ម៉េស៊ី, រ៉ីបឺរ៉ី ឬរ៉ូណាល់ដូ ដែលជាអ្នកឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi), ហ្វ្រែង រ៉ីបឺរ៉ី (Franck Ribery) និងកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាកីឡាករ៣រូប ដែលស្ថិតនៅក្នុងបញ្ជីជម្រុះចុងក្រោយគេ នៃពានរង្វាន់ កីឡាករល្អបំផុតនៅតំបន់អ៊ឺរ៉ុប របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបយូហ្វា (UEFA's Best Player in Europe) សម្រាប់រដូវកាល ២០១២-២០១៣។
ពីឆ្វេងទៅស្ដាំ៖ កីឡាកររីបឺរី - ម៉េស៊ី - និងកីឡាកររ៉ូណាល់ដូ។ (រូបថត Getty Images)
ក្នុងចំណោមកីឡាករកំពូលទាំង៣រូបនេះ នឹងត្រូវបានគេប្រកាសឈ្មោះម្នាក់ ដែលជាកីឡាករល្អដាច់គេ ដោយការបោះឆ្នោត នៅថ្ងៃទី២៩ ខែសីហានេះ ហើយក៏ជាថ្ងៃដែលសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបចាប់ឆ្នោតចែកពូលពានរង្វាន់ ឆែមពានលីក (Champions League) ផងដែរ។
អ្នកឈ្នះប្រចាំរដូវកាលមុន គឺខ្សែបម្រើអេស្ប៉ាញ អេនដ្រេស អ៊ីណែស្តា (Andres Iniesta) ខណៈដែលមិត្តរួមក្រុមបាសេឡូណា (Barcelona) របស់គាត់ លីយ៉ូនែល ម៉េស៊ី បានឈ្នះកាលពីរដូវកាល ២០១០-២០១១។
តារាឆ្នើមរបស់អាស្សង់ទីន ម៉េស៊ី ដែលជាម្ចាស់បាល់មាស ៤សម័យកាលរបស់សហព័ន្ធបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA Ballon d'Or) បានជួយឲ្យក្រុមអ្នកមានបុណ្យបាសា ឈ្នះពានរង្វាន់លីកកំពូលរបស់អេស្ប៉ាញកាលពីរដូវកាលមុន ដោយគាត់ទាត់បញ្ចូលទីបាន ៤៦គ្រាប់ និងបានទទួលពានរង្វាន់ស្បែកជើងមាស ប្រចាំតំបន់អ៊ឺរ៉ុបថែមទៀត។
កីឡាករអន្តរជាតិបារាំង រ៉ីបឺរ៉ី គឺជាកូនសោរដ៏សំខាន់មួយ ដែលជួយឲ្យក្រុម បាយឺន ម៉ូនិជ (Bayern Munich) ក្លាយជាក្រុមអាឡឺម៉ង់ដំបូងគេ ដែលបានឈ្នះពានរង្វាន់៣ ក្នុង១រដូវកាល៖ ឆែមពានលីក, បូដេសលីកា (Bundesliga) និងពានរង្វាន់ ឌីអេហ្វប៊ី ផូកាល់ (DFB-Pokal) កាលពីរដូវកាលមុន។
រីឯខ្សែបម្រើប្រយុទ្ធអន្តរជាតិព័រទុយហ្គាល រ៉ូណាល់ដូ បានទាត់បញ្ចូលទី ៣៤គ្រាប់នៅក្នុងលីកអេស្ប៉ាញ សម្រាប់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីរដូវកាលមុន ហើយបានក្លាយជាកីឡាករ ដែលទាត់បញ្ចូលទីបានច្រើនជាងគេ នៅក្នុងក្របខ័ណ្ឌឆែមពានលីក ដោយគាត់ទាត់បញ្ចូលទីបាន ១២គ្រាប់។
សម្រាប់ចំណាត់ថ្នាក់ពីលេខ៤ ដល់លេខ១០ បានរកឃើញម្ចាស់អស់ហើយ៖ ខ្សែប្រយុទ្ធក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) ចំណាត់ថ្នាក់លេខ៤, កីឡាករក្រុមបាយឺន អាចិន រ៉ូបិន (Arjen Robben) និងថូម៉ាស់ មុលឡឺ (Thomas Muller) ស្ថិតនៅចំណាត់ថ្នាក់ជាប់គ្នា លេខ៥ និងលេខ៦។
ខ្សែបម្រើ ហ្គារែត ប៊េល (Gareth Bale) របស់ក្រុមទតិនហេម (Tottenham) លេខ៧, បាស្ទែន ស្វែនស្តៃហ្គឺ (Bastian Schweinsteiger) របស់បាយឺនលេខ៨ ខណៈដែលខ្សែប្រយុទ្ធក្រុមបារីស ហ្សិនជឺម៉ិន (Paris St Germain) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) លេខ៩ និងខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ចុងក្រោយគេ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ