ជន​ជាប់​ចោទ​២៥​នាក់ ៖ ឃុំ​បាន​តែ​កាយ តែ​ចិត្ត​នៅ​តែ​តស៊ូ

បន្ទាប់ពីត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព នៅក្នុងការព្យួរទោសនេះ ជនជាប់ចោទទាំង២៥នាក់ នៅតែ​អះអាងយ៉ាងមុតមាំថា ពន្ធនាគារដែលបានដាក់ឃុំពួកគេក្នុងពេលកន្លងមក មិនអាចឃុំចិត្ត គំនិត និងការតស៊ូ របស់​ពួកគេបានឡើយ។ ម្នាក់ពីក្នុងចំណោមនោះ បានថ្លែងថា៖ «គុកដាក់ខ្ញុំបានតែប្រាណទេ តែចិត្ត គំនិត និងការតស៊ូ​នៅតែមានសេរីភាពដដែល»។ អត្ថបទជាបទយកការណ៍នេះ មិនត្រឹមតែតែរៀបរាប់ ពីពីសេចក្ដីឈឺចាប់ទាំងប៉ុន្មាន​របស់អ្នកទាំងនេះ​​ទេ តែនៅមានការប្ដេជ្ញាចិត្តរបស់ពូួកគាត់នោះទៀតផង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព នៅក្នុងការព្យួរទោសនេះ ជនជាប់ចោទទាំង២៥នាក់ នៅតែ​អះអាងយ៉ាងមុតមាំថា ពន្ធនាគារដែលបានដាក់ឃុំពួកគេក្នុងពេលកន្លងមក មិនអាចឃុំចិត្ត គំនិត និងការតស៊ូ របស់​ពួកគេបានឡើយ។ ម្នាក់ពីក្នុងចំណោមនោះ បានថ្លែងថា៖ «គុកដាក់ខ្ញុំបានតែប្រាណទេ តែចិត្ត គំនិត និងការតស៊ូ​នៅតែមានសេរីភាពដដែល»។ អត្ថបទជាបទយកការណ៍នេះ មិនត្រឹមតែតែរៀបរាប់ ពីពីសេចក្ដីឈឺចាប់ទាំងប៉ុន្មាន​របស់អ្នកទាំងនេះ​​ទេ តែនៅមានការប្ដេជ្ញាចិត្តរបស់ពូួកគាត់នោះទៀតផង។


ពិធីសូត្រមន្ដរំដោះគ្រោះនៃជនទាំង២៥ នៅគេហដ្ឋានលោក កឹម សុខា ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

បុព្វហេតុ - ថ្លែងបន្ទាប់ពីបានចេញពន្ធនាគារបានពីរថ្ងៃ ក្រុមអ្នកជាប់ចោទទាំង២៥នាក់ បាន​ប្រមូលគ្នាមកជួបជុំ​ដើម្បីធ្វើបុណ្យរំដោះគ្រោះ កាលពីថ្ងៃទី១ ខែមិថុនា ម្សិលម៉ិញ នៅក្នុងគេហដ្ឋានរបស់អនុប្រធានគណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា។ ទន្ទឹមនឹងពិធីសាសនា ជនទាំង២៥ បានឡើងថ្លែងម្នាក់ម្ដងៗ រៀបរាប់ពីការឈឺចាប់ និងការ​ប្ដេជ្ញាចិត្តរបស់ខ្លួន នៅថ្ងៃអនាគត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កម្លាំងចិត្តរបស់អ្នកទាំងអស់នេះ ហាក់មាន​សន្ទុះកាន់តែខ្លាំងជាងមុន បើសូម្បីតែព្រនង់ដែកដឹង កាំភ្លើង ខ្នោះឃ្នាងច្រវាក់ចាប់ចងយ៉ាងណា ក៏មិនមានការខ្លាច​រអា​អ្វីសោះឡើយ។ តើនោះមកពីហេតុអ្វី? សូមតាមដាន ដូចតទៅ។

ឡើងថ្លែងមុនគេ លោក វ៉ន ពៅ អតីតអ្នក​ជាប់​ឃុំមួយរូបដ៏ល្បីឈ្មោះ ក្នុងចំណោមអ្នកជាប់ឃុំទាំង២៤នាក់ផ្សេងទៀត បាននិយាយថា «ជិតប្រាំខែក្នុងពន្ធនាគារ​ដោយ​អយុត្តិធម៌ ព្រោះតែ​ការទាមទានូវសិទ្ធិសេរីភាពសម្រាប់កម្មករ ប្រាក់​ខែកម្មករ ក៏ដូចជាមន្រ្តីរាជការ។ (...) យើងខ្ញុំមិន​បាក់ស្បាត មិន​ចុះចាញ់ នឹងទង្វើអាក្រក់ទាំងឡាយ ដែលគេ  (អាជ្ញាធរ​រដ្ឋ)ធ្វើមកលើយើងខ្ញុំឡើយ។»

ឯលោក ថេង សាវឿន ដែលត្រូវបានចាប់ខ្លួននៅរោងចក្រ យ៉ាក ជីន បានលើកឡើងថា ក្នុងពន្ធនាគារ​ក្នុងរយៈពេល​ប្រាំខែ​ លោកបាន​យល់ពី បានស្គាល់ពីរសជាតិ និងបទពិសោធជីវិត ដើម្បីធ្វើឲ្យការតស៊ូកាន់តែមានភាពខ្លាំងក្លា។ លោកបានថ្លែងពាក់ព័ន្ធនឹងការចាប់ខ្លួននេះថា ជាចេតនារបស់ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ។ «គ្រោះ​ដោយចេតនា ដែលគេ (រដ្ឋាភិបាល) រៀបចំទុកជាមុន។ រៀបចំដើម្បីរុញពួកខ្ញុំឲ្យទម្លាក់កាំបិទ បំបិតមាត់ បំបិទ​សិទ្ធិ​សេរីភាព អ្នកដែលហ៊ាន តវ៉ា អ្នកដែលហ៊ាន ចេញមុខការពារផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍កម្មករ និងអ្នកដែលរងគ្រោះ។»

រីឯលោក រស់ សោភ័ណ្ឌ ឯណោះវិញ បានថ្លែងអះអាងថា លោកមានបំណង ចង់ចងករសម្លាប់ខ្លួនក្នុងគុកត្រពាំង​ផ្លុង ព្រោះខឹងនិងការកាប់ខ្លួន ពីសំណាក់ក្រុម​អាជ្ញាធរទាំងមិនដឹង«ខ្យល់»។ «ខ្ញុំត្រូវបានចាប់ខ្លួន ដោយច្រឡំ។ ជាប់​ពន្ធនាគារ ម៣ ប្រាំខែដោយគ្មានមូលហេតុ។ ក្នុងពន្ធនាគារ ត្រូវបានគេបិទសេរីភាព មិនឲ្យនិយាយស្តី។»

អ្នកជាប់ចោទមួយចំនួនដូចជា លោក ចាន់ ពុទ្ធិសាក់, លោក ម៉ម ពិសិដ្ឋ, លោក នូ សាន , លោក ខួន, លោក ឆុង, លោក ហឿន ដា, លោក រី ស៊ីនួន, លោក រ៉េ រត្នថា, លោក ប៉ោង សារ៉ាត់, លោក ណាគ្រី វណ្ណាដា, លោក ថេរ ចាន់ធី បាននិយាយថា ពួកលោកសុទ្ធតែត្រូវបានចាប់ខ្លួន ក្នុងពេលកំពុងជិះម៉ូតូ ខ្លះនៅផ្លូវវ៉េងស្រេង ខ្លះទៀតនៅរោងចក្រ យ៉ាក ជីន។

ជនដែលត្រូវបានឃុំខ្លួនទាំងមិនដឹងរឿង ដែលត្រូវបានចាប់ច្លួននៅក្បែររោងចក្រ យ៉ាក ជីន ដែរ លោក គុណសម្បត្តិ ពិសិដ្ឋ បាន​និយាយថា លោកជាអ្នកទោសម្នាក់ ដែលហានប្រឆាំងមិនសំចៃមាត់ នឹងប្រធានពន្ធនាគារត្រពាំងផ្លុង អស់​រយៈ​ពេល​ប្រាំខែ។ លោកបានលើកឡើងថា «ខ្ញុំនិយាយជាមួយអ្នកស្នេហាជាតិរាងភ័យៗ បើនិយាយជាមួយអ្នក​ក្បត់ជាតិ ខ្ញុំ​មិន​សំចៃមាត់ទេ។»

លោក គុណសម្បត្តិ ពិសិដ្ឋ បានពិការដៃឆ្វេងម្ខាង ដោយសារទាហានឆ័ត្រយោង៩១១ វាយគ្មានប្រណីដៃ បំណង​សម្លាប់​បន្ទាប់ពីចាប់ខ្លួន។ លោកនិយាយថា នឹងប្តឹងក្រុមពាក់ព័ន្ធទាំងនោះ ដែលបានចាប់ខ្លួន និងធ្វើទារុណកម្មលើ​រូបលោក ក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះ លោកបានពាំនាំនូវបណ្តាំផ្ញើរ នៃអ្នកទោស«នយោបាយ»មួយចំនួនធំ ដែលត្រូវបានគេកប់ចោលនៅគុកត្រពាំងផ្លុង ដើម្បីឲ្យអង្គការសិទ្ធិមនុស្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជួយធ្វើអន្តរាគមន៍ និងរកយុត្តិធម៌។

លោក ប៉ាង វណ្ណី ត្រូវខូចភ្នែកឆ្វេងមួយចំហៀង ព្រោះត្រូវបានក្រុមទាហានវាយ ក្រោយពីចាប់ខ្លួននៅផ្លូវវ៉េងស្រេង។ ឡើងថ្លែងទាំងអួលដើមករ លោកបានបន្តថា «គេចាប់​ក្បាល (ខ្ញុំ) វាយ ត្រូវឆៀតផ្កា និងភ្នែក។ គេធ្វើទារុណកម្មយ៉ាង​ព្រៃផ្សៃលើពួកខ្ញុំ ទាត់ធាក់ដូចសត្វតិរិច្ឆាន ប្រៀបដូចរបប​ប្រល័យពូជសាសន៍។»

សម្រាប់យុវជន វ៉ាន់នី វ៉ាន់ណន វិញ បានបញ្ជាក់ថា លោកត្រូវបានចាប់ខ្លួន នៅមុខវត្តស្ទឹងមានជ័យ។ លោក លើក​ឡើងថា ក្រោយពេលក្រុមទាហានចាប់ លោកត្រូវបានគេវាយដំជ្រំធាក់យ៉ាងដំណំ។ យុវជនបានបន្តថា គេថែមទាំង​យកកាំភ្លើងអាការ វាយខ្នងមួយកាំភ្លើង វាយក្បាលនិងវាយមាត់ រួចរុញដាក់ឡានយកទៅពន្ធនាគារតែម្តង។ ការវាយ​ដំដែលលោក ឈឹម ភឿក បានធ្វើជាសាក្សីដែរថា «គេវាយខ្ញុំជាមួយនឹងដំបងដែក និងដំបងឈើ»។

ចំពោះប្អូនប្រុស យោន ជា អនីតិជនដែលទើបនឹងមានអាយុ១៧ឆ្នាំ ក៏ត្រូវបានក្រុមទាហានវាយបំបាក់ដៃ នៅផ្លូវ វ៉េងស្រេង មុននឹងទៅឃុំក្នុងពន្ធនាគារដែរ។ ប្អូនបាននិយាយខ្លាំងៗថា «ថ្វីត្បិតខ្ញុំនៅក្មេងមែន តែខ្ញុំមានកំលាំងចិត្ត​តស៊ូ ជាងអ្នកគ្រប់អាយុ ជាងអ្នក​មាន​អំណាច»។ មិនខុសគ្នាប៉ុន្មាន លោក ហេង រដ្ឋា បានបញ្ចេញកំហឹងថា «ខ្ញុំមិន​ចុះចាញ់ និងមិនរាថយ។ តស៊ូដើម្បីជាតិ​មាតុភូមិ តស៊ូដើម្បីភាពរុងរឿងនៃប្រទេសកម្ពុជា។»

រីឯលោក ជា សារ៉ាត ដែលត្រូវបានចាប់ខ្លួននៅផ្លូវ វ៉េងស្រេង បានបន្ថែមពីក្រោយ ​ប្រហាក់ប្រហែលនឹងជនជាប់​ចោទម្នាក់ទៀត លោក យ៉ត សំអូន ថា «ជនរួម​ជាតិទាំងអស់ត្រូវ​ក្រោក​ឈរឡើង ដើម្បីរួមគ្នា ដើម្បីជាតិខ្មែរយើង ដើម្បីកុំឲ្យបាត់បង់ទឹកដី»។ ចំពោះលោក ភួង សារិត វិញ បានកំណត់រួចជាស្រេចហើយថា៖ «ថ្វីបើខ្ញុំជាប់ពន្ធនាគារ ខ្ញុំមិនចុះចាញ់ ខ្ញុំនៅតែតស៊ូ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...