ឆ្នាំថ្មី រដ្ឋាភិបាល​បញ្ចេញ​មហិទ្ធិឬទ្ធិ​ថ្មី ដាក់​អ្នក​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ

ឆ្នាំ២០១៤ជាឆ្នាំថ្មី ការឆ្លើយបតរបស់រដ្ឋាភិបាលចំពោះសហជីព និងកម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល ឲ្យបាន​១៦០ដុល្លារអាមេរិក ក៏តាមរបៀបថ្មីដែរ។ របៀបថ្មី គឺជាការជំនួសកងរាជអាវុធហត្ថ ឬនគរបាលបង្រ្កាបបាតុកម្ម ដោយការដាក់ពង្រាយ«រថពាសដែក និងកងទ័ពឆ័ត្រយោង៩១១ (កងទ័ពពិសេស)» ជាអ្នកត្រូវ​ប្រឈមមុខជាមួយ​សហជីព និងកម្មករវិញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្នាំ២០១៤ជាឆ្នាំថ្មី ការឆ្លើយបតរបស់រដ្ឋាភិបាលចំពោះសហជីព និងកម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល ឲ្យបាន​១៦០ដុល្លារអាមេរិក ក៏តាមរបៀបថ្មីដែរ។ របៀបថ្មី គឺជាការជំនួសកងរាជអាវុធហត្ថ ឬនគរបាលបង្រ្កាបបាតុកម្ម ដោយការដាក់ពង្រាយ«រថពាសដែក និងកងទ័ពឆ័ត្រយោង៩១១ (កងទ័ពពិសេស)» ជាអ្នកត្រូវ​ប្រឈមមុខជាមួយ​សហជីព និងកម្មករវិញ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

វិបត្តិការងារ - ដីហុយទ្រលោម និងសម្លេងស្រែកថា​ «ចាប់ !ចាប់ឲ្យបាន !ចាប់មេខ្លោងវាឲ្យបាន!» និងសម្លេង​ស្រែក​​របស់​កម្មករថា «កុំវាយខ្ញុំ» ជាមួយនឹងសកម្មភាពរត់ចែកផ្លូវគ្នា ទាំងនោះគឺសម្លេង និងសកម្មភាព​របស់​កង​ទ័ពឆ័ត្រ​យោង៩១១ និងកងកម្លាំងប្រដាប់អាវុធដ៏ទៃទៀត ដែលត្រូវបានគេដាក់ពង្រាយ កំពុងប៉ះទង្គិចគ្នាជាមួយ​កម្មករ នៅមុខ​រោង​ចក្រ​យ៉ាងជីង ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផល លោក វ៉ន ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាអ្នកដឹកនាំ​កម្មករទាមទារនៅមុខរោងចក្រ និងយ៉ាងហោចណាស់មនុស្ស ១៤ នាក់ទៀត ដោយរួមទាំងព្រះសង្ឃ ៥អង្គផង ក្នុង​ចំណោមនោះមានអ្នកខ្លះ កំពុងរងរបួសផងនោះ ត្រូវបានចាប់ខ្លួន និងត្រូវបានញ្ជូនខ្លួនភ្លាមៗទៅកាន់ ទីបញ្ជាការ​ដ្ឋាន​កងទ័ពពិសេសឆ័ត្រយោង៩១១ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។

អ្វីទាំងអស់នេះ ត្រូវបានប្រព័ន្ធសារព័ត៌មានក្នុងស្រុក និងបណ្តាញទំនាក់ទំនងសង្គម(ហ្វេសបុក)បានចុះផ្សាយ និង​ចែកចាយគ្នាជាបន្តបន្ទាប់យ៉ាងព្រោងព្រាត នៅថ្ងៃទី២ ខែ មករា ស្វាគមន៍ដើមឆ្នាំ២០១៤នេះ។ ការប៉ះទង្គិចគ្នា​រវាង​កម្មករ និងកងកម្លាំងនៅពេលនេះ ត្រូវបានគេមើលឃើញថា កើតឡើងក្រោយពីរដ្ឋាភិបាលព្រមាន និងបង្ខំសហជីព​ចំនួន៦ និងកម្មករឲ្យទទួលយកប្រាក់ឈ្នួលគោល១០០ដុល្លារក្នុងមួយខែ ខណៈពួកគេបដិសេធ ហើយបន្តការ​ទាមទារ​ឲ្យបាន១៦០ដុល្លារ តាំងពីចុងឆ្នាំ២០១៣ រហូតមកដល់ការប៉ះទង្គិចនេះ។

ការប៉ះទង្គិច និងការឃាត់ខ្លួននេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា កត់សម្គាល់ឃើញថា កើត​ឡើង​តែក្នុងរយៈមួយថ្ងៃប៉ុណ្ណោះ ក្រោយការព្រមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលថា​នឹង​មានកូដកម្មទូទាំងប្រទេស ប្រសិនបើរដ្ឋាភិបាលសម្រេចចាប់ខ្លួន មេដឹកនាំសហជីពណាមួយ ដែលហ៊ានចេញមុខ​ទាមទារតម្លើងប្រាក់ឈ្នួលជាមួយកម្មករ។

ជុំវិញបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល និងភាគីសហជីពដើម្បី​ធ្វើការអត្ថាធិប្បាយបាននៅឡើយ។ តែបើយោងលើមន្រ្តីយោធាមួយក្រុម ដែលបានចរចា និងសម្របសម្រួល​ជា​មួយក្រុមអ្នកតំណារាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ក្រោយពេលកើតហេតុបានលើកឡើងថា៖ «ភាគីកម្មករ​ចេះ​តែប្រឆាំង វាយជញ្ជាំងរបងរោងចក្រ គប់ដុំថ្ម និងទឹកសុទ្ធមកលើពួកខ្ញុំមុន ពួកខ្ញុំគ្រាន់តែការពារខ្លួន(...)។»

បើ​ទោះ​ជាសមត្ថកិច្ចអះអាងយ៉ាងនេះក្តី រហូតមកដល់ពេលនេះ គេនៅមិនមានសាក្សីឯករាជ្យណាមួយ អាច​បញ្ជាក់​បាននៅឡើយថា ក្រុមកម្មករជាអ្នកបង្កហេតុនោះ។ រីឯវីឌីអូឃ្លីប មានរយៈពេលខ្លីៗជាច្រើនផ្សេងៗគ្នា ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើបណ្តាញទំនាក់ទំនងសង្គម (ហ្វេសបុក) នៅថ្ងៃទី២ ខែ មករា ឆ្នាំ២០១៤ នេះ ក៏មិនមាន​វីឌីអូ​ណា​មួយបង្ហាញថា កម្មករគប់ដុំថ្ម ឬប្រើអំពើហិង្សាលើកងកម្លាំងសមត្ថកិច្ចឲ្យរងរបួសនោះដែរ។ ប៉ុន្តែប្រភពពីតំណាង​កម្មករ និងតំណាងសហជីពបានថ្លែងថា ហេតុការណ៍នេះបណ្ដាលមកពីកងកម្លាំងរបស់អាជ្ញាធរ បានបង្ខំឲ្យ​ក្រុម​កម្មករចូល​ធ្វើការវិញ បន្ទាប់ពីពួកគេមួយចំនួន នៅបន្តការទាមទារប្រាក់ឈ្នួល១៦០ដុល្លា នៅព្រឹកម៉ិញនេះ៕

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...