អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ឈ្នះអ៊ីតាលីទាំងពិបាក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០២ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 03, 2016
- ប្រធានបទ: អ៊ឹរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និយាយឲ្យមែនទែនទៅ ក្រុមទាំងពីរ ក្នុងការប្រកួតនៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នាយប់នេះ សុទ្ធតែជាក្រុមយក្ស ខាងបាល់ទាត់។ ប៉ុន្តែ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងកាន់ពានជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយនោះ នៅតែបន្តបង្ហាញគេឯង ពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន ឆ្ពោះទៅដណ្ដើមពានជើងឯកអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦នេះទៀត បន្ទាប់ពីបានផ្ដួល ជាមួយក្រុមអ៊ីតាលី ដែលធ្លាប់ឈ្នះ ជាម្ចាស់ជើងឯកពិភពលោកច្រើនដង ដូចខ្លួនដែរ (ជាពិសេសកាលពីឆ្នាំ២០០៦)។
ប៉ុន្តែការឈ្នះ របស់ក្រុមអាល្លឺម៉ង់ ដោយទាត់គ្រាប់បាល់កាត់សេចក្ដី នៅចុងម៉ោងបន្ថែម ៩គ្រាប់ម្ខាង (ដំបូង៥គ្រាប់ម្ខាង តែនៅតែស្មើ ក៏បន្ត៤គ្រាប់ម្ខាងទៀត) មិនបានធ្វើឲ្យក្រុមអ៊ីតាលី បាក់មុខឡើយ ដោយសារតែក្រុមអ៊ីតាលី បានបង្ហាញពីការប្រយុទ្ធ និងការការពាររបស់ខ្លួនយ៉ាងល្អ សឹងតែពេញមួយម៉ោងប្រកួត (៤៥នាទី+៤៥នាទី+១៥នាទី+១៥នាទី)។ ខ្សែការពារអ៊ីតាលីដ៏រឹងមាំ ដែលមានចំនួនកីឡាករ សឹងតែពី៥ទៅ៦នាក់ បានធ្វើជារនាំងទប់ក្រុមអាល្លឺម៉ង់ មិនអាចធ្វើអ្វីខ្លួនបាន រហូតលុះត្រានៅនាទីទី ៦៥ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ទើបក្រុមអាល្លឺម៉ងឆ្លៀតរកបាន ចន្លោះប្រហោងរបស់ខ្សែការពារអ៊ីតាលី ហើយកីឡាករអាល្លឺម៉ង់ «Ozil» បានរកគ្រាប់បាល់បានមួយគ្រាប់។
បន្ទាប់ពីត្រូវក្រុមអាល្លឺម៉ង់នាំពិន្ទុមុខដូច្នេះ ក្រុមអ៊ីតាលីបានរៀបចំការប្រយុទ្ធ ដើម្បីរកគ្រាប់បាល់យកស្មើមកវិញ និងបានរុញខ្សែការពារអាល្លឺម៉ង់ រហូតដល់កីឡាករអាល្លឺម៉ង់ «Boateng» បានលើកដៃឡើងធ្វើឲ្យប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ នៅនាទីទី៧៧។ កំហុសរបស់កីឡាករខ្សែការពារអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាលចាប់ពិន័យ ដោយឲ្យក្រុមអ៊ីតាលីទាត់បាល់ពិន័យ ១១ម៉ែត្រ រកពិន្ទុបានមកវិញ ១ទល់នឹង១ (គ្រាប់បាល់ទាត់ដោយកីឡាករអ៊ីតាលី «Bonucci»)។
ការប្រកួតបន្តទៅមុខ រហូតថែមម៉ោង១៥នាទីសងខាង តែមិនមានលទ្ធផលចាញ់ឈ្នះអ្វីទេ បើទោះជាក្រុមកីឡាករទាំងសងខាង មានឱកាសទាត់បញ្ចូលទី បានប៉ុន្មានដងក៏ដោយ។ នៅក្នុងវគ្គទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ៥គ្រាប់ម្ខាង ក្រុមទាំងសងខាង រកបានគ្រាប់បាល់តែ២ស្មើប៉ុណ្ណោះ ហើយបានបន្តទៅដល់ទាត់បាល់កាត់សេចក្ដីនេះ មួយគ្រាប់ម្ដងៗ រហូតលុះត្រា៩គ្រាប់ម្ខាង ទើបក្រុមអាល្លឺម៉ង់រកបានជ័យជំនះ (៦-៥) និងច្បាស់ថាខ្លួនបានឡើង ទៅដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវទៅជួបក្រុមបារាំងម្ចាស់ផ្ទះ ឬក្រុមអ៊ីស្លង់ (អាយឡេន) នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍ខាងមុខ ដោយទុកឲ្យក្រុមទាំងពីរ ជួបប្រកួតគ្នាយកចាញ់ឈ្នះ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យនេះសិន៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖