តោខៀវឆែលស៊ី ទិញខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់បានហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់តោខៀវឆែលស៊ី (Chelsea) បានឈានដល់កិច្ចព្រមព្រាងចុះកិច្ចសន្យា នាំយកកីឡាករ ដែលជាគោលដៅសំខាន់របស់ខ្លួន អេនដ្រេ ស្កឺរ៉ល (Andre Schurrle) បានជាផ្លូវការហើយ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍ អ៊ីអេសភីអ៊ិន (ESPN)។
អេនដ្រេ ស្កឺរ៉ល កីឡាកបាល់ទាត់រជម្រើសជាតិអាឡឺម៉ង់។ (Joern Pollex/Getty Images)
បន្ទាប់ពីដេញថ្លៃ២លើកបរាជ័យរួចមក ឆែលស៊ីបានបង្កើនតម្លៃជាលើកទី៣ ហើយក៏បានសម្រេច ក្នុងតម្លៃព្រមព្រាងគ្នា ២០អ៊ឺរ៉ូ (២៦.២លានដុល្លា) និងបានចុះកិច្ចសន្យាលេងឲ្យក្រុមរយះពេល៥ឆ្នាំ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ជម្រើសជាតិអាឡឺម៉ង់រូបនេះ នឹងក្លាយជាកីឡាករដំបូងគេ ដែលលោកជូសេ ម៉ូរីញូ (Jose Mourinho) ទិញចូល បន្ទាប់ពីគ្រូបង្វឹករូបនេះ បានយល់ព្រមត្រឡប់មកដឹកនាំក្រុមដែលមានមូលដ្ឋាននៅ ភាគខាងលិចទីក្រុងឡុងដ៏ ជាលើកទី២របស់គាត់។
តាមសេចក្តីរាយការណ៏ ក្រុមបាយឺ ឡេវើហ្គូសិន (Bayer Leverkusen) ចង់ធ្វើការដោះដូរគ្នាជាមួយកីឡាករ ឃេវីន ដេប្រូនេ (Kevin de Bruyne) ដែលខ្លួនបានខ្ចីជើងនៅរដូវកាលនេះ និងចង់ឲ្យតោខៀវ បន្ថែមលុយមួយចំនួនទៀត។ ប៉ុន្តែកីឡាករបែលស្ស៊ិករូបនោះ បែរជាសម្រេចចិត្តទៅចូលរួមជាមួយក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ទៅវិញ។
ស្កឺរ៉ល នឹងលេងក្នុងការប្រកួតចុងក្រោយសម្រាប់កីឡាករ មីឆែល បាឡាក់ (Michael Ballack) នៅយប់ថ្ងៃពុធនេះ បន្ទាប់ពីអតីតប្រធានក្រុមអាឡឺម៉ង់រូបនោះ សម្រេចចិត្តចូលនិវត្តន៏។ រីឯលោកម៉ូរីញូ ក៏បានធ្វើដំណើរទៅមើលការប្រកួតនោះដែរ ដើម្បីផ្តល់ជាកិត្តិយសដល់អតីតកូនក្រុមរបស់គាត់ (បាឡាក់) និងដើម្បីចុះកិច្ចសន្យាជាមួយស្កឺរ៉ល ឲ្យរួចរាល់តែម្តង។
អតីតកីឡាករក្រុមមែនស៏ (Mainz) ស្កឺរ៉ល ធ្វើបានយ៉ាងឥតខ្ចោះ នៅរដូវកាល២០១២-២០១៣ នេះ ដោយគាត់បានជួយឲ្យឡេវើហ្គូសិន បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបូដេសលីកា (Bundesliga) អាឡឺម៉ង់។
ក្នុងដំណែងជាខ្សែប្រយុទ្ធជម្រើសដំបូង ស្កឺរ៉ល បានរកគ្រាប់បាល់បញ្ចូលទីគូប្រកួតបានចំនួន ១៤គ្រាប់ និងអាចបញ្ជូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានចំនួន ៩លើក។
ទោះបីជាយ៉ាងណា កីឡាករអាឡឺម៉ង់រូបនេះ ប្រហែលមិនមែនជាខ្សែប្រយុទ្ធជម្រើសដំបូងរបស់លោកម៉ូរីញូ ដែលត្រូវមកជំនួសដំណែងកីឡាករហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) នោះទេ ប៉ុន្តែអាចជាកីឡាករបម្រុងដ៏មានឥទ្ធិពលមួយរូប។
បច្ចេកទេសគ្រប់គ្រងបាល់របស់ស្កឺរ៉ល និងការញ៉ាក់ ធ្វើឲ្យគេហ៊ានធ្វើការព្យាករណ៏ទុកមុនថា គាត់ប្រាកដជាមានភាពលេចធ្លោរនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ជាមិនខាន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ