CNRP ថា CPP ​​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​២២កក្កដា

គណបក្សសង្គ្រោះជាតិ បានប្រតិកម្មឡើង ទៅនឹងការសម្រេចចិត្តរបស់រដ្ឋសភា និងតំណាងរាស្រ្ត មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែលបានដកលោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា នោះថាបានកំពុងរំលោភ​ច្បាប់​កំពូល​របស់​កម្ពុជា និង​កិច្ច​ព្រមព្រៀង​នយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 30, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេល ដែលតំណាងរាស្ត្រទាំង៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា កំពុងប្រជុំសម្រេចបោះឆ្នោត​ទម្លាក់​តំណែងលោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភា គណបក្សសង្គ្រោះជាតិឯណេះវិញ បាន​ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយបានហៅការប្រជុំសម្រេច របស់រដ្ឋសភាកម្ពុជា ដោយខុស​របៀប​វារៈនេះ ថាបានប្រាសចាក និងរំលោភយ៉ាងធ្ងន់ធ្ងរ នូវរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

ជុំវិញភាពលំអិត នៃសេចក្ដីថ្លែងការណ៍ខាងលើ ក្រោយការលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភានេះ ទស្សនាដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ម៉ុត ចាន់ថា នាយក​ខុទ្ធកាល័យ​លោក កឹម សុខា បានទេ ដោយលោកបានរុញទស្សនាវដ្ដី ឲ្យសួរទៅមន្រ្តីគណបក្សវិញ។ ជាមួយគ្នានេះ លោក ហូ វ៉ាន់ និងលោក ជា ប៉ូច ដែលជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ក៏មិនបានធ្វើការ​ឆ្លើយ​តបដែរ ដោយលោកបានប្រាប់ យ៉ាងខ្លីប្រហែលគ្នាដូច្នេះថា ខាងគណបក្សមិនឲ្យនិយាយ ពាក់ព័ន្ធនឹង​រឿង​ដកលោក កឹម សុខា ទេ។ ព្រោះការឆ្លើយ ជាភារកិច្ចរបស់អ្នកនាំពាក្យគណបក្ស។ តែសម្រាប់អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ វិញ មិនបានទទួលទូរស័ព្ទទេ ដោយទូរស័ព្ទលោក​ស្ថិតក្នុង​ភាពរវល់។

តាមសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយ ក្នុងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា ការសម្រេចដកតំណែង អនុប្រធានរដ្ឋសភាទីមួយនេះ មានភាពមិនប្រក្រតី។ សេចក្តី​ថ្លែង​ការណ៍នេះ បានសរសេរការសម្រេច របស់តំណាងរាស្រ្តទាំងនោះ បាននឹងរំលោភមាត្រា៨៧ នៃរដ្ឋធម្មនុញ្ញ និងកិច្ចកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់វិបត្តិនយោបាយ រវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ។

សេចក្តីថ្លែងការណ៍ បានសរសេថា៖ «រដ្ឋធម្មនុញ្ញ មិនមានចែងស្តីអំពីការអនុម័តញត្តិបន្ទោស ឬដកតួនាទី ឬតំណែង ប្រធានសភា ឬអនុប្រធានសភាទេ។ ការបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានរដ្ឋសភាថ្មី មកជំនួស លុះត្រាតែក្នុងករណីដែលប្រធាន ឬអនុប្រធាន សុំលាលែងចេញ ពីមុខតំណែង ឬអនិច្ចកម្ម។»

ដកលោក កឹម សុខា ដើម្បីការពារវប្បធម៌សន្ទនា...

ផ្ទុយនឹងការងះអាង ក្នុងសេចក្ដីថ្លែងការណ៍នេះ អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាម​រយៈសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃដដែលនេះថា ការដកតំណែងលោក កឹម សុខា ចេញពីអនុ​ប្រធាន​ទី១នៃរដ្ឋសភាគឺ ជាកិច្ចការពារនូវវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរ បានចុះកិច្ចព្រមព្រៀងកន្លង​មក​នោះ ទៅវិញទេ។ លោក ឈាង វុន បានថ្លែងបញ្ជាក់ថា៖ «កិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ២០១៤ ជាមូលដ្ឋាន​នៃវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ ដើម្បីធ្វើការជាមួយគ្នា។ (...) យើងមិនដែលគិតថាត្រូវរំលាយ ឬត្រូវ​ឲ្យ​ប៉ះពាល់វប្បធម៌សន្ទនាទេ។ ហើយការដកតំណែង លោក កឹម សុខា នៅព្រឹកមិញនេះ មូលហេតុធំ គឺ​យើង​កំពុងតែការពារវប្បធម៌សន្ទនា ទៅតាមរយៈកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា។ អញ្ចឹងវប្បធម៌សន្ទនា​មិន​ប៉ះ​ពាល់ទេ កិច្ចព្រមព្រៀងក៏មិនបានប៉ះពាល់ដែរ។»

សូមបញ្ជាក់ដែរថា មាត្រា៨៧ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភា​លា​លែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី»៕


» សូមស្តាប់ការបកស្រាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទាក់ទងនឹងការបែងចែកកៅអី ក្នុង​រដ្ឋសភា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៣៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...