សង្គមស៊ីវិលជាង៤០អង្គការ ទាមទារឲ្យមានជំនួប«ថ្នាក់កំពូល»នៃបក្សធំៗទាំងពីរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ដំណោះស្រាយវិវាទនៃការបោះឆ្នោតតាមផ្លូវច្បាប់ ឈរលើយន្តការ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនមានសង្ឃឹមថា នឹងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត និងគណបក្សមួយចំនួនអាចទទួលយកបាននោះទេ ប្រសិនបើគ្មានជំនួបថ្នាក់កំពូល នៃគណបក្សនយោបាយទាំងពីរ។ នោះជាកាលើកឡើងដោយលោក ធន សារាយ នាយកប្រតិបត្តអង្កការអាធហុក។
ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)
នេះជាការលើកឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៤០ បានជួបជុំគ្នានាព្រឹកថ្ងៃទី០២ កញ្ញានេះនៅស្នាក់ការអង្គការអង្គការខុមហ្រ្វេល ស្នើឲ្យមានការជម្រុញដល់គណបក្សនយោបាយទាំងពីរ «គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើការចរចារគ្នាដើម្បីរកច្រកចេញដ៏ប្រសើរមួយ»។
ស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងតានតឹង និងឈានទៅរកភាពជាប់គាំង ដោយសារតែពុំមានយន្តការណាមួយដោះស្រាយ នូវយុត្តិធម៌ដល់ម្ចាស់ឆ្នោតនោះទេ គណក្សប្រឆាំងនឹងនោះ ប្រកាសពីការធ្វើមហាបាតុកម្មដោយអហឹង្សា នឹងក៏បានកំណត់ជាផ្លូវការយកថ្ងៃទី៧ ខែសីហា។ ព្រមគ្នានេះដែរ គណបក្សនេះបានរៀនពីរបៀបសម្រាប់ទប់ទល់នឹងការបង្ក្រាបពីអាជ្ញាធរដោយអហិង្សា។ ឯគណបក្សកាន់អំណាចវិញ ក៏បានបង្ហាញពីកម្លាំងរបស់ខ្លួន ដោយបាន ធ្វើសមយុទ្ធកងកំលាំងប្រដាប់អាវុធ ដោយដំបង និងខែលគ្រប់ៗដៃ ក្នុងគោលបំណងត្រៀមរក្សាសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលមានមហាបាតុកម្មដែលដឹកនាំដោយបក្សសង្គ្រោះជាតិ។
មូលហេតុខាងលើនេះ ជម្រុញឲ្យអង្គការសង្គមស៊ីវិលមានការព្រួយបារម្មណ៍ ដោយសារការមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។ ក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត បានស្នើឲ្យគណបក្សនយោបាយទាំងពីរ បញ្ជូនប្រតិភូជាន់ខ្ពស់របស់ខ្លួន ដែលអាចធ្វើការ«សម្រេចចិត្ត» ដើម្បីធ្វើការជជែកគ្នា អំពីការបង្កើតគណកម្មការស៊ើបអង្កេតចម្រុះមួយ អង្កេតពីភាពមិនប្រក្រតីទាំងឡាយណា ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះ។
នាយកអង្គការសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ បានអំពាវនាវដល់ថ្នាក់ដឹកនាំនយោបាយធំទាំងពីរថា «មេត្តាខិតខំស្វែងរកនូវមធ្យោបាយជួបគ្នា ជជែកពិភាក្សា ដើម្បីដោះស្រាយពីការបង្កើតនូវយនការមួយ ដែលអាចធ្វើឲ្យមានការដោះស្រាយ មានលក្ខណៈទូលំទូលាយ និងអាចផ្តល់នូវការពេញចិត្តពេញថ្លើម ដល់ប្រជាពលរដ្ឋ និងគណបក្សដែលមិនឯកភាព ចំពោះដំណើរការនៃការបោះឆ្នោតកន្លងមកនេះ។ (….) ជំនួបថ្នាក់ដឹកនាំកំពូលបើអាចធ្វើសេចក្តីសម្រេចចិត្តបាន ក្នុងការសម្រេចបង្កើតគណកម្មការចម្រុះឯករាជ្យ និងការកំណត់ពីទំហំការងារដែលនឹងត្រូវធ្វើ។ នេះជាយន្តការដែលអាចធ្វើការដោះស្រាយ នូវភាពមិនចុះសម្រុងគ្នាបាន។»
ឯលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា ប្រសិនជាមានជំនួបរវាងគណបក្សទាំងពីរ នៅពេលខាងមុខនេះ ត្រូវដាក់ចេញនូវរបៀបវារៈ ដែលអាចទទួលយកបានទាំងសងខាង។ ត្រូវជជែកគ្នាលើ«មុំ»មួយជាក់លាក់ ហើយតំណាងគណបក្សទាំងពីរ ត្រូវតែជាអ្នកដែលអាចផ្តល់សុពលភាព លើសេចក្តីសម្រេចនៃជំនួបរបស់ខ្លួនបាន។ ពេលនេះសម្ពាធនៃពេលវេលា កាន់តែខិតជិត ហើយវាក៏ជាវេលាមួយ ដែលថ្នាក់ដឹកនាំទាំងពីរ ត្រូវតែមានជំនួបមួយជាដាច់ខាត។ លោកបានបង្ហាញថា ក្នុងជំនួបបើគណបក្សទាំងពីរ បង្ហាញពីជំហរផ្សេងគ្នានោះ ដំណោះស្រាយប្រាកដជាមិនអាចឈាន ទៅដល់លទ្ធផលមួយជាវិជ្ជមានទេ។ លោកបានលើកឡើងថា «ក្នុងជំនួប ប្រសិនបើគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរ ចែកអំណាចក្នុងសភា ឯគណបក្សសង្គ្រោះជាតិវិញ ប្រកាន់ជំហរក្នុងការស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត នោះជំនួបនឹងនៅតែគ្មានន័យ ឯបញ្ហានៅតែបន្តរកើតមាន។»
សម្រាប់ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោក យង់ គឹមអេង បានបង្ហាញពីភាពមិនអាចជួបគ្នា រវាងថ្នាក់ដឹកនាំកំពូលៗបានព្រោះតែ ការកំណត់នូវរបៀបវារៈមានលក្ខណៈតឹងតែងពេក ដោយមិនបានបង្ហាញពីមិត្តភាព សាមគ្គីភាព និងគ្មានការយោគយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយ។ លោកក៏បានផ្តល់ជាទស្សនៈថា បើមានជំនួបរវាងគណបក្សទាំងពីរ អ្វីដែលសំខាន់នោះគណបក្សទាំងពីរនេះ មិនត្រូវមានជំហរដាច់ណាត់ តឹងរឹង ឬជាក់លាក់ពេកនោះទេ ថែលជាមួលហេតុនាំឲ្យការចរចារគ្នា មិនអាចទៅមុខរួច ហើយក៏ជាមួលហេតុនែការបរាជ័យដែរ។ «ពេលជួមគ្នាជជែកជាក់លាក់យ៉ាងណានោះស្ថិតលើការយល់ព្រម ធ្វីដែលសំខាន់ត្រូវតែមានជំនួបជាមុនសិន។ (…) ត្រូវបង្ហាញពីការទុកចិត្តគ្នាឲ្យមានកំរិតខ្ពស់ កុំមានការកេងចំណេញពីគ្នា និងកុំអាងលើបទេសពេក (បក្សប្រជាជនអាងលើចិន បក្សសង្គ្រោះជាតិអាងលើអាមេរិក)។»
កាលពីថ្ងៃទី១ ខែកញ្ញានេះ លោក ព្រុំ សុខា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័តមានថា ក្នុងជំនួនបីលើកកាលពីពេលកន្លងទៅ ទោះបីជាមិនទាន់មាន ដំណោះស្រាយណាមួយជាវិជ្ជមានក៏ដោយ លោកបានបង្ហាញថា ទាំងជាតិ និងអន្តរជាតិយល់ឃើញថា «គ្រាន់តែគណបក្សទាំងពីរអង្គុយជជែកគ្នានេះ បង្ហាញឲ្យឃើញថាយើងសហការគ្នា ដើម្បីដោះស្រាយបញ្ហាថែលនៅសេសសល់ រួមទាំងបញ្ហាដែលគេហៅថាភាពមិនប្រក្រតីនោះផង។ (…) គណបក្សប្រជាជនមានសុឆន្ទៈស្មោះសរ ត្រៀមខ្លួនជានិច្ចក្នុងជំនួបមួយចុងក្រោយ ដែលជាជំនួបថ្នាក់កំពូល ជាមួយគណបក្សសង្គ្រោះជាតិ។ (…) ខ្ញុំមិនដឹងថាជំនួបនោះ នឹងមានពេលណានោះទេ បើគេ (គណបក្សសង្គ្រោះជាតិ) មិនទាន់បានទាក់ទងមកផងនោះ។»
ចំណែកខាងគណបក្សសង្គ្រោះជាតិ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីបញ្ហាខាងលើបានទេ ដោយតំណាងគណបក្សនេះពុំទទួលទូរស័ព្ទ។ តែក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃថ្ងៃទី២ ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិ ក៏បានផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការធ្វើបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ តាមរយៈការបន្ទន់ឥរិយាបថរបស់ខ្លួន ដោយបន្ថែមការ«បួងសួង»សុំសន្តិភាពគ្រប់ទីកន្លែង មួយទៀត នៅក្នុងកម្មវិធីបាតុកម្ម។
តំណាងអង្គការសង្គមស៊ីវិលទាំង៤០ បានអំពាវនាវដល់ថ្នាក់ដឹកនាំ គណបក្សនយោបាយទាំងពីរ ឲ្យបន្តរភាពអត់ធ្មត់ តាមរយៈកាតកាត់បន្ថយ នូវវោហាសព្ទផ្នែកនយោបាយ ដែលងាយនឹងបង្កឲ្យមានអំពើហិង្សាកើតឡើង។ ជាមួយគ្នានេះ ខាងគណបក្សកាន់អំណាច ក៏ត្រូវកាត់បន្ថយ នូវការបង្ហាញសាច់ដុំតាមរយៈ ការគំរាមបង្ហាញនូវកំលាំងទ័ព ការចល័តទ័ព និងអាវុធ ដែលអាចនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ