កងកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមកម្មករនៅផ្លូវវេងស្រុេង មានស្លាប់របួស
ការបង្ក្រាបដោយកងកម្លាំងអាជ្ញាធរ ទៅលើក្រុមកម្មករ នៅមុខរោងចក្រឧស្សាហកម្មកាណាឌីយ៉ាណា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅតែបន្តមានអំពើហិង្សាកើតមានដដែល ដោយក្នុងនោះកងកម្លាំងបានប្រើគ្រាប់កំាភ្លើងពិត រួមនឹងគ្រាប់បែកផ្សែងជាច្រើនគ្រាប់ បាញ់សំដៅលើក្រុមកម្មកររោងចក្រ និងអ្នកកាសែតជាតិនិងអន្តជាតិ ដែលចូលពីច្រកខាងលិច។
សាក្សីដែលបានឃើញកងកម្លាំងអាជ្ញាធរប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់ស្រោចលើកម្មករ។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - ការបាញ់នេះ ពិតជាមានលក្ខណៈខ្លាំងក្លាណាស់ ដោយសារមានសេចក្ដីរាយការណ៍មកថា កងកម្លាំងប្រដាប់អាវុធទាំងនោះ បានធ្វើការបាញ់សំដៅលើក្រុមកម្មករដោយត្រង់តែម្តង។ អ្នកយកព័ត៌មានប្រចាំឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានថ្លែងបញ្ជាក់ឲ្យដឹងថា នាពេលនេះ មានអ្នករងរបួសចំនួនប្រាំនាក់ ដោយម្នាក់ត្រូវក្បាល ម្នាក់ត្រូវដៃ និងម្នាក់ត្រូវជើង ចំណែកពីរនាក់ទៀតមិនដឹងថាយ៉ាងម្តេចនៅឡើយ ហើយកំពុងត្រូវបានដឹកបញ្ចួនទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាល។ សេចក្ដីរាយការណ៍បានបន្ថែមថា ការបង្ក្រាបនេះបានបង្កឲ្យមានមនុស្សស្លាប់និងរបួស ប៉ុន្តែនៅមិនទាន់មានដឹងថាមានចំនួនប៉ុន្មានឲ្យពិតប្រាកដនៅឡើយ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ជនរងគ្រោះម្នាក់ ដែលត្រូវបានដឹងជញ្ជូនមកកាន់មន្ទីពេទ្យមួយ ដែលមានឈ្មោះថា «មន្ទីពេទ្យសម្រាកព្យាបាលឯករាជ្យ» ត្រូវបានផ្ទេទៅកាន់មន្ទីពេទ្យផ្សេង ដោយសារតែមន្ទីរពេទ្យ«ឯករាជ្យ»នោះ មិនទទួលជនរងរបួសដើម្បីសម្រាកព្យាបាល។ ហេតុការណ៍ ដែលបានបង្កឲ្យក្រុមកម្មករផ្ទុះកំហឹង ហើយបានធ្វើការកម្ទេចបំផ្លាញមន្ទីពេទ្យនោះ ធ្វើឲ្យរងនូវការខូចខាតជាដំណំ។
សូមរំលឹកថា ការរាំច្រៀងដោយមិនបានបិទផ្លូវ របស់កម្មករក្នុងរោងចក្រមួយនេះ (កាណាឌីយ៉ា) កាលពីអាធ្រាតចន្លោះម៉ោង១១ ១២ អាធ្រាតយប់មិញនេះ ត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លាជាទីបំផុត ពីកងប្រដាប់អាវុធអាវខ្មៅ នេះតាមសម្តីបងស្រី សោភ័ណ កម្មការនី រោងចក្រកាត់ដេរកាណាឌីយ៉ាណា។ ចំណែកលោក សុខ សុខុម ដែលជាអ្នករស់នៅជិតខាង និងជាសាក្សីឃើញព្រឹត្តិការណ៍ផ្ទាល់ភ្នែក បានប្រាប់ពីហេតុការណ៏ហិង្សាយប់មិញថា មានការវាយដុំបង្ករបួសស្នាមបាក់ដៃ និងយុវជន«ស្លាប់»ម្នាក់នៅមុខផ្សារឯករាជ្យ២។
ការបង្ក្រាបនេះ ធ្វើឡើងដោយកងប្រដាប់អាវុធ ប្រមាណជាជាង១០០នាក់ ពីភាគខាងលិចនៃ ការបិទផ្លូវនេះ ទៅលើក្រុមកម្មករប្រមាណជាជាង ៣០០នាក់ ក្នុងនោះមានកម្មការិនីប្រហែលជាចំនួនពាក់កណ្តាល។ សូមបញ្ជាក់ថា មុនពេលមានការបង្ក្រាបដោយកងប្រដាប់អាវុធនេះ សារជាថ្មីនោះ កាលពីព្រឹកមិញនេះ មានឧទ្ធភាគចក្រតូចមួយ បានបើកក្រឡឹងជុំវិញក្រុមកម្មករដែលឈរបិទផ្លូវនៅទីនោះ ពី៥ទៅ៦ជុំ មុននឹង មានការបង្ក្រាបពីក្រុមសមត្តកិច្ចទាំងនេះ៕
-----------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ០៣ ខែមករា ឆ្នាំ ២០១៤
រាយការណ៏ដោយ៖ លោក អ៊ុម វ៉ារី
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ