ខៀវ កាញារីទ្ធ ព្រមានដកហូតអាជ្ញាប័ណ្ណ បើមិនហៅ«សម្ដេច»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 02, 2016
- ប្រធានបទ: គោរមងារ «សម្ដេច»
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គោរមងារ«សម្ដេច» មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មេដឹកនាំកម្ពុជា ដែលចាំបាច់បង្ខំឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ឬសារព័ត៌មាន ត្រូវតែសរសេរ ឬហៅតាម។ នេះ បើទោះជាគ្មានច្បាប់ណាបានចែងជាធរមានថា ប្រព័ន្ធផ្សព្វផ្សាយត្រូវសរសេរ ឬហៅ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬការផ្សាយរបស់ខ្លួននោះក៏ដោយ។
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កាលពីម្សិលម្ងៃ ជាថ្ងៃចុងក្រោយនៃឱសានវាទ ដាក់ដោយក្រសួងព័ត៌មានកម្ពុជា ដែលប្រាប់ឲ្យបណ្ដាញផ្សព្វផ្សាយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ឲ្យហៅបណ្ដាមេដឹកនាំ«កំពូល» ទៅតាមគោរមងារ«សម្ដេច»។ ប៉ុន្តែ មកដល់ពេលនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយធំៗ ជាច្រើនហាក់មិនខ្វល់ពីការ«ណែនាំ»នេះឡើយ។ នៅចំពោះករណី ដែលក្រសួងព័ត៌មានចាត់ទុកថា ជាការ«រឹងរូស»របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានថ្លែងព្រមានថា នឹងដកហូតអាជ្ញាប័ណ្ណ មិនឲ្យផ្សាយតទៅទៀត។
បណ្ដាញផ្សព្វផ្សាយ ដែលគេបានដឹងថា នៅប្រកាន់ជំហរ«រឹងរូស»មកទល់នឹងថ្ងៃទី២ ខែកក្កដានេះ មានដូចជា វិទ្យុសម្លេងបរទេស ដែលផ្សាយជាខេមរភាសាមួយចំនួន វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ ឌឺខេមបូឌាដេល្លី ភ្នំពេញប៉ុស្ដ៍ ដោយមិនភ្លេចផងទេ ពីទស្សនាវដ្ដីផ្សាយតាមប្រព័ន្ធអ៊ិនធើណែត មនោរម្យ.អាំងហ្វូ ខ្លួនឯងនេះ។ សេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ជុំវិញគោរពងារ«សម្ដេច»នេះ មានវិសាលភាពដូចគ្នា ទៅលើទីភ្នាក់ងារព័ត៌មានបរទេសធំៗ ដែលមានទីតាំងយកព័ត៌មាន នៅក្នុងប្រទេសកម្ពុជាដែរ ក្នុងនោះមានដូចជា XINHUA REUTERS AFP និង AP ជាដើម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី២ ខែកក្កដានេះថា ក្រសួងព័ត៌មាននឹងធ្វើលិខិតព្រមានជាលើកទី១ សម្រាប់អង្គភាពព័ត៌មាន ដែលមិនព្រមសរសេរគោរមងារ «សម្តេច» ក្នុងអត្ថបទព័ត៌មាន ឬការផ្សាយរបស់ខ្លួន។ លោកបន្តទៀតថា បើអង្គភាពព័ត៌មានទាំងនោះ នៅបន្តរឹងរូស មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេ ក្រសួងនឹងដកហូត«អាជ្ញាប័ណ្ណ» មិនឱ្យចេញផ្សាយតែម្តង។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងព័ត៌មានបានកោះហៅ អ្នកទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងពីបទបញ្ជា ដែលតម្រូវឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវប្រើគោរមងារ«សម្ដេច» នៅក្នុងអត្ថបទឬការផ្សាយរបស់ខ្លួន និងបានទុកពេល ឲ្យអង្គភាពព័ត៌មានទាំងនោះ រហូតដល់ចុងខែមិថុនា មុននឹងក្រសួងព័ត៌មានចាត់វិធានការ ដកហូតអាជ្ញាប័ណ្ណ ឬហាមឃាត់ការជួលម៉ោងផ្សាយ ទៅឲ្យបណ្ដាញផ្សព្វផ្សាយនោះជាដើម។ បើទោះជាការណែនាំនេះ ត្រូវបានធ្វើឡើង ដោយគ្មានច្បាប់ចែងក៏ដោយ តែក្រសួងព័ត៌មានបាននិយាយការពារសេចក្ដីណែនាំរបស់ខ្លួនថា «សម្ដេច»ជាគោរមងារផ្ដល់ដោយព្រះមហាក្សត្រ និងជាការហៅ«សម្ដេច» ជាប្រពៃណីទំនៀមទំលាប់កម្ពុជា។
ភ្លាមៗ បន្ទាប់ពីសេចក្ដីណែនាំខាងលើ ការបង្គាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយ ហៅមេដឹកនាំ«គ្រាក់ៗ» ទៅតាមគោរមងារនោះ បានល្បីរន្ទឺនៅពាសពេញពិភពលោក។ បណ្ដាញផ្សព្វផ្សាយធំៗ នៅបស្ចឹមលោកបានយកករណីនេះ ទៅចុះផ្សាយបន្ត និងបានសរសេរបាញ់មុខព្រួញ សង្កត់ធ្ងន់ទៅលើតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច តាំងពីជាង៣ទសវត្សន៍មកហើយ។ ពួកគេបានបរិហារលោក ហ៊ុន សែន តាមរយៈការបង្ខំគេឯង ឲ្យហៅលោកជា«សម្ដេច»នេះ ថាជាការ«ដុសខាត់រូបភាព»របស់លោកជានាយករដ្ឋមន្ត្រី នៅមុនការបោះឆ្នោត ឆ្នាំ២០១៧-២០១៨ មកដល់៕