វិភាគ៖ អ្នកបាញ់សម្លាប់មនុស្ស «រួចទោស» អ្នកបង្ករបួសស្នាម «ជាប់ឃុំ»
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: March 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនា តុលាការកំពូលបានសម្រេចបដិសេធ នូវសំណើរសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា ដោយមានន័យ ស្មើនឹង«ការឃុំខ្លួនជាបន្ត»ទៀត ទៅលើសកម្មជនដីធ្លីរូបនេះ។
រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។
អ្នកស្រី យ៉ោម បុប្ផា ដែលគេស្គាល់ ជាសកម្មជនលេចធ្លោមួយរូប ក្នុង«ជម្លោះតវ៉ាដីធ្លីនៅតំបន់បឹងកក់» ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានអះអាងថា គ្រួសាររបស់អ្នកស្រី មានទំនាស់វាយទៅលើបុរស ជាអ្នករត់ម៉ូតូឌុបពីរនាក់។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រី ឲ្យជាប់ពន្ធនាគារបីឆ្នាំ ពីបទ«ប្រើអំពើហឹង្សាដោយចេតនា»។
កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនានេះ តុលាការកំពូល ក៏បានសម្រេចលើកយកបណ្តឹងសារទុក្ខ សុំនៅក្រៅឃុំរបស់អ្នកស្រីយ៉ោម បុប្ផាមកពិនិត្យ។ លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សានៃអង្គសវនាការ បដិសេធនូវសំណើរសុំនៅក្រៅឃុំនេះ ដោយរក្សាជាបានការ នូវសេចក្តីសម្រេចរបស់សភាស៊ើបសួរ នៃសាលាឧទ្ធណ៍ដដែល។
ការសម្រេចបន្តការឃុំខ្លួនតាមមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់លោកចៅក្រមនេះ ស្របពេលដែលព្រះរាជអាជ្ញា សេង ប៊ុនឃាង លើកឡើងថា មានការជាប់ពាក់ពន្ធ័នឹងការវាយប្រហារ ហើយខ្លាចអ្នកស្រីយ៉ោម បុប្ផា គេចខ្លួន ទោះបីជាមានការធានាតាមផ្លូវច្បាប់ ដោយលោកមេធាវី ហម ស៊ុនរិទ្ធិ និងគ្រួសារក៏ដោយ។
តាមមាត្រា៣០៧ នៃក្រមនីតិធីព្រហ្មទណ្ឌ ជនជាប់ចោទអាចសុំប្តឹងដោះលែង ឲ្យមានសេរីភាពដោយផ្ទាល់មាត់ ឬតាមរយៈមេធាវីរបស់ខ្លួន។ រីឯច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ត្រង់ត្រា៣៨ បានចែងថា«វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ (...) ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។»
មុននេះមួយសប្តាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានលើកឡើង ហាក់បីដូចជាខឹងសម្បាថាការចាប់ខ្លួនស្រ្តីបឹងកក់ មិនពាក់ពន្ធ័នឹងរឿងដីធ្លីនោះទេ វាជារឿងព្រហ្មទណ្ឌ។ លោកបាននិយាយថា «វ៉ៃគេ ជាប់ទោសព្រហ្មទណ្ឌ វាក្លាយទៅជាសកម្មជនដីធ្លី»។ ការលើកឡើងនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យអ្នកឃ្លាំមើលការអនុវត្តសិទ្ធិមនុស្សជាតិ និងអន្តរជាតិមួយចំនួន ធ្វើការសន្និដ្ឋានថា ជាគម្នាប និងជាការបញ្ជាក់នូវគោលបំណង ណាមួយដោយប្រយោល។ តើមូលហេតុនេះ អាចធ្វើឲ្យបុគ្គលមួយចំនួន នៃស្ថាប័នតុលាការមានភាព«ឯករាជ្យ»ឬទេ? និងអាចធ្វើឲ្យពួកគេ អាចប្រើនូវ«ឆន្ទានុសិទ្ធិ»របស់ខ្លួន បានពេញលេញដែរទេ?
មតិទាំងនោះបានបន្តទៀតថា ដូច្នេះការចាប់ខ្លួននេះ ពាក់ពន្ធ័នឹងការការពារសិទ្ធិលំនៅដ្ឋាន ឯការចោទប្រកាន់រឿងព្រហ្មទណ្ឌ គ្រាន់តែ«លេស» ដើម្បីភ្ជាប់នឹងចាប់ខ្លួនតែប៉ុណ្ណោះ។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្ស របស់អង្គការលីកាដូ(Licadho) ធ្លាប់បាននិយាយថា ការចាប់ខ្លួនកើតចេញពី«ជម្លោះដីធ្លី» មិនមានពាក់ពន្ធ័រឿង«ព្រហ្មទណ្ឌ»។ «កុំតែអ្នកស្រីជាសកម្មជនការពារដីធ្លី និងផ្ទះសម្បែង កន្លងមកយ៉ាងសកម្មនោះ ប្រហែលជាអ្នកស្រី យ៉ោម បុប្ផា មិនមានវាសនាដូចថ្ងៃនេះទេ»។
អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ ក៏បានយល់ប្រហាក់ប្រហែលគ្នានេះដែរ។ លោកថាមានធាតុពាក់ពន្ធ័នឹងទំនាស់ដីធ្លី នៅតំបន់បឹងកក់ ជាអ្នកភូមិដែលបានធ្វើការតវ៉ា។ គេបានភ្ជាប់ធាតុទំនាស់នេះ ទៅនឹងករណីរឿងដែលគេប្តឹងផ្តល់ ធ្វើការចាប់ខ្លួន ចាប់ដាក់គុក។ អ្នកវិភាគរូបនេះ បានបន្ថែមថា តុលាការភាគច្រើន មិនត្រឹមតែមិនជួយដោះស្រាយនោះទេ ហើយថែមទាំងបង្កើតជាបញ្ហាទៀត។ «កាលណាធ្វើអ្វីក៏ដោយ ដោះស្រាយបញ្ហាមួយ មិនបានយុត្តិធម៌ ស្រាប់តែបង្កើតអយុត្តិធម៌»។
សាធារណៈជន សង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យ បានដាមដានករណីនេះ បានរំលឹកឡើងវិញថា មានករណីមួយចំនួន បានអនុវត្តត្រឹមត្រូវតាមច្បាប់ តែមួយចំនួនទៀត ក៏បានបង្កើតនូវភាពអយុត្តិធម៌ដល់ ភាគីរងគ្រោះដែរ។ ដូចករណីការលើកកាំភ្លើង បាញ់មនុស្ស ដូចបាញ់ចាប របស់ជនសង្ស័យឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនោះជាដើម។ សាក្សី ចាប់តាំងពីកម្មកររហូតដល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែបានអះអាងថា ជនសង្ស័យជាអ្នកបង្ក។ តែផ្ទុយទៅវិញ ជនសង្ស័យ នៅដើរហើរក្រៅឃុំបានដោយសេរី និងបើទោះជាសាលាឧទ្ទរណ៍ យល់ស្របថាពិតជាមានការបាញ់បោះ នោះមែនក៏ដោយ។
នេះជាភាពផ្ទុយគ្នាស្រឡះ របស់បុគ្គលតុលាការទាំងនោះ ដែលអនុវត្តច្បាប់ មានលក្ខណៈ«បញ្ច្រាសទិស» សម្រាប់ប្រទេសមួយ។ ករណីឈូក បណ្ឌិតខាងលើនេះ ជាការប៉ុនប៉ងសម្លាប់ជីវិតមនុស្ស ដែលជាបទព្រហ្មទណ្ឌមានស្ថានទំងន់ទោស តែបែរត្រូវបានតុលាការខេត្តស្វាយរៀង និយាយបកស្រាយមកយ៉ាងខ្លី៖ «គ្មានភស្ដុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុក» ហើយបានធ្វើការដោះលែង ជនសង្ស័យអោយមានសេរីភាព ទៅហោង។
ករណីទាំងពីរខាងលើនេះ អាចធ្វើឲ្យសាធារណៈជន ថ្លឹងថ្លែងបាន នូវការអនុវត្តបែបផែន «ប្រទេសមួយច្បាប់ពីរ»របស់កម្ពុជា ដោយបុគ្គលចៅក្រមទាំងនោះ។ ភាពឯករាជ្យ ការប្រើអំណាចឆន្ទានុសិទ្ធិ របស់បុគ្គលតុលាការ នៅមានកម្រិត និងមិនបានឆ្លើយតបទៅនឹងអ្វី ដែលច្បាប់បានកំណត់នោះឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ