ក្រសួងមហាផ្ទៃស្នើព្រះរាជា លើកលែងនិងបន្ធូទោស ដល់ទណ្ឌិត
អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់ប្រារព្ធធ្វើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា។
អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ។ លោកបាននិយាយទៀតថា៖ «ពន្ធនាគារបានស្នើរសុំចំនួន ៦២៥នាក់ ប៉ុន្តែយើងកំពុងប្រជុំដើម្បីសម្រេច យើងមិនទាន់ដឹងថា មានចំនួនប៉ុន្មានពិតប្រាកដ ថានឹងត្រូវលើកលែងទោស និងបន្ធូបន្ថយទោសនោះទេ មុននឹងបញ្ជូននៅព្រះមហាក្សត្រ ព្រះរាជប្រទានលើកលែងទោស និងបន្ធូបន្ថយទោស»។
លោកបានថ្លែងឲ្យដឹងថា នៅក្នុងមួយឆ្នាំ ពន្ធនាគារទូទាំងប្រទេស បានអាចស្នើរសុំលោកលែងទោស និងបន្ធូបន្ថយទោសដល់ទណ្ឌិត បានចំនួន៣ដងគឺនៅ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ និង ថ្ងៃបុណ្យអុំទូក។ លោកបានបញ្ជាក់ថា៖ «ទណ្ឌិតដែលត្រូវលើកលែងទោស និងបន្ធូបន្ថយទោសលុះត្រាតែកែខ្លួននៅក្នុងពន្ធនាគារ អាចធ្វើសមាហរណកម្មរស់នៅជាមួយ សហគមន៍របស់ពួកគេបាន»។
លោក គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានពន្យល់ ថាអគ្គនាយកដ្ឋានធ្វើការស្នើរសុំទៅ ក្រសួងយុត្តិធម៌ហើយមុននឹងបញ្ជូនទៅ ព្រះមហាក្សត្រ។ លោកបានបន្ថែមទៀតថា៖ «យើងកំពុងតែប្រជុំសម្រេចរឿងនេះ យើងពុំទាន់ដឹងតួរលេខច្បាស់ប៉ុន្មាននោះទេ»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ទណ្ឌិតដែលអាចលើកលែងទោសបាន លុះត្រាតែបានអនុវត្តទោសរបស់ខ្លួន២ភាគ៣ និងបានកែប្រែខ្លួននៅក្នុងពន្ធនាគារបានល្អ ទើបប្រធានពន្ធានគារស្នើរសុំមកក្រសួង ឲ្យលោកលែងទោស និងបន្ធូបន្ថយទោសបាន ប៉ុន្តែកន្លងមក តែងតែមានការអនុវត្តន៍ផ្ទុយដូចករណី លោក ស សុង ក្នុងទំនាស់រឿងដីធ្លីតូចតាចមួយ ត្រូវបានជាប់ទោស៦ឆ្នាំ ហើយគាត់បានជាប់ពន្ធនាគារលើលចំនួន២ភាគ៣ ប៉ុន្តែពុំបានត្រូវលើកលែងរឺបន្ធូបន្ថយទោសនោះទេ គាត់ជាប់ពន្ធនាគាររហូតបានអនុវត្តទោសគាត់ទាំងអស់។ លោកបានទម្លាយរឿងនេះ អញ្ចេះថា៖ «យើងតែងតែលឺពីសាច់ញាត្តិទណ្ឌិតថា បើចង់លើកលែងទោស រឺបន្ធូរបន្ថយទោស លុះត្រាតែមានលុយឲ្យគេ»។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានស្នើរសុំទៅព្រះមហាក្សត្រធ្វើការលើកលែងទោសដល់ ទណ្ឌិតនៅទូទាំងប្រទេសចំនួន ៤១២នាក់ និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៨៤នាក់ ក្នុងពិធីថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយក្នុងនោះមានទាំងស្តី្រដែលមានផ្ទៃពោះចាស់ជរា និងមានជំងឺរ៉ាំរៃ ផងដែរ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២០ មីនា ២០១៤