ល្វីស ស្វារែស៖ សូមគោរពតាមសន្យា ហើយអនុញ្ញាតឲ្យខ្ញុំចេញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅតែទទូចចង់ចាកចេញពីក្លិប លីវើភូល (Liverpool) ដដែល បើទោះបីជាមានការលួងលោមពីគ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers), ប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard), អតីតវីរបុរសលីវើភូលជាច្រើនរូប និងក្រុមអ្នកគាំទ្ររាប់លានក៏ដោយ។
ខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅតែទទូចចង់ចាកចេញពីក្លិប លីវើភូល។ (រូបថត Digitalsport/ANB/Arkiv)
កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ ចង់លេងឲ្យក្រុមដែលមានកៅអីនៅក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) ប៉ុន្តែរហូតមកដល់ពេលនេះ មានតែក្រុមកាំភ្លើងធំ អាសឺណល (Arsenal) មួយតែប៉ុណ្ណោះ ដែលបានដេញថ្លៃជាផ្លូវការ។ ស្វារែស នឹងរៀបចំសរសេរពាក្យសុំផ្ទេរចេញ នៅចុងសប្តាហ៏នេះ ដើម្បីសម្រេចគោលបំណងរបស់គាត់ ដែលចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេមីរ៉េត (Emirates Stadium)។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ជិតនឹងផ្ទេរទៅកាន់ក្រុម ជូវីនទូស (Juventus) ម្តងដែរ កាលពីរដូវកាលមុន ប៉ុន្តែគាត់ និងក្លិបលីវើភូល បានព្រមព្រៀងគ្នាថា ឲ្យគាត់នៅ១រដូវកាលទៀត ដើម្បីជួយឲ្យក្លិបទទួលបានដំណែងកំពូលទាំង៤ (Top 4) ហើយបើក្លិបនៅតែមិនអាចទទួលបានដំណែងនោះទេ គាត់មានសិទ្ធចាកចេញបាន។
ស្វារែស បាននិយាយថា៖ «ខ្ញុំបានផ្តល់ឲ្យក្រុមទាំងអស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត កាលពីរដូវកាលមុន ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ ដើម្បីឲ្យយើងទទួលបានដំណែងកំពូលទាំង៤។ ពេលនេះ អ្វីដែលខ្ញុំចង់បាន គឺសុំឲ្យក្លិបលីវើភូលគោរពតាមកិច្ចសន្យា។ ខ្ញុំមានអាយុ២៦ឆ្នាំ។ ខ្ញុំចង់លេងឆែមពានលីក។ ខ្ញុំបានរងចាំ១ឆ្នាំហើយ ហើយគ្មានអ្នកណាអាចនិយាយទេថា ខ្ញុំមិនបានជួយក្រុមឲ្យអស់ពីលទ្ធភាព កាលពីរដូវកាលមុន។»
ស្វារែស បានចុះកិច្ចសន្យារយះពេលវែងជាមួយលីវើភូល ប៉ុន្តែបើក្រុមណាចង់ទិញផ្តាច់កិច្ចសន្យារបស់គាត់ ត្រូវតែហ៊ានឲ្យថ្លៃជាង៤០លានផោន ទើបលីវើភូលអាចលក់បាន។ ប៉ុន្តែកាលពី២សប្តាហ៏មុន អាសឺណលបានដេញថ្លៃ លើស៤០លានផោនរួចហើយ តែលីវើភូលនៅតែបដិសេធ ខណៈដែលស្វារែសនិយាយថា ក្លិបធ្វើដូចនោះ ជារឿងមួយខុសឆ្គង។
ស្វារែស បានបន្ថែមថា៖ «ខ្ញុំមិនគិតថា ក្លិបនឹងក្បត់កិច្ចសន្យានោះទេ នូវអ្វីដែលបានព្រមព្រៀងគ្នា កាលពីរដូវកាលមុន ដូចដែលខ្ញុំធ្លាប់សន្យាថា ខ្ញុំនឹងនៅបន្ត ហើយជួយក្រុមគ្រប់បែបយ៉ាងដើម្បីឲ្យបានកៅអីឆែមពានលីក។ ប៉ុន្តែទាំងនោះ ជារឿងកាលពីឆ្នាំមុន ពេលនេះក្លិបមិនអាចនិយាយដូចនោះទៀតទេ។»
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ នឹងអវត្តមានក្នុងការប្រកួតមិត្តភាព ជាមួយនឹងក្រុម វ៉ាឡឺរ៉ិនហ្គា (Valerenga) របស់ន័រវែស នៅយប់ថ្ងៃព្រហស្បត្ត៏ ដោយសារតែគាត់មានបញ្ហារបួសជើងកំឡុងពេលហ្វឹកហាត់។ ប៉ុន្តែទោះជាយ៉ាងណា គាត់អាចនឹងមិនបានបង្ហាញខ្លួនឲ្យក្រុមលីវើភូលជារៀងរហូត បើគាត់ដាក់សំណើរសុំចាកចេញពីក្លិបនៅចុងសប្តាហ៏នេះមែន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ