ក្រុមហ៊ុនប្រទេសកាតា ចង់ឧបត្ថម្ភក្រុមលីវើភូល និងកែឈ្មោះកីឡាដ្ឋានថ្មី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីរាយការណ៏មួយបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៏ដ៏ធំ នៃប្រទេសកាតា កំពុងតែពិភាគ្សាចង់ឧបត្ថម្ភក្រុមហង្សក្រហមលីវើភូល (Liverpool) និងមានគំរោងប្តូរឈ្មោះកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៅជាឈ្មោះថ្មី។
កីឡាដ្ឋាន អេនហ្វៀល របស់ក្រុមហង្សក្រហម លីវើភូល។
បណ្ដាញទូរទស្សន៍ អាល ចាស្សេរ៉ា (Al Jazeera) បានផ្សាយពាក្យសម្តីរបស់ នាយកក្រុមហ៊ុនទូរគមនាគមន៏ អូអូរ៉េដូ (Ooredoo) នៃប្រទេសកាតា ថា «គោលដៅរបស់យើងចង់ឧបត្ថម្ភដល់ក្រុមធំ នៅអង់គ្លេស ដែលធ្លាប់មានប្រវត្តិសាស្រ្តដ៏អស្ចារ្យ។ តាមការស្រាវជ្រាវរបស់យើង ក្រុមអាសិណល (Arsenal), ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) កំពុងតែជាប់កិច្ចសន្យាជាមួយនឹង ក្រុមហ៊ុនដទៃទៀត ក្នុងរយះពេលវែង។ ដូច្នេះ លីវើភូល ជាក្រុមមួយ ដែលយើងនៅមានឱកាស ក្នុងពេលបច្ចុប្បន្ន។»
គាត់បន្តថា «យើងចង់ឧបត្ថម្ភ ដល់ក្លឹបគ្រប់ផ្នែកទាំងអស់។ យើងចង់ឧបត្ថម្ភទាំងកីឡាដ្ឋាន (ប្តូរឈ្មោះ) និងនៅលើអាវ របស់កីឡាករ។ គោលដៅរបស់យើង ចង់បានទីផ្សារដ៏ធំ នៅអាស៊ី ដែលសម្បូរទៅដោយ អ្នកគាំទ្រក្រុមបាល់ទាត់ព្រីមែលីក (Premier League)។»
នាយករូបនោះ បានបន្ថែមថា «វាជាការចាប់អារម្មណ៏មួយ ព្រោះក្រុមលីវើភូល កំពុងតែត្រូវការលុយច្រើន ដើម្បីធ្វើការប្រកួតប្រជែង ជាមួយនឹងក្រុមធំៗ នៅអ៊ឺរ៉ុបដទៃៗទៀត ហើយយើង ក៏កំពុងតែសិក្សាលើចំណុចទាំងនោះ។»
ក្រុមហង្សក្រហម បច្ចុប្បន្នក្រុមហ៊ុន ស្តែនដាដ ឆាតថឺ (Standard Chartered) ជាអ្នកឧបត្ថម្ភ ក្នុងកិច្ចសន្យាមួយ ២០លានផោន ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រុមហ៊ុននេះ នឹងអស់កិច្ចសន្យា នៅរដូវក្តៅឆ្នាំក្រោយ។
កាលពីខែតុលា ឆ្នាំមុន អ្នកចាត់ការក្លឹប លីវើភូល លោក អ៊ីយ៉ាន អាយរ៉េ (Ian Ayre) ក៏បាននិយាយដែរថា «ក្រុមរបស់លោក នឹងមិនធ្វើការប្តូរឈ្មោះ កីឡាដ្ឋាន អេនហ្វៀល នោះទេ ព្រោះវាជាប្រវត្តិសាស្រ្តរបស់ក្លឹប ជាពិសេសអ្នកគាំទ្ររបស់យើង នឹងមានការមិនពេញចិត្តទេ បើយើងប្តូរវា។»
គួររំឭកថា ក្រុមហង្សក្រហម លីវើភូល ជាក្រុមមួយ ដែលជោគជ័យជាងគេ ក្នុងប្រទេសអង់គ្លេស ដែលធ្លាប់លើកពានព្រីមែលីកបាន ១៨លើក នឹងលើកពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ឆែមពានលីក (Champions League) បានចំនួន ៥លើក។ ប៉ុន្តែ ៣រដូវកាលចុងក្រោយនេះ ក្រុមនេះ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយបច្ចុប្បន្នក៏កំពុងតែឈរនៅចំណាត់ថ្នាក់លេខ៧ ជាតំណែងមួយ ដែលមិនអាចចូលនៅក្របខ័ណ្ឌអ៊ឺរ៉ុប នោះរដូវកាលក្រោយថែមទៀត។
គោលបំណងរបស់ក្រុម លីវើភូល ធ្វើយ៉ាងណា ឲ្យបានឈរនៅដំណែងកំពូលទាំង៤ ក្នុងក្របខ័ណ្ឌព្រីមែលីកមកវិញ ប៉ុន្តែគោលបំណងនោះ មិនទាន់ធ្វើបានសម្រេចនោះទេ ដោយសារតែបច្ចុប្បន្ន ក្រុមផ្សេងៗ ក៏កាន់តែខ្លាំង និងមានលុយច្រើន ចំណែកឯ លីវើភូល មានចំនួន លុយដ៏តិចតួច។ ប៉ុន្តែបើសិនជា ក្រុមហ៊ុនធំប្រទេសកាតាមួយនេះ មកធ្វើការឧបត្ថម្ភ នោះលីវើភូល អាចនឹងមានសង្ឃឹម បង្កើតប្រវត្តិសាស្ត្រ ក្លាយជាក្រុមខ្លាំងជាថ្មីម្តងទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ