ស្លាប់ម្នាក់ របួស៤នាក់ ព្រោះកាំជ្រួចអបអរខួប១០ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 29, 2014
- ប្រធានបទ: ឧប្បទេវហេតុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីអំណរក្នុងថ្ងៃអបអរសាទរ ខួបមួយទសវត្សរ៍ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្ដម សីហមុនី មិនបានបញ្ចប់ទៅ ដូចការគ្រោងទុក ជាមួយនឹងកាំជ្រួចជ្វាលា ដ៏សប្បាយរីករាយនោះទេ។ ប៉ុន្តែគឺកម្មវិធីបាញ់កាំជ្រួច អបអរសារទនេះហើយ ដែលបានផ្ដាច់ជីវិតមនុស្សម្នាក់ និងធ្វើឲ្យរបួសមនុស្ស៤នាក់ទៀត ខណៈពួកគេបានទៅឈរមើលការបាញ់កាំជ្រួចនេះ នៅលើទីតាំងត្រើយម្ខាង នៃទន្លេសាប ខាងមុខព្រះបរមរាជវាំង។
ប្រភពនៅនឹងកន្លែង បានឲ្យដឹងថា គ្រោះថ្នាក់ដ៏អាណោចអាធម បានកើតឡើង ដោយសារកាំជ្រួចដែលបានបាញ់ខុសបច្ចេកទេស បានហោះមកផ្ទុះនៅក្នុងចំណោមហ្វូងមនុស្ស វេលាម៉ោងប្រមាណជា ៧ និង១៥នាទី យប់ថ្ងៃទី២៩ ខែតុលានេះ។ តាមការផ្ទៀងផ្ទាត់អត្តសញ្ញាណ បានឲ្យដឹងថា យុវជនជាជនរងគ្រោះ មានឈ្មោះ ណាគ្រី ដារ៉ូ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល រៀននៅសកលវិទ្យាល័យសីុតិច។
សាលារាជាធានីភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ ពីគ្រោះថ្នាក់ដល់បាត់បង់ជីវិតដែរ។ នេះបើតាមរបាយការណ៍ភ្លាមៗ ផ្សាយតាមវិទ្យុអាស៊ីសេរី។
អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក ខេង ទីតូ ក៏បានថ្លែងប្រាប់វិទ្យុមួយនេះ អោយដឹងដែរថា ហេតុការណ៍នោះកើតឡើង គឺបញ្ហាកំហុសបច្ចេកទេស ក្នុងពេលបាញ់កាំជ្រួច។ លោក បានលើកយករបាយការណ៍បថមមួយ មកពន្យល់ថា៖ «គ្រាប់កាំជ្រួចដែលខុសបច្ចេកទេសបានធ្លាក់ទៅលើពលរដ្ឋដែលកំពុងមើលកាំជ្រួច នៅក្រៅបរិវេណហាមឃាត់ ឬតំបន់គ្រោះថ្នាក់ ប្រមាណ១រយម៉ែត្រ»។
រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ទទួលបានដំណឹងថា តើនរណាជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួចនេះ ហើយថាតើអាជ្ញាធរ នឹងចាត់វិធានការយ៉ាងណានោះនៅឡើយ៕