បាល់ទាត់អ៊ឺរ៉ុប៖ តោខៀវឆែលស៊ី ព្រមព្រៀងឲ្យលោក ម៉ូរីញ៉ូ ធ្វើជាគ្រូបង្វឹកថ្មី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែត ដៀលីអេចប្រេស៏ (Daily Express) បានឲ្យដឹងថា ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេស ឆែលស៊ី (Chelsea) បានយល់ព្រមឲ្យលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ធ្វើជាគ្រូបង្វឹកថ្មីនៅទឹកដី ស្ទែមហ្វដប្រិជ (Stamford Bridge) នៅរដូវក្តៅខាងមុខ និងមានកិច្ចសន្យារយះពេល ៣ឆ្នាំ។
លោក ជូសេ ម៉ូរីញ៉ូ។
លោក ម៉ូរីញ៉ូ និងម្ចាស់ក្លឹបតោខៀវ លោក រ៉ូម៉ែន អាប្រាម៉ូវីច (Roman Abramovich) បានយល់ព្រម ក្នុងលក្ខ័ណផ្ទាល់ខ្លួនអស់ហើយ ដែលមានកិច្ចសន្យារយះពេល៣ឆ្នាំ។ ប៉ុន្តែនៅចាំតែការចុះហត្ថលេខា របស់គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ តែប៉ុណ្ណោះ។ គ្រូបង្វឺករូបនេះ នៅជាប់កិច្ចសន្យាជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) នៅឡើយ ប៉ុន្តែគាត់នឹងពិភាក្សាពីបញ្ហានេះ ជាមួយនឹងម្ចាស់ក្លឹប។
អតីតគ្រូបង្វឹកក្រុមឆែលស៊ីរូបនេះ នឹងត្រឡប់មកដឹកនាំក្រុមវិញ បើសិនជាក្រុមភាគខាងលិចទីក្រុងឡុងដ៏មួយនេះ អាចលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) នៅរដូវកាលក្រោយ។ ក្រុមឆែលស៊ី ដែលដឹកនាំដោយលោក រ៉ាហ្វា បេនីតេស (Rafa Benitez) បច្ចុបន្បកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងព្រីមែលីក ហើយមាន៥ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់លេខ៥ និងនៅសល់ការប្រកួតចំនួន ៩លើកទៀត។
ជំហ៊ានទី២ លោក ម៉ូរីញ៉ូ មិនចង់ឲ្យអ្នកគ្រប់គ្រងខាងបចេ្ចកទេស លោក មីឆែល អេម៉ិនណាឡូ (Michael Emenalo) មកត្រួតត្រាលើគាត់ទេ។ នេះជាបញ្ហាដែលលោក អាប្រាម៉ូវីក ត្រូវដោះស្រាយ ក្នុងពេលខាងមុខ។
លោក ម៉ូរីញ៉ូ បានពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់ក្លឹបឆែលស៊ី ជាច្រើនលើកមកហើយ ហើយក៏ជាក្លឹបដែលគាត់ធ្លាប់ដឹកនាំ ពីខែមិថុនា ឆ្នាំ២០០៤ រហូតដល់ខែកញ្ញា ឆ្នាំ២០០៧ដែរ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញពីចំណាប់អារម្មណ៏ពីការចង់ត្រឡប់មកកាន់ក្របខ័ណ្ឌព្រីមែលីកវិញ។ គាត់បាននិយាយកាលពីចុងសប្តាហ៏កន្លងទៅថា «ខ្ញុំនឹងវិលត្រឡប់ ទៅកាន់កន្លែងមួយ ដែលខ្ញុំធ្លាប់នៅ។»
ជូសេ ម៉ូរីញ៉ូ បានជួយឲ្យក្រុមរៀលម៉ាឌ្រីដ ទទួលបានពានឡាលីកា (La Liga) លីកកំពូលនៃប្រទេសអេស្ប៉ាញ កាលពីរដូវកាលមុន។ ប៉ុន្តែក្នុងរដូវកាលនេះ គាត់ធ្វើមិនសូវបានល្អទេ ដោយបច្ចុបន្ប ក្រុមរៀលម៉ាឌ្រីដ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ហើយមានគម្លាតយ៉ាងឆ្ងាយ ពីក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) រហូតដល់១៣ពិន្ទុ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ