អាជ្ញាធរអប្សរា ចុះរុះរើតូបលក់ដូរ នៅជាប់ជើងប្រាសាទប្រែរូប
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដែលអាជ្ញាធរយល់ថា គ្មានរបៀបរៀបរយ នៅក្នុងបរិវេណប្រាសាទបែ្ររូប ដោយមានការរុះរើតូប និងរោងរបស់អាជីវករ ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ តូប និងរោងអាជីវករទាំងនោះ ត្រូវបានអះអាងថា បានសង់ឡើង ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា។
ប្រភពពីអាជ្ញាធរអប្សរា បានឲ្យដឹងថា មុននឹងឈានដល់ ការចុះរើតូបរបស់អាជីវករទាំងនោះ អាជ្ញាធរជាតិអប្សរា ធ្លាប់បានប្រាប់ណែនាំ ដល់អ្នកលក់ក្នុងបរិវេណប្រសាទ ទាំងស្ពាយលក់ និងលក់តាមតូប ទៅលក់នៅម្ខាង នាងផ្លូវខាងក្រៅបរិវេណប្រាសាទ ដែលមានអាជីវករ ផ្សេងៗទៀត កំពុងលក់ដូរនៅទីនោះដែរ។ ប៉ុន្តែក្រុមអាជីវករ មិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរទេ ហើយនាំគ្នាមកបោះទីតាំងលក់ នៅជាប់ នឹងជើងប្រាសាទទឿត ដែរធ្វើឲ្យក្រុមអាជ្ញាធរ សម្រេចចិត្តចុះរុះរើតែម្តងទៅ។
ការរុះរើទីតាំងអ្នកលក់ដូរទាំងនេះ បានធ្វើឡើង ដើម្បីការពារសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃ នៃប្រាសាទ អោយសាកសម ជាតំបន់ទេសចរណ៍វប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភលោក ដ៏ល្បីល្បាញ ដែលមានភ្ញៀវទេសចរណ៍ ចូលមកទស្សនាឥតដាច់ ជាច្រើនលាននាក់ ក្នុងមួយឆ្នាំៗ និងដើម្បីធានា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយចីរភាព។ នេះបើតាមការអះអាង របស់ប្រភពដដែលនោះ។
សូមរំលឹកថា ក្នុងពេលកន្លងមកនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនតែងតែរិះគន់ និងត្អូញត្អែរពីការដាក់លក់ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ គ្មានសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនេះ ក៏មានមគ្គុទេសទេសចរណ៍ មួយចំនួនធំបានរិះគន់ និងរាយការណ៍ពីការរំខាន និងជេរប្រមាថ ដល់ភ្ញៀវទេសចរណ៍ ដែលមិនព្រមទិញវត្ថុអនុស្សាវរីយ៍ផងដែរ៕