សាច់ញាតិអ្នកស្លាប់នៅវេងស្រេង ត្រូវបានក្រសួងមហាផ្ទៃហៅសាកសួរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកោះហៅ ជាបន្តបន្ទាប់ចំពោះអ្នករបួស និងក្រុមគ្រួសារអ្នកបាត់បង់ជីវិត ក្រោយការផ្ទុះអាវុធ (គ្រាប់ពិត) របស់អាជ្ញាធរកម្ពុជា នៅផ្លូវវេងស្រេងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ចូលមកសាកសួរបំភ្លឺ ជានីតិវិធីដំបូង មុននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ។ លោក ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នីតិវិធីដំបូងនេះ ដើម្បីផ្តល់នូវយុត្តិធម៌ ជូនដល់គ្រួសារជនរងគ្រោះ។
ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - បងថ្លៃរបស់សពយុវជនអាយុ ២៥ឆ្នាំឈ្មោះ យាន រិទ្ធី មកពីស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក សួន ណារ៉ា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃបានហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមីនា ខាងមុខ ទាក់ទងនឹងការស្លាប់របស់ប្អូនថ្លៃរបស់លោក។ លោកបន្តថា លោកនឹងចូលបំភ្លឺតាមការកោះហៅនេះ តែមិនទាន់ដឹងច្បាស់ទេ ថាតើក្រសួងមហាផ្ទៃចង់ដឹងពីអី។ លោកបានថ្លែងយ៉ាងខ្លីថា «បើគេសួរអី ឆ្លើយហ្នឹងទៅ»។
សម្រាប់ លោក សំ សារី ត្រូវជាបងប្រុសជនរងគ្រោះ ដែលជាយុវជនអាយ២៣ឆ្នាំ ឈ្មោះ ផេង កុសល មកពី ស្រុកបាធាយ ខេត្តកំពង់ចាម បានបញ្ជាក់ថា លោកមិនបានចូលទៅតាមការណាត់នោះទេ ព្រោះជាប់រវល់កិច្ចការចាំចាប់ផ្ទាល់ខ្លួន ហើយលោកនឹងចូលទៅបំភ្លឺនៅពេលក្រោយវិញ។ លោកបានទទួលដីកាកោះ ពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ឲ្យចូលបំភ្លឺជុំវិញការស្លាប់របស់ប្អូនប្រុស កាលពីថ្ងៃទី១៨ ខែមីនាកន្លងមកនេះ។
ដោយឡែក ឪពុករបស់ជនរងគ្រោះអាយុ២៩ឆ្នាំ ឈ្មោះ គឹម ផល្លាត មកពីខេត្តកំពង់ស្ពឺ លោកសួស សំអុល បានបញ្ជាក់នៅថ្ងៃនេះ បន្ទាប់ពីលោកបានចូលទៅបំភ្លឺកាលពីថ្ងៃទី២០ ខែមីនាម្សិលម៉ិញរួចមក ថា ខាងនគរបាលគ្រាន់តែសាកសួរពីសាវតា ប្រវត្តិការងារ ការស្នាក់នៅ និងហេតុការណ៍ដែលកើតឡើងនាពេលនោះប៉ុណ្ណោះ។ ដោយមានអមដំណើរ ដោយមេធាវីមកពីអង្គការការពារសិទ្ធិមនុស្ស លីកាដូន នោះផង ឪពុករបស់ជនរងគ្រោះរូបនេះ បានឆ្លើយថា លោកមិនបានដឹងពីរឿងហេតុ យ៉ាងណានោះទេ។ តែលោកសួស សំអុល បានស្រង់សំដីនគរបាលនៅពេលសាកសួរនោះ មកនិយាយថា «សំណងរដ្ឋប្បវេណីត្រូវតែមាន។ គេនឹងបញ្ជូនទៅដល់ដៃតុលាការ។ គេគ្រាន់តែជាអ្នកកាប់ឆ្កាព្រៃទេ ហើយនិងហៅជាបន្តបន្ទាប់ ទាំងអ្នកស្លាប់ និងអ្នករបួស។»
សម្រាប់អ្នកស្រី ហាស់ សំនៀង ត្រូវជាភរិយាលោក គឹម ផល្លាត បានប្រាប់នគរបាលក្នុងពេលសាកសួរនោះ ថានៅថ្ងៃកើតហេតុ លោក គឺម ផល្លាត គ្រាន់តែបាននិយាយតាមទូរស័ព្ទ ប្រហែលម៉ោងប្រាំបីព្រឹកថា «គាត់នឹងចូលរួមធ្វើបាតុកម្ម ទាមទារតំឡើងប្រាក់ខែ១៦០ដុល្លាដែរ។ (…) លុះម៉ោងជាង១០ព្រឹក ក៏ហៅលែងចូល។ ទើបរសៀលម៉ោងពីរ បានទទួលដំណឹងថាប្តីត្រូវបានគេបាញ់ស្លាប់។»
ទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានគ្រួសារម្នាក់ក្នុងចំណោមគ្រួសារនៃជនរងគ្រោះទាំងបួននាក់ នៅមិនទាន់បានទទួលដីកាកោះនោះនៅឡើយ។ អ្នកស្រី ឈីវ ផានិត ភរិយាជនរងគ្រោះអាយុ២៥ឆ្នាំ ឈ្មោះ កង រ៉ាវី មកពីខេត្តតាកែវ ដែលមិនទាន់ត្រូវបានក្រសួងមហាផ្ទៃកោះហៅទៅសាកសួរនេះ បានបង្ហាញក្ដីសង្ឃឹមថា អ្នកស្រីនឹងត្រូវក្រសួងមហាផ្ទៃ ហៅនៅពេលណាមួយ ដូចគ្រួសារបីខាងលើជាក់ជាមិនខាង។
តាមការបញ្ជាក់របស់លោក ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាអ្នកទទួលបន្ទុក ក្នុងការសារសួរសាច់ញាតិនៃជនរងគ្រោះ និងអ្នកដែលបានបាត់បង់ជីវិតនៅផ្លូវវេងស្រេង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោកបានចេញដីកាកោះហៅនោះ មានចំនួនប្រាំមួយគ្រួសារ ទៅតាមការចង្អុលបង្ហាញរបស់តុលាការ ក្នុងការសាកសួរជាជំហានទីមួយ។ លោកបន្តរថា មកទល់នឹងពេលនេះ ទើបមានគ្រួសារនៃអ្នកស្លាប់តែម្នាក់គត់ (គ្រួសាជនរងគ្រោះ ឈ្មោះ គឹម ផល្លាត) ដែលបានចូលមកភ្លឺ។ លោកនៅមិនទាន់ដឹងថា ត្រូវចេញដីកាកោះហៅថែម ឬយ៉ាងណានោះទេ ដោយត្រូវពិនិត្យទៅលើភាពជាក់ស្តែង ថានឹងត្រូវធ្វើការកោះហៅអ្នកណាទៀត ក្រោយពេលសាកសួរបានគ្រប់គ្នាហើយនោះ។ សំរាប់អ្នកទទួលដីការហើយ មិនទាន់បានចូលមកបំភ្លឺតាមការកំណត់ ត្រូវបានលោកបញ្ជាក់ថា «អាចចូលនៅពេលក្រោយក៏បាន។ ពេលណាក៏បានដែរ បើមិនរវល់នោះ ឬថ្ងៃច័ន្ទនេះក៏បានដែរ មិនទាស់ខុសអីនោះទេ។»
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី ថា ក្រសួងមហាផ្ទៃ ជាសេនាធិការរបស់ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា ជាដើមបណ្តឹងអាជ្ញា តំណាងឲ្យសាធារណៈជនទូទៅ។ ទោះជាគ្មានពាក្យបណ្តឹងក៏ដោយ ករណីមនុស្សស្លាប់ នៅវេងស្រេង ព្រះរាជអាជ្ញាអាចចាត់ឲ្យសេនាធិការធ្វើការសាកសួរ ទៅលើអ្នកដែលពាក់ព័ន្ធទាំងអស់។ លោកបន្តរថា សម្រាប់អ្នកស្លាប់នៅផ្លូវវេងស្រេងទាំងនោះ ដែលបានដាក់ពាក្យបណ្តឹងមកឲ្យអង្គការលោក ឲ្យជួយអន្តរាគមរកយុត្តិធម៌ លោកបន្តអន្តរាគមតាមច្បាប់ ដូចជាបានចាត់តាំងមេធាវីម្នាក់ ដើម្បីអមជាមួយនឹងការសាកសួរនេះ (ជាក់ស្តែងជាមួយគ្រួសារសពលោកគឹម ផល្លាត ដែលទើបនឹងត្រូវបានក្រសួងមហាផ្ទៃកោះសួរ)។
ទោះយ៉ាងណាក្តី មន្រ្តីសិទ្ធិមនុស្សរូបនេះបានបន្តថា លោកគ្មានជំនឿលើការស្វែងរកយុត្តិធម៌ របស់ក្រសួងមហាផ្ទៃនោះទេ បើពួកគាត់នៅតែគ្មានឆន្ទៈដោះស្រាយ ជូនជនរងគ្រោះពិតប្រាកដនោះ។ លោកបានថ្លែងបញ្ជាក់ថា «ស្ពានអាកាសក្បាលថ្នល់ បាញ់ស្លាប់មួយ របួសជាច្រើន។ គល់ស្ពានស្ទឹង មានជ័យស្លាប់មួយ របួសជាច្រើន។ (…) មកទល់ពេលនេះ មិនទាន់មានឃើញជនល្មើសណាមួយ ដែលត្រូវនាំទៅតុលាការ ដើម្បីធ្វើការផ្តន្ទាសទោសតាមច្បាប់ទេ ក្រៅពលរដ្ឋត្រូវបានគេចាប់ និងដាក់ពន្ធនាគាររហូតមកទល់ពេលនេះ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ មីនា ២០១៤