បាល់ទាត់ពិភពលោក២០១៤៖ អង់គ្លេស ១-១ ម៉ន់តេណេក្រូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ប្រកួតបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមដែលកំពុងតែនាំមុខគេ ក្នុងពូលអេច (H) ម៉ន់តេណេក្រូ (Montenegro) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ក្តីសង្ឃឹមរបស់ក្រុមអង់គ្លេស ថានឹងត្រូវតែឈ្នះ ហើយឡើង ឈរលើកំពូលតារាងក្នុងពូលអេចនោះ ត្រូវបានខកខាន បន្ទាប់ពីការតាមបានស្មើពីក្រុមម្ចាស់ផ្ទះ។
កីឡាករ វែន រ៉ូនី នៅពេលបណ្ដើរបាល់ចេញ គេចចេញពីកីឡាករម៉ន់តេណេក្រូ។
ខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វែន រ៉ូនី (Wayne Rooney) បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមអង់គ្លេស នាំមុខមុននៅនាទី៦ ដោយការប្រើក្បាល បន្ទាប់ពីការបញ្ជូនបាល់ជ្រុងបានយ៉ាងល្អ ពីកីឡាករប្រធានក្រុម ស្តេវិន ចឺរ៉ាដ (Steven Gerrard)។
ខ្សែប្រយុទ្ធម៉ន់តេណេក្រូ ដេចេន ដាមចាណូវីក (Dejan Damjanovic) ដែលលេងឲ្យក្រុម អេហ្វស៊ី ស៊េអ៊ូល (FC Seoul) នៅប្រទេសកូរ៉េខាងត្បូង បានរកគ្រាប់បាល់ តាមយកស្មើជាមួយនឹងក្រុមអង់គ្លេស បានសម្រេចនៅនាទី៧៧។
កីឡាករខ្សែបម្រើ ស្តេវិន ចឺរ៉ាដ មានឱកាសរកគ្រាប់បាល់នៅចុងម៉ោងចំនួន២លើក ប៉ុន្តែត្រូវបានអ្នកចាំទី ម៉ាឡាដិន បូស្ស៊ូវីក (Mladen Bozovic) ជួយសង្គ្រោះ និងធ្វើការរារាំងមិនចូលទី។
ប្រធានក្រុមអង់គ្លេសរូបនេះ បាននិយាយថា «ការនាំមុខមុនចំនួន១គ្រាប់ ពិតជាមិនមានភាពកក់ក្តៅទេ ដូច្នេះទើបយើងខំស្វែងរកគ្រាប់ទី២។ ប៉ុន្តែនៅវគ្គទី២ យើងលេងគ្រប់គ្រងបាល់អត់បានល្អ ដែលធ្វើឲ្យមានការរបូតគ្រាប់បាល់។»
ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកនេះ នឹងត្រូវជួបជាមួយក្រុម ម៉ូលដូវ៉ា នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខ ក្នុងកីឡាដ្ឋានវែមប្លី (Wembley)។
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក រ៉យ ហដសិន (Roy Hodgson) បាននិយាយថា «ខ្ញុំមានអារម្មណ៏ខកចិត្តចំពោះលទ្ធផលនេះ ព្រោះក្រុមយើងលេងបានយ៉ាងល្អ តែបែរជាមិនទទួលបានជ័យជំនះទៅវិញ។ យើងទទួលបានលទ្ធផលត្រឹមស្មើ ខ្ញុំគិតថាវាមិនមែនជាលទ្ធផលដ៏អាក្រក់ទេ ព្រោះក្រុមម៉ន់តេណេក្រូ មិនមែនជាក្រុមខ្សោយ ដែលងាយស្រួលយកឈ្នះនោះទេ។ ប៉ុន្តែក្រុមរបស់យើង គួរតែទទួលបាន៣ពិន្ទុ និងគួរតែអាចឈរនៅលើកំពូលតារាងក្នុងពូលអេច៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ