ជេមី ខារ៉ាកឺ៖ ការបញ្ចប់អាជីពក្នុងក្រុមលីវើភូល ជាអារម្មណ៏ដ៏អស្ចារ្យ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ជេមី ខារ៉ាកឺ (Jamie Carragher) បាននិយាយថា ការប្រកួតលើកចុងក្រោយរបស់គាត់សម្រាប់ក្លឹប មុនពេលដែលគាត់ត្រូវព្យួរស្បែកជើង (ចូលនិវត្តន៏) ពីអាជីពជាកីឡាករបាល់ទាត់នោះ ជាអារម្មណ៏ដ៏អស្ចារ្យមួយ កាលពីចុងសប្ដាហ៍មុន។
ជេមី ខារ៉ាកឺ កីឡាករខ្សែការពាររបស់លីវើភូល។
កីឡាករវ័យ៣៥ឆ្នាំ បានលេងក្នុងការប្រកួតលើកទី៧៣៧ សម្រាប់គាត់ និងជាប្រកួតចុងក្រោយសម្រាប់ក្រុមហង្សក្រហម កាលពីចុងសប្តាហ៏ ខណៈដែលរូបគាត់ក៏បានរួមចំណែកជួយឲ្យក្រុមយកឈ្នះ ១-០ លើក្រុមឃ្យូភីអរ (QPR) នាកីឡាដ្ឋានអេនហ្វៀល (Anfield)។
ខ្សែការពារឆ្នើមរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រទាំងសងខាង ទទួលស្វាគមន៏ និងឱបទាំងក្តីអាឡោះអាល័យ នៅមុនប្រកួត និងក្រោយប្រកួត។ ហើយអ្នកគាំទ្រក្រុមលីវើភូលខ្លះក៏បានបង្ហូរទឹកភ្នែក ដោយនឹកស្តាយវីរបុរសរបស់ខ្លួន ដែលបានមកចូលរួមជាមួយក្លឹបតាំងពីវ័យកុម៉ា។
ខារ៉ាកឺ បាននិយាយថា «វាជាអារម្មណ៏ដ៏អស្ចារ្យ សោកសៅ និងរំភើបខ្លាំងណាស់។ ជាពិសេសសម្រាប់មិត្តភក្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ ដែលតែងតែមកឈរមើលការប្រកួតរបស់ខ្ញុំគ្រប់ពេល។ ប៉ុន្តែពេលនេះ ជាពេលដែលត្រូវបញ្ចប់ហើយ។ ខ្ញុំគិតថា ក្រុមរបស់យើងកំពុងតែធ្វើបានយ៉ាងល្អ។ យើងលេងបានល្អ នៅពាក់កណ្តាល់រដូវកាលចុងក្រោយនេះ ហើយខ្ញុំសង្ឃឹមថាក្រុម នឹងកាន់តែខ្លាំងឡើងៗ បន្តទៀត។»
គាត់បន្តថា «ខ្ញុំចង់និយាយអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រដល់រូបខ្ញុំ និងក្រុមទាំងមូល។ ហើយនេះជាលទ្ធផលដ៏ល្អមួយទៀត សម្រាប់ក្រុមយើង ដែលបញ្ចប់រដូវកាលដោយភាពរីករាយ។»
ខារ៉ាកឺ ដែលបានចូលលេងឲ្យលីវើភូល តាំងតែពីខែមករា ឆ្នាំ១៩៩៧នោះ បានបន្ថែមថា «វាគ្មានអ្វីអាម៉ាស់ជាងការលេងចាញ់ ឬក៏ការលេងមិនបានល្អរបស់ខ្ញុំនៅថ្ងៃនេះទេ ព្រោះនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ និងជាថ្ងៃដ៏ពិសេសផងដែរ។ ប៉ុន្តែទីបំផុត យើងអាចទទួលបានជ័យជំនះ និងអាចការពារមិនឲ្យគេទាត់បញ្ចូលទីបានទៀត។ ខ្ញុំពិតជារីករាយខ្លាំងណាស់ និងសូមអរគុណដល់សមាជិកក្នុងក្រុមទាំងអស់ ដែលបានសហការគ្នា បានយ៉ាងល្អបំផុត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ