ហ្វេសប៊ុក ហ៊ុន សែន ថាក្រុមប្រឆាំងកំពុងតាំងខ្លួនជា«នាយករដ្ឋមន្ត្រី»
ខណៈស្ថានការណ៍កំពុងជន់ជោរ ដោយសាររលកបាតុកម្ម និងកូដកម្មបានកើតឡើងជាបន្តបន្ទាប់ បូកផ្សំនឹងការបង្ក្រាបយ៉ាងខ្លាំងក្លា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក ដែលគេជឿជាក់ថាជាទំព័រផ្លូវការបស់លោក បានសរសេរនៅមុននេះបន្តិចថា បក្សប្រឆាំងនិងក្រុមជ្រុលនិយមកំពុងតាំងខ្លួនជានាយករដ្ឋមន្រ្តី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ការប្រើប្រាស់សិទ្ឋិសេរីភាព គឺមិនមែនសំរាប់តែអុចអាលបង្ករបាតុកម្ម និងកុបកម្មហឹង្សា និងការញុះញុងអោយមានភាពរញេរញៃ នៅពាសពេញប្រទេស ទើបហៅថាប្រជាធិបតេយ្យនោះទេ។ ការជេរប្រមាថ មាក់ងាយប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏មិនមែនជាទង្វើល្អ សំរាប់ប្រទេសជាតិដែលកាន់ព្រះពុទ្ឋសាសនា និងគោរពស្រឡាញ់ព្រះមហាក្សត្រដែរ។»
ដែលទំនងជាលើកបង្ហាញពីសមិទ្ធិផល ដែលកើតចេញ«តែពីបាតដៃ»របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោកនោះ ទំព័រដដែលបានសរសេរទៀតថា «គំនិតនិងមហិច្ឆិតាបំផ្លាញសមិទ្ឋិផលទាំងឡាយ ដែលក្រុមខ្លួនមិនបានកសាង គឺជាការបំផ្លាញប្រទេសជាតិទាំងមូល»។
ទំព័របស់លោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រី តាមរយៈការតែងតាំងរបស់រដ្ឋសភានិតិកាលទីប្រាំ ដែលត្រូវបានបង្កើតដោយគណបក្សប្រជាជនកម្ពុជាតែមួយនោះ បានសរសេរព្រមានទៅកាន់ក្រុមគណបក្សប្រឆាំង និងបាតុករដែលកំពុងធ្វើបាតុកម្មក្នុងពេលនេះថា «មកទល់ម៉ោងនេះបក្សប្រឆាំង និងក្រុមប្រឆាំងជ្រុលនិយមរបស់ខ្លួន កំពុងតាំងខ្លួនជានាយករដ្ឋមន្រ្តី គ្មានស្តាប់អ្នកណាទាំងអស់។ ពួកគេកំពុងក្រឡុកប្រទេសជាតិ តាមរយៈការញុះញុងបាតុកម្ម និងកុបកម្មរហូតដល់កំទេចទ្រព្យសម្បត្តិរោងចក្រ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋថែមទៀត។ នេះជាទង្វើញុះញុងបែបអានាធិបតេយ្យ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់៕»
បាតុកម្ម-កូដករ ដែលមកទល់នឹងថ្ងៃនេះមានលក្ខណៈកាន់តែស្រួចស្រាវឡើង បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ខ្លួនបាតុករ និងមន្ត្រីសង្គមស៊ីវិល កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ម្សិលម៉ិញ នៅរោងចក្រយ៉ាកជីង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅតាមបណ្ដោយផ្លូវជាតិលេខបួន។ ការប្រឈមមុខរវាងបាតុករ-កូដករ និងកងកម្លាំងប្រដាប់អាវុធ នៅសួនឧស្សាហកម្មកាណឌីយ៉ា នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ បានបង្កឲ្យមានមនុស្សរងរបួសជាច្រើននាក់ និងបើតាមសេចក្ដីរាយការណ៍ចុងក្រោយ មានមនុស្សស្លាប់យ៉ាងហោចណាស់ពីរនាក់ថែមទៀត។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងជាសាធារណៈទៅកាន់ក្រុមបាតុករ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ អំពាវនាវឲ្យមានការធ្វើបាតុកម្មអហិង្សាដែលមានរូបរាងកាន់តែធំ នៅប៉ុន្មានថ្ងៃខាងមុខ ហើយបានហៅការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ ថាបានអនុវត្តនូវ«អំពើព្រៃផ្សៃដូចពួកខ្មែរក្រហម»។
សកម្មភាពបង្ក្រាបពីសំណាក់អាជ្ញាធរនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ជាពិសេសក្រុមឃ្លាំមើលសិទ្ធិមនុស្សធ្វើការថ្កោលទោស និងទាមទារឲ្យមាន ការដោះលែងជនដែលត្រូវបានឃាត់ខ្លួនទាំងប៉ុន្មាននោះ ជាបន្ទាន់។ រីឯក្រុមពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលមាននិន្នាការទៅខាងគណបក្សសង្គ្រោះជាតិនោះ បានចុះផ្សាយការយល់ឃើញ របស់ពួកគេយ៉ាងព្រោងព្រាតដូចគ្នាដែរ ពីអ្វីដែលពួកគេហៅការបង្ក្រាបនេះថា ជា«បាតដៃទីបីរ»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលបុរសខ្លាំងរូបនេះ ធ្លាប់ថ្លែងទៅកាន់អ្នកសារព័ត៌មានកន្លងមក។
ពួកគេថែមទាំងនាំគ្នាធ្វើការវិភាគទៀតថា សកម្មភាពខ្លាំងដៃរបស់កងកម្លាំងអាជ្ញាធរ នៅពេលនេះ បានកើតឡើងក្រោយពេលដែលលោក ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម កាលពីសប្ដាហ៍កន្លងមកនេះ។ ក្រុមប្រឆាំងបានសង្ស័យថា ដំណើរទៅកាន់ប្រទេសវៀតណាម របស់លោកនាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហានេះ ជាការទៅទទួល«ឱវាទ»ឬ«កលឧបាយ»ពីប្រទេសវៀតណាមដែលជាមិត្ត«ម៉ឺនឆ្នាំ»របស់លោក ដើម្បីត្រឡប់យកវាមកអនុវត្តន៍ក្នុងប្រទេសកម្ពុជា ក្នុងការការពារកៅអីរបស់លោក។
ការថ្លែងរបស់ទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ខាងលើត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយសង្គម វាយតម្លៃថា នេះជាដំណាក់កាលមួយដែលលោក ហ៊ុន សែន អាចនឹងប្រើប្រាស់យកទៅចោទប្រកាន់ក្រុមប្រឆាំង ថាចង់ធ្វើ«រដ្ឋប្រហារ»ទម្លាក់លោកចេញពីតំណែង។ តំណែងនាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងដោយរដ្ឋសភា«ឯកបក្ស»ចេញពីគណបក្សប្រជាជនកម្ពុជារបស់លោកតែមួយ បន្ទាប់ពីការបោះឆ្នោតសកលប្រកបដោយភាពចម្រូងចម្រាស់កាលពីខែកក្កដាកន្លងមក៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ