លីយ៉ូនែល ម៉េស៊ី៖ ខ្ញុំអាចលេងឲ្យតែក្រុមបាសេឡូណាមួយគត់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាបាល់ទាត់ជម្រើសជាតិអាស្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាននិយាយកាលពីថ្ងៃច័ន្ទថា គាត់មិនអាចលេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុមបាសេឡូណា (Barcelona) នោះទេ ព្រោះវាជាទីកន្លែងដែលគាត់បានមករស់នៅ និងហ្វឹកហាត់តាំងតែពីវ័យ១៣ឆ្នាំ។
ម៉េស៊ី បានប្រាប់កាសែតក្នុងប្រទេសកាតា ក្នុងព្រឹត្តិការណ៏សប្បុរសធម៌ថា «ខ្ញុំមិនអាចលេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុមបាសេឡូណានោះទេ។»
ប៉ុន្តែគាត់បានឆ្លើយនឹងសំនួរ ដែលគេចោទសួរទាក់ទងទៅនឹងការដោះដូរណាមួយ ដែលអាចនឹងកើតមានឡើងថា គាត់មិនអាចដឹងអ្វី ដែលជាអាថ៏កំបាំងនាពេលអនាគតទេ។
ម៉េស៊ី បានមកចូលរួមជាមួយក្រុមបាសេឡូណា តាំងតែពីវ័យ១៣ឆ្នាំ និងបានហ្វឹកហាត់ និងលេងក្នុងក្រុមបាសេឡូណាឈុតតូច ជាច្រើនឆ្នាំ។ ដោយសារតែក្រុមឃើញ សមត្ថភាពកីឡាករវ័យក្មេងរូបនេះ លេចធ្លោរ និងមានភាពប៉ិនប្រសព្វជាងគេនោះ នៅអាយុ១៧ឆ្នាំ ម៉េស៊ីក៏បានចូលលេងក្នុងក្រុមឈុតធំលើកដំបូង ហើយក៏លេងរហូតមកដល់បច្ចុប្បន្ន។
ក្នុងនាមជាខ្សែប្រយុទ្ធក្រុមបាសេឡូណា ម៉េស៊ីបានឈ្នះពានរង្វាន់ឆែមពានលីក (Champions League) ចំនួន៣ដង, ឈ្នះពានរង្វាន់ក្នុងលីក ឡាលីកា (La Liga) ៦ដង និងជួយឲ្យក្រុមយក្សរបស់ប្រទេសអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ស្ប៉ាញនីសខាប់ (Spanish Cups) ចំនួន២លើកផងដែរ។
ក្រៅពីសមិទ្ធផលជួយឲ្យក្រុមទទួលបានពានរង្វាន់ជាច្រើនហើយនោះ ម៉េស៊ីក៏បានឈ្នះពានរង្វាន់ឯកជនតែម្នាក់ឯងដែរ ដោយគាត់បានឈ្នះពានរង្វាន់កីឡាករលេងល្អជាងគេបង្អស់ប្រចាំឆ្នាំ របស់ពិភពលោក ដល់ទៅ៤ដងថែមទៀត។
ទាក់ទងនឹងសំនួរសួរថា តើលោកពិតជាចង់បានពានរង្វាន់តែម្នាក់ឯកមែនដែរទេ បានជាគ្រប់ការប្រកួតលោកតែងតែរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ? ម៉េស៊ី បានឆ្លើយតបថា «ខ្ញុំមិនបានគិតដូច្នោះទេ ខ្ញុំជាផ្នែកមួយរបស់ក្រុម ដូច្នេះខ្ញុំចង់ឲ្យក្រុមទទួលបានជ័យជំនះ និងសមាជិកក្នុងក្រុមទាំងអស់ចេះសហការគ្នាបានល្អ ទើបខ្ញុំពេញចិត្ត។»
នៅក្នុងទីក្រុងដូហា (Doha) ម៉េស៊ី បានចូលរួមក្នុងកម្មវិធី របស់អង្គការសប្បុរសធម៌មួយ ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៏ប្រទេសកាតាអូរ៉េឌូ (Ooredoo) ដើម្បីជួយឧបត្ថម្ភដល់ក្មេងៗ នៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់អាស៊ីខាងត្បូង៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ