សម្ថកិច្ចបង្ក្រាបឈើក្រញូងទ្រង់ទ្រាយធំ (៧ម៉ែត្រគូប) នៅបណ្ដោយព្រំដែនកម្ពុជាថៃ
ឈើក្រញ៉ូងចំនួន ៧ម៉ែត្រគូប ដែលស្មើរ ១០៩ដុំ ត្រូវបានសមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ ចុះបង្ក្រាបបាននៅខណៈធ្វើការឆ្លងដែន ពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅត្រង់ចំណុចច្រករបៀងបន្ទាយដើមអម្ពិល ស្ថិតក្នុងភូមិភ្នំរូង ឃុំបឹងវែង ស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី ២៦ ខែមិថុនា។
រូបភាពជំនួស បង្ហាញពីឈើទាំងដើមៗ ត្រូវបានកាប់រំលំ ដើម្បីរងចាំការនាំចេញ។
លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានបើកយុទ្ធការចុះបង្រ្កាបនៅព្រលប់ម៉ោង ៩យប់ រហូតឈានដល់ម៉ោង១ រំលងអធ្រាត្រថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៣ ទើបរឹបអូសឈើក្រញ៉ូងបានប្រមាណជា ៧.០២៤ ម៉ែត្រគូប។ ហើយការចុះបង្ក្រាបនេះ បន្ទាប់ពីមានការសង្ស័យលើរថយន្តដឹកអង្ករ ដែលដឹកចេញពីប្រទេសវៀតណាម ឆ្ពោះទៅប្រទេសថៃ តាមច្រករបៀងបន្ទាយដើមអម្ពិល របស់ផ្នែកសឹករងស្រុកម៉ាឡៃ។ លោកបានឲ្យដឹងទៀតថា «យើងបានធ្វើការឃាត់ឡានដឹកអង្ករ ក៏បានឃើញឡានដឹកក្រញ៉ូង នៅពីក្រោយនិងមានឈើក្រញ៉ូងជាច្រើនទៀត នៅតាមមាត់អូរនិងក្នុងអូរ។ ឈើនេះគេដឹកពីប្រទេសថៃ យកមកទម្លាក់នៅមាត់អូរ ដើម្បីឲ្យឈ្មួញនៅស្រុកខ្មែរ ដឹកចេញបន្តទៀត។ នៅក្នុងស្រុកម៉ាឡៃនេះគ្មានឈើក្រញ៉ូង សម្រាប់នាំចេញទៀតទេ:»។
លោកបានអះអាងថា បច្ចុប្បន្ននេះ ឈើទាំងអស់នោះ ត្រូវបានដឹកយកទៅដាក់ នៅឯស្នងការរដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវាស់វែង។
លោកវរសេនីយ៍ឯក យិន ប្រសិទ្ធ ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ក្រសួងមហាផ្ទៃ បានថ្លែងថា ការចុះបង្ក្រាប ជាលក្ខណៈទ្រង់ទ្រាយធំទៅលើគ្រញូងឆ្លងដែនខុស ច្បាប់នេះ គឺ អនុវត្តតាម បទបញ្ជារលេខ០២ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការស្តុកទុក ការប្រមូលទិញ និងការជួញដូរឈើគ្រញូង ក៏ដូចជាការបង្ការ ទប់ស្កាត់ និងដោះស្រាយករណី ប្រជាពលរដ្ឋឆ្លងដែនចូលទៅប្រមូល ជញ្ជូន ឬកាប់ឈើគ្រញូងនៅប្រទេសជិតខាង។ លោកបានថ្លែងទៀតថា «យើងរឹបអូសបានជាង៧ ម៉ែត្រគូបដែលមានចំនួនជាង ១០៩ដុំ ហើយឈើនោះ គឺជាប្រភេទដែលល្អបំផុត ខ្ញុំមិនដែលឃើញពីមុនមក។ យើងអាចសន្និដ្ឋានថា ១ដុំ ប្រហែលជា ២ពាន់ដុល្លារទៅ៣ពាន់ដុល្លារ ដូច្នេះយើងនឹងដឹងហើយថា តើវាមានតម្លែប៉ុន្មានបើយើងគិតសរុបនោះ។»
កាលពី ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជារ ០២ បប ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំឈើក្រញូងចេញ ដោយសម្រេចលើ៩ ចំនុច ដែលនៅក្នុងចំនុចទី១ ក្នុងកថាខណ្ឌទី២ បានលើកឡើងថា ករណីមានការឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រឈរជើងរបស់អង្គភាពណាមួយ មេបញ្ជារការអង្គភាពនោះ ត្រូវមានការទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
សូមរំលឹកថា កាលពីខែ មករា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់បទបញ្ជាជាលើកទី១ និងព្រមានខ្លាំងៗទៅលើមន្ត្រីយោធាទាំងអស់ ឲ្យបញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដី រឺគាំទ្រអ្នករកស៊ីឈើខុសច្បាប់។ ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីបទបញ្ជានោះអាជ្ញាធរខេត្តសៀមរាប បានរកឃើញឈើប្រណិតខុសច្បាប់ប្រមាណ ៤០០ម៉ែត្រគូប ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច និងទីតាំងមួយទៀត ជារបស់លោកឧកញ៉ា ឡៅ ម៉េងឃីន ដែលឧកញ៉ាទាំងពីរសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា។
លោក ឈឹម សាវុទ្ធ មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ចំពោះចំណាត់ការរបស់អាជ្ញាធរនោះវាពុំមានអ្វីដែលប្លែករឺក៏ថ្មីនោះទេគឺគ្រាន់តែអនុវត្តន៍តាមបទបញ្ជារ ០២ របស់រដ្ឋាភិបាលប៉ុណ្ណោះ គឺ«ពុំមាន»ប្រសិទ្ធិភាពក្នុងការទប់ស្កាត់ បទល្មើសក្រញូងនោះទេ។ លោកបានពន្យល់ថា ៖ «បើចង់ទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនោះ គឺត្រូវតែចាប់មេក្លោងក្រញូង រឺក៏ឈ្មួញធំមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ពីព្រោះកន្លងមក នៅពេលដែលចាប់បានក្រញូង គឺចាប់បានតែអ្នកបើករថយន្តប៉ុណ្ណោះ ហើយក៏មិនដឹងថា ក្រញូងទាំងនោះត្រូវបានគេយកទៅណានោះទេ។»
សម្រាប់មន្ត្រីសម្របសម្រួលរូបនេះ អ្នកដែលរកស៊ីក្រញូងនោះ ៨០ភាគរយ ជាមន្ត្រីកម្លាំង និងអ្នកមានអំណាច ចំពោះពលរដ្ឋដែលខូចខិលមួយចំនួននោះគឺគ្រាន់តែរកស៊ីតិចតួចប៉ុណ្ណោះ ប៉ុន្តែបើទាក់ទិនទៅនឹងការនាំក្រញូង ចេញទៅក្រៅ គឺសម្ថកិច្ចនៅតាមព្រំដែន អ្នកមានអំណាច និងអ្នកមានលុយ «ឃុបឃិតគ្នា»៕
-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ