វិភាគបាល់ទាត់៖ តើ​ការ​ចំណាយ​លុយ​ធំ ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​ជោគជ័យ​មែន​ទេ?

កាលពីពេលថ្មីៗនេះ ក្រុមបាសេឡូណា (Barcelona) បានចំណាយប្រាក់ ៧៥លានដុល្លា (៥៧លានអ៊ឺរ៉ូ) ដើម្បីទិញ​យក​កីឡាករប្រេស៊ីល ណីម៉ា (Neymar) មកចូលរួមជាមួយក្រុម នៅរដូវកាលថ្មី។ ហើយជាតម្លៃមួយ ស្ថិតក្នុងចំណោម​តម្លៃ​ដ៏ខ្ពស់បំផុត ក្នុងការដោះដូរកីឡាករកន្លងមក។ ខ្សែប្រយុទ្ធក្រុមសាន់តូស (Santos) វ័យ២១ឆ្នាំ បានចុះកិច្ចសន្យារួចរាល់អស់ហើយ និងបានធ្វើការបង្ហាញខ្លួនរួចហើយដែរ ទៅដល់អ្នកគាំទ្រ។ ខណៈដែលក្រុមម៉ូណាកូ (Monaco) របស់បារាំងហ៊ានចំណាយលុយជាង ៧៦លានដុល្លា ដើម្បីទិញខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែរនោះ។ សំនួរចោទថា តើក្រុមទាំងពីរនេះ រំពឹងអ្វីខ្លះ បន្ទាប់ពីចំណាយលុយដ៏សន្ធឹកសន្ធាប់លើកីឡាករឆ្នើមទាំងពីររូបនេះរួចមក?
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីពេលថ្មីៗនេះ ក្រុមបាសេឡូណា (Barcelona) បានចំណាយប្រាក់ ៧៥លានដុល្លា (៥៧លានអ៊ឺរ៉ូ) ដើម្បីទិញ​យក​កីឡាករប្រេស៊ីល ណីម៉ា (Neymar) មកចូលរួមជាមួយក្រុម នៅរដូវកាលថ្មី។ ហើយជាតម្លៃមួយ ស្ថិតក្នុងចំណោម​តម្លៃ​ដ៏ខ្ពស់បំផុត ក្នុងការដោះដូរកីឡាករកន្លងមក។

ខ្សែប្រយុទ្ធក្រុមសាន់តូស (Santos) វ័យ២១ឆ្នាំ បានចុះកិច្ចសន្យារួចរាល់អស់ហើយ និងបានធ្វើការបង្ហាញខ្លួនរួចហើយដែរ ទៅដល់អ្នកគាំទ្រ។ ខណៈដែលក្រុមម៉ូណាកូ (Monaco) របស់បារាំងហ៊ានចំណាយលុយជាង ៧៦លានដុល្លា ដើម្បីទិញ​ខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែរនោះ។

សំនួរចោទថា តើក្រុមទាំងពីរនេះ រំពឹងអ្វីខ្លះ បន្ទាប់ពីចំណាយលុយដ៏សន្ធឹកសន្ធាប់លើកីឡាករឆ្នើមទាំងពីររូបនេះរួចមក?


រូបភាពដាក់បណ្ដុំរូបភាពកីឡាករល្បីៗ ដែក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុបសម្រុកនាំគ្នាទិញ។

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប៊ីប៊ីស៊ី (BBC) ដើម្បីបង្ហាញជូន ពីជោគវាសនារបស់កីឡាករ ៣រូបមុនៗ ដែល​បានផ្ទេរចេញពីក្រុមក្នុងតម្លៃខ្ពស់ៗ ថាតើបានទទួលជោគជ័យ ឬក៏ជួបការខកចិត្តយ៉ាងណានោះ ដូចតទៅ៖

១. គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)
ផ្ទេរពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅក្រុមរៀលម៉ាឌ្រីដ (Real Madrid) វ័យ២៤ឆ្នាំ ក្នុងតម្លៃជាង ១២២លានដុល្លា កាលពីខែកក្កដា ឆ្នាំ២០០៩។ បង្ហាញខ្លួនឲ្យរៀលម៉ាឌ្រីដ ១៩៩ប្រកួត និងទាត់ចូលទីបាន ២០១គ្រាប់។ គាត់បានឈ្នះពានរង្វាន់៣ ពោលគឺឡាលីកា (La Liga) ឆ្នាំ២០១១-២០១២, ខូផា ដេលរ៉េ (Copa del Rey) ឆ្នាំ២០១០​-២០១១ និងស៊ុបព័រខាប់អេស្ប៉ាញ (Spanish Supercup) ឆ្នាំ២០១២។

បន្ទាប់ពីមកចូលរួមក្រុមរៀលម៉ាឌ្រីដ រ៉ូណាល់ដូ បង្ហាញពីទម្រង់លេងគួរឲ្យស្ងើចសរសើរ ពោលគឺគាត់អាច​ទាត់បាល់​បញ្ចូលទីបាន ស្ទើរគ្រប់ការប្រកួត គ្រប់កម្មវិធីប្រកួតទាំងអស់។ ប៉ុន្តែទោះបីយ៉ាងពូកែយ៉ាងនោះក្តី ក៏មិនអាច​ជួយឲ្យ​រៀលម៉ាឌ្រីដ ឈ្នះពានរង្វាន់អ្វីដែរ នៅក្នុងរដូវកាលនេះ ខណៈដែលមានគូប្រជែងដ៏ខ្លាំងបាសេឡូណា (Barcelona)។ ហើយរឿងទាំងនេះ ធ្វើឲ្យគាត់មិនសប្បាយចិត្តទេ ហើយក៏កំពុងតែកិកកុកចង់ចាកចេញផងដែរ។

២. ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres)
ផ្ទេរពីលីវើភូល (Liverpool) ទៅកាន់ក្រុមឆែលស៊ី (Chelsea) វ័យ២៦ឆ្នាំ ក្នុងតម្លៃជាង ៧៦លានដុល្លា កាលពីខែមករា ឆ្នាំ២០១១។ ចូលលេងឲ្យតោខៀវបាន ១៣១ប្រកួត តែទាត់បាល់បញ្ចូលទីបានតែ ៣៥គ្រាប់ទេ។ នៅក្រុមឆែលស៊ី គាត់​ឈ្នះពានរង្វាន់ឆែមពានលីក (Champions League), អេហ្វអេខាប់ (FA Cup) កាលពីរដូវកាល ២០១១-២០១២ និងឈ្នះ​អ៊ឺរ៉ូផាលីក (Europa League) រដូវកាល ២០១២-២០១៣ នេះមួយទៀត។

អ្នកគាំទ្រក្រុមផ្សេងៗ តែងតែមានក្តីព្រួយបារម្ភ ពេលដែលក្រុមរបស់គេជួប ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរ៉ែស របស់លីវើភូល។ លេងឲ្យលីវើភូលរដូវកាលដំបូងឆ្នាំ ២០០៧-២០០៨ តូរ៉ែសទាត់បាល់បញ្ចូលទីបាន ៣៣គ្រាប់ ហើយជួយឲ្យលីវើភូល​បញ្ចប់រដូវកាលចំណាត់ថ្នាក់លេខ២។ ចាប់ពីពេលនោះមក គាត់បានក្លាយជាវីរបុរសក្រុមហង្សក្រហម ដែលរូបគាត់​តែង​តែស្ថិតនៅក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រជានិច្ច។

ប៉ុន្តែការស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកគាំទ្រទាំងអស់នោះ បានក្លាយជាអាវុធដ៏មុតស្រួច​ចាក់ទម្លុះបេះដូង​របស់ខ្លួនឯង​ទៅវិញ បន្ទាប់ពីកីឡាកររូបនេះសម្រេចចិត្តចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៅកាន់កីឡាដ្ឋានស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) របស់ក្រុមឆែលស៊ី ក្នុងខែមករា ឆ្នាំ២០១១ ដោយគាត់និយាយថា គាត់ចង់ឈ្នះពានរង្វាន់។ ប៉ុន្តែកំឡុង​ពេលគាត់លេងឲ្យឆែលស៊ី គាត់លេងមិនបានល្អទេ តែក្រុមឆែលស៊ីនៅតែអាចទទួលបានជោគជ័យ ព្រោះតែមានកីឡាករ​ល្អៗជាច្រើនរូបផ្សេងទៀត។

៣. អេនឌី ខារ៉ូល (Andy Carroll)
ផ្ទេរពីក្រុមញ៉ូកាស្ស៊ល (Newcastle) ទៅកាន់លីវើភូល (Liverpool) វ័យ២២ឆ្នាំ ក្នុងតម្លៃជាង ៥៣.៥លានដុល្លា កាលពីខែ​មករា ឆ្នាំ២០១១។ លេងឲ្យលីវើភូលបាន ៥៨ប្រកួត ទាត់បញ្ចូលទីបាន ១១គ្រាប់ ហើយបានឈ្នះពានរង្វាន់លីកខាប់ (League Cup) ១លើក កាលពីរដូវកាល ២០១១-២០១២។

កីឡាករមាឌយក្ស (ខារ៉ូល) កាលពីលេងឲ្យក្រុមញ៉ូកាស្ស៊ល ១៩ប្រកួតក្នុងលីក គាត់ទាត់ចូលទីបាន ១១គ្រាប់ ដែលធ្វើ​ឲ្យ​លីវើភូលគិតថា ជាជម្រើសដ៏ល្អក្នុងការមកជំនួសដំណែងតូរ៉ែស។ ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិតនោះទេ ពេលមកដល់​លីវើភូល ចូលលេងក្នុងលីកបាន ៤៤ប្រកួត គាត់ទាត់បញ្ចូលទីបានតែ ៦គ្រាប់ ដែលធ្វើឲ្យអ្នកគាំទ្រ មានការក្តៅក្រហាយ ហើយកាន់តែធ្វើឲ្យហង្សក្រហម ធ្លាក់ដុនដាបរហូតមកដល់សព្វថ្ងៃនេះ។

ដោយសារតែមិនឃើញពីទម្រង់លេងណាមួយ គួរឲ្យកត់សម្គាល់រួចមកនោះ រដូវកាល២០១២-២០១៣ លីវើភូលក៏សម្រេច​ចិត្តបញ្ចេញចោល ដោយឲ្យក្រុមវែសហេម យូណៃធីត (West Ham United) ខ្ចីជើងរហូតមកទល់សព្វថ្ងៃ ហើយលីវើភូល​ក៏គ្មានបំណងចង់យកកីឡាកររូបនេះមកវិញដែរ ពោលគឺចង់លក់ទៅឲ្យក្រុមវែសហេម ដាច់តែម្តងនៅរដូវកាលថ្មី។

សរុបមក យើងឃើញហើយថា កីឡាករដែលមានតម្លៃខ្លួនថ្លៃៗ ហើយលេងបានល្អនោះ មិនប្រាកដថា ផ្ទេរទៅកាន់ក្រុមថ្មី​អាចលេងល្អដដែល ឬជួយក្រុមឲ្យទទួលបានភាពជោគជ័យនោះទេ។ ដូច្នេះយើងចាំអ៊ុតមើលមើលថា តើអនាគតរបស់ ណីម៉ា និងហ្វាលខាវ នឹងទៅជាយ៉ាងណានៅរដូវកាលថ្មីខាងមុខនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...