វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

បើគ្រាន់តែមិនសរសេរ ឬហៅ«សម្ដេច» តាមគោរមងារដែលផ្ដល់​ដោយព្រះមហាក្សត្រ នៅក្នុង​អត្ថបទ​ព័ត៌មាន ឬ​ការ​ផ្សាយ​នោះ តើវាជាករណី«ល្មើសច្បាប់» រហូតត្រូវក្រសួងព័ត៌មាន​ដក​ហូត​អាជ្ញាប័ណ្ណ ហាមប្រាម​មិន​ឲ្យ​ចេញ​ផ្សាយ​ឬ? បើទោះជាពេលនេះ នាយករដ្ឋមន្ត្រីបាន​ប្រកាស​លប់​ចេញ​វិញ​ក៏​ដោយ ក៏​វិធានការនេះ ត្រូវ​បាន​គេ​មើល​ឃើញ ថា​ក្រសួង​បាន​ដើរ​ហួស (ឬមិន​យល់​​ឲ្យ​បាន​​ជ្រៅ) សម្រាប់តួនាទី​របស់​ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងរបបប្រជាធិបតេយ្យ និង​បាន​បង្ក​ឲ្យ​ប៉ះពាល់ ដល់​សិទ្ធិសេរីភាព​នៃ​ការ​សរសេរ ឬការ​ផ្ដល់​ព័ត៌មាន ដែល​មាន​លក្ខណៈ​សេរី និង​ទំនើប ប្រកប​ដោយ​វិជ្ជាជីវៈ។
វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។ (រូបថត MONOROOM.info Mag)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 10, 2016
  • ប្រធានបទ: គោរមងារ«សម្ដេច»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ (រាប់ទាំងសារព័ត៌មាន) ត្រូវបានគេចាត់ទុក ថាជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងនីតិតុលាការ។ ហើយអំណាចទាំងបួននេះ ត្រូវ​ចែក​ឲ្យដាច់ពីគ្នា និងត្រូវគោរពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃច្បាប់។ ជាពិសេសត្រូវគោរពសិទ្ធិ នៃ​ការ​យក​ព័ត៌មាន និងការបញ្ជូនព័ត៌មាន របស់សារព័ត៌មាន។ សារព័ត៌មានមានសិទ្ធិ ធ្វើព័ត៌មានពីអ្វីមួយ ទៅ​តាម​វិជ្ជាជីវៈ ដែលខ្លួនយល់ពីភាពចាំបាច់ ដើម្បីបញ្ជូនប្រាប់បន្តឲ្យទៅមហាជន ដោយគ្មានការលូកដៃលូកជើង ពី​នរណា​ផ្សេង ឬពីអាជ្ញាធរឡើយ។

ដូច្នេះរវាងរដ្ឋាភិបាល (នីតិប្រតិបត្តិ) ដែលត្រូវបម្រើពលរដ្ឋ និងសារព័ត៌មាន (ដែលមិនមែនជាសារព័ត៌មាន បែប​កុម្មុយនីស) ដែលត្រូវបម្រើអ្នកអាន អ្នកទស្សនា (ឬនិយាយឲ្យចំ បម្រើពលរដ្ឋដូចគ្នា) មិនមានភាពចាំបាច់​ត្រូវ​មាន​ម្ខាង មក«បង្គាប់»ម្ខាងទៀត ឲ្យលើសពីអ្វី ដែលគេហៅថា ជាការគោរពគ្នា​ទៅវិញទៅមក​នោះឡើយ។ សម្រាប់​អ្នកសារព័ត៌មាន ភាពមិនចាំបាច់នេះ​ក៏​កាន់​តែមាន​ខ្លាំង​ដែរ ​ដោយហេតុថា ក្រម​​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន បានចងអ្នក​សារព័ត៌មាន​ខ្លួន​ឯង​រួចហើយ មាន​ជា​គោលការណ៍​ដូច​ជា ត្រូវ​ជៀស​វាងការជេរប្រទេច រាយការណ៍ខុសពីការពិត ខុសពីតួនាទី រាយការណ៍​ដាក់​ទំងន់​តែម្ខាង ឬ​រាយការណ៍​​ដោយ​«រណប-លំអៀង»​​នោះ​ជាដើម។ ប្រសិនជា​អ្នក​សារព័ត៌មាន​​ប្រព្រឹត្តិ​​កំហុស គេអាចស្នើ​ឲ្យ​សារព័ត៌មាន ឬអ្នកសារព័ត៌មាន​នោះ​​កែ​តម្រូវ​ឡើង​វិញ និងមានតុលាការ ជាអ្នកវិន្និច្ឆ័យសម្រេច។

ចុះក្រសួងព័ត៌មានកម្ពុជា (របបប្រជាធិបតេយ្យ​​ភាគច្រើនក្នុងលោក គ្មានក្រសួងនេះទេ) ដែល​កន្លង​មក បាន​បង្គាប់​​​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសារព័ត៌មាន ឲ្យចាំបាច់ត្រូវប្រើ ឬសរសេរគោរមងារ «សម្ដេច» នៅ​រៀង​រាល់​អត្ថបទ​​ព័ត៌មាន ឬការផ្សាយ ដែលទាក់ទងនឹងកំពូលមន្ត្រី ដែលមានគោរមងារនេះ មានទិដ្ឋភាពបែបណា?

និយាយ​ពីរម៉ាត់ឲ្យខ្លី៖ វាជាការលូកដៃលូកជើង និងបង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយ ត្រូវ«លំអៀង»ទៅតាមនិន្នាការមួយ ពី​សំណាក់​ក្រសួងព័ត៌មាននេះតែម្ដង។ ហេតុអ្វី បានជាត្រូវចាត់ទុកការបង្គាប់នេះ ជាការបង្ខំឲ្យ«លំអៀង» បើ​គ្រាន់​តែ​សុំ​ឲ្យ​បន្ថែម​ពាក្យ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬសេចក្ដីរាយការណ៍នីមួយៗ? ព្រោះក្រសួង​ព័ត៌មាន​​​មាន​មូលហេតុ ដែល«ខ្វះលក្ខណៈវិទ្យាសាស្ត្រ»​ចំនួនពីរនេះ ដើម្បីអះអាងពីនិតិភាព​​​​នៃការបង្គាប់​របស់​ខ្លួន៖ (១) ជាគោរមងារផ្ដល់ដោយព្រះមហាក្សត្រ ដែលចាំបាច់ត្រូវតែគោរពតាម និង(២) ជាប្រពៃណីរបស់​ខ្មែរ ដែលតែងតែ​ហៅ​តាម​គោរមងារ​នេះ​រហូត​មក។

ហួសសម័យហើយ!

ចំពោះមូលហេតុទីពីរ គេរកមិនឃើញទឡ្ហីករណ៍រឹងមាំ ឬឯកសារ គុម្ពីសាស្ត្រា នៃវប្បធម៌ប្រពៃណី​ទំនៀម​ទម្លាប់​ណា​មួយ ចែងជាតម្រាមកថា ពលរដ្ឋត្រូវតែហៅ មន្ត្រីក្រមការណាម្នាក់ ទៅតាមគោរមងានោះឡើយ។ វៀរ​លែង​តែ​នៅ​ក្នុង​សម័យកាល «ទូលបង្គំមានកំហុស ទូលបង្គំគួរតែស្លាប់» ដែលរាស្ត្រគ្រាន់តែជា«ខ្ញុំកញ្ជះ» នៅ​«ក្រោម​ល្អង​ធូលី​ព្រះ​បាត»​​ប៉ុណ្ណោះ។ លោក ហ៊ុន សែន ក៏ធ្លាប់និយាយដែរថា សម័យនេះមិនមែន «ទូលបង្គំ​គួរ​តែ​ស្លាប់» ​នោះទៀត​ទេ តែជាសម័យ«ព្រះអង្គមានកំហុស ទូលបង្គំគួរតែរស់»។

ឬមួយពលរដ្ឋ និងអ្នកសារព័ត៌មាន ត្រូវហៅមន្ត្រី«គ្រាក់ៗ» ទៅតាមគោរមងារ ជា«សម្ដេច» ដោយហេតុ​ត្រូវ​ធ្វើ​តាម​សម័យ​មុន? តើពលរដ្ឋនិងអ្នកសារព័ត៌មាន ត្រូវហៅព្រះមហាក្សត្រ ថាជា​«បន​ប្រតិកិរិយា» ឬ​​ជា​តំណាង​ឲ្យ​វណ្ណៈ​សក្ដិភូមិ​​«ជិះជាន់» ឲ្យដូចលោក ហ៊ុន សែន និងមន្ត្រីក្បែរខ្លួន​លោក​ច្រើននាក់ ដែល​ធ្លាប់ហៅ​ព្រះ​មហាក្សត្រ​​ដូច្នេះ នៅក្នុងរបប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ (សម័យមុន) នោះ​ដែរឬ?

ជាគោរមងារ«កិត្តិយស»

ហើយបើគេត្រឡប់មក​មូលហេតុទី​មួយវិញ គេនឹងយល់កាន់តែជ្រៅថា គោរមងារជា«សម្ដេច» ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជូនដល់មន្ត្រី«គ្រាក់ៗ»ទាំងប៉ុន្មាននាក់នេះ គ្រាន់តែជាគោរមងារ«កិត្តិយស»ប៉ុណ្ណោះ។ ហេតុអ្វី​ក៏​ជា​គោរមងារ«កិត្តិយស»? ព្រោះគោរមងារទាំងនេះ កើតចេញពីព្រះមហាក្សត្រអង្គឯង តែមិន​មែន​ជា​គោរមងារ ដែល​មាន​ចែងឡើង ដោយច្បាប់នោះឡើយ។ ហេតុអ្វី ក៏ច្បាប់ត្រូវធំជាងព្រះមហាក្សត្រ? ព្រោះ​កម្ពុជា ជា​ព្រះ​រាជា​ណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ បើគេចូលទៅអាន ព្រះរាជក្រិត្យតែងតាំងទាំងនោះ (នៅ​ទំព័រ​បន្ទាប់) គេក៏ឃើញ​ដែរ ថា​ព្រះ​មហាក្សត្រ​ទ្រង់យល់ តាមរដ្ឋធម្មនុញ្ញដើម្បីផ្ដល់គោរមងារ (និងព្រះរាជក្រិត្យខ្លះ​ទៀត មិន​ឃើញ​ទ្រង់​យល់​តាម​ច្បាប់​អ្វី​នោះទេ)។

ដូច្នេះសួរទៀតថា បើទ្រង់យល់តាមរដ្ឋធម្មនុញ្ញ តើមាត្រាណាមួយ​ ដែលចែង​ពី​គោរមងារ​ទាំង​នេះ? សូម​អាន​​មាត្រា​​ទាំងពីរ​ខាង​ក្រោម ដែលចែងពីបុព្វសិទ្ធិ របស់ព្រះមហាក្សត្រ ក្នុងការតែងតាំងនរណាម្នាក់ ទៅ​ជា​អ្វី​មួយ (តែ​រក​មិន​ឃើញ ថា​​ព្រះ​អង្គ​ត្រូវ​ព្រះ​រាជ​ទាន​​គោរមងារ ហើយបង្គាប់ឲ្យអ្នកផង ត្រូវគោរពតាម​នោះ​ទេ)៖

មាត្រា​ ២១
តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់​ប្ដូរ​ ឬ​ បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​ និង​ យោធា​ ឯក​អគ្គរាជ​ទូត​ និង​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព។
តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​​ លើ​ព្រះរាជ​ក្រឹត្យ​​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ ដក​ចៅក្រម​ផ្នែក​យុត្តាធិការ។

មាត្រា​ ២៩​ ថ្មី​
ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើត និងប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។
ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធា និង​ ស៊ីវិល​តាម​ច្បាប់​កំណត់។

គោរមងារប្រកបដោយភាពមន្ទិល

បន្ថែមពីលើនេះ គោរមងារ«សម្ដេច» ត្រូវបានគេមើលឃើញ ថាបានផ្ដល់ជូន​អស់លោក«គ្រាក់ៗ»ទាំងនោះ ជា​មួយនឹងភាពមន្ទិល។ គេឆ្ងល់ថា បើលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិន​ទទួល​មរណៈភាព ហើយលោក ហ៊ុន សែន នៅតែជាអនុប្រធាន​គណបក្សដដែលនោះទេ តើលោក ស ខេង និង​លោក សាយ ឈុំ អាចនឹងត្រូវឡើង​ មកធ្វើជាអនុប្រធាន​គណបក្សមួយនេះ ស្មើនឹងលោក ហ៊ុន សែន ដែរ​ឬ? ហើយលោក សាយ ឈុំ អាចនឹងត្រូវឡើងមក ជាប្រធានព្រឹទ្ធសភាឬទេ?

ដូច្នេះសួរទៀតថា តើគោរមងារជា«សម្ដេច»នេះ នឹងត្រូវប្រទាន ឲ្យទៅលោក ស ខេង ឬលោក សាយ ឈុំ ឬទេ ប្រសិនជាលោកនៅមានថានៈ ត្រឹមជាអនុប្រធានព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី តាំងពីយូរ​មកហើយ​នោះ? ហេតុអ្វី ក៏ការប្រទានគោរមងារនេះ ត្រូវបានធ្វើឡើង នៅចំពេលការជ្រើសតាំងលោកទាំងពីរ មក​ជា​អនុ​ប្រធាន​​គណបក្ស​​កាន់​អំណាច? បើថា លោកទាំងពីរបានបម្រើ ស្រឡាញ់ប្រទេសជាតិ ប្រជាជន។ល។និង។ល។ ចុះហេតុអ្វីមន្ត្រីគ្រាក់ៗផ្សេងទៀត (ជាឧទាហរណ៍ លោក ហោ ណាំហុង ដែលធ្លាប់បម្រើជាតិច្រើនជំនាន់) មិនមានភ័ព្វសំណាងដូចនេះផង? នេះ គេនៅមិនទាន់និយាយដល់ មនុស្សជាច្រើននាក់ផ្សេងទៀត ដែល​បាន​បម្រើ ស្រឡាញ់​ប្រទេស​ជាតិ ប្រជាជន។ល។និង។ល។ ដូចគ្នាដែរ (ឬជាង)​នោះផងទេ។

ចំណុចអស់ទាំងនេះហើយ ដែលក្រសួងព័ត៌មានកម្ពុជា គប្បីបើកភ្នែកមើលឲ្យគ្រប់ជ្រុងជ្រោយ ជាជាងមក​កំហិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ឲ្យត្រូវធ្វើអញ្ចេះធ្វើអញ្ចុះ ជាពិសេស​បង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយ មានជំហរ​«លំអៀង»​តាម​ខ្លួន ព្រោះ​តែ​ពាក្យ«សម្ដេច»មួយម៉ាត់នេះ៕

-------------------

ដើម្បីយល់ (ឬយល់ឡើងវិញ) ពីព្រះរាជក្រិត្យផ្ដល់គោរមងារទាំងនេះ សូមចុចលើទំព័របន្ទាប់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...