះ គាត់បានតែស្រាវជ្រាវ ដឹងថាក្បាច់នេះអញ្ចេះ ក្បាច់នោះអញ្ចុះ តែពួកគាត់អត់ចេះ ធ្វើយ៉ាងម៉េចដើម្បីឲ្យសំណង់មួយនេះ ចេញរូបរាងមកទេ ឬធ្វើយ៉ាងណា ឲ្យមានរូបរាងសមសួន និងមានអត្ថន័យនោះឡើយ។ ហើយជំនាញនេះ វាផ្ទុយស្រឡះ ពីពួកខាងស្ថាបត្យករ ដែលពួកគេសុទ្ធតែសិក្សាខាងនេះ។ ស្ថាបត្យករខ្លះ មានឯកទេស យកតែមែនទែន ខាងរចនាបថខ្មែរបុរាណនេះ។»៕