អង់គ្លេស៖ ជាប់ទោសក្នុងពន្ធនាគារ ពីបទបានកាត់កន្ទុយឆ្កែរបស់ខ្លួន
តុលាការប្រទេសអង់គ្លេស បានផ្ដន្ទាទោសយុវជនម្នាក់ ឲ្យជាប់ពន្ធនាគារបីខែ ពីបទផ្ដាច់កន្ទុយឆ្កែ នៅក្នុងអម្បូរ ចាក់ រូស៊ែល (Jack Russel) របស់យុវជននោះ។ ជនជាប់ទោសរូបនេះ ថែមទាំងត្រូវបានប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ ដកហូតឆ្កែនេះពីគាត់ និងបានហាមប្រាមមិនឲ្យចិញ្ចឹមសារជាថ្មី នូវសត្វឆ្កែណាផ្សេងក្នុងរយៈពេល១០ឆ្នាំ។
កូនឆ្កែ ដែលត្រូវបានកាត់កន្ទុយ នឹងម្ចាស់ចិត្តអាក្រក់របស់វា (រូបខាងឆ្វេង)។ (រូបថត PA)
ហិង្សាលើសត្វ - «ការកាត់ឆ្អឺងកន្ទុយរបស់ឆ្កែ បានបង្កឲ្យមានការឈឺផ្សារខ្លាំងណាស់ ហើយគ្មានអ្វីដែលអាចធ្វើឲ្យសត្វនេះស្អាត ឬស្លូតជាងមុននោះទេ» នេះជាសម្ដីរបស់អធិការនគរបាល លោក អេនឌ្រូ គៀប៊ី (Andrew Kirby) កាលពីដើមសប្ដាហ៍កន្លងទៅ នៅចំពោះចៅក្រមកាត់សេចក្ដី នៃតុលាការក្រុង ហាស្ទីង (Hastings) ប្រទេសអង់គ្លេស។ ហើយការឈឺចាប់នេះ មានរយៈពេលដ៏យូរមួយ សម្រាប់សត្វដ៏គួឲ្យអាណិត បើទោះជាគ្នាមិនចេះយំក៏ដោយ។
កាលពីចុងឆ្នាំកន្លងទៅ សមាគមការពារសត្វមួយ ឈ្មោះ RSPCA បានរាយការណ៍ប្រាប់នគរបាលខាងលើនេះ ពីហេតុការណ៍ដ៏រន្ធត់មួយ។ នៅក្នុងផ្ទះយុវជនជាប់ចោទ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស លោកអធិការ អេនឌ្រូ គៀប៊ី បានរកឃើញ សុនខនៃអម្បូរ ចាក់ រូស៊ែល នៅស្ថានភាពដ៏ខ្លោចផ្សារ។ កន្ទុយរបស់កូនឆ្កែ ដែលទើបតែមានអាយុ៧អាទិត្យ ត្រូវបានកាត់ផ្ដាច់ និងទុកចោល រហូតក្លាយជាមានដំបៅ។ ដោយសារតែការភ័យខ្លាច និងការឈឺចាប់ សត្វឆ្កែតូចមួយនេះ បានស្ថិតនៅក្នុងសភាពស្ដូកស្ដឹងទៅហើយ នៅពេលនោះ។
សប្ដាហ៍មរណៈ
ម្ចាស់របស់វា ដែលត្រូវបានជាប់ចោទពីការប្រើទារុណកម្មលើសត្វ យុវជន វ័លធើរ ដូវ (Walter Doe) បានសម្រេច កាត់ផ្ដាច់កន្ទុយសត្វរបស់ខ្លួននេះ ជាមួយនឹងកន្ត្រៃម្យ៉ាងដ៏មុត តែមិនបានបញ្ជាក់ពីមូលហេតុ ដែលជំរុញឲ្យយុវជនអាយុ២៤ឆ្នាំរូបនេះ ធ្វើអំពើបែបនេះឡើយ។
តែអ្វីដែលគេដឹងច្បាស់នោះ គឺសត្វសុនខដ៏តូចនេះ បានរងនូវភាពឈឺចាប់ឥតឧបមា។ បើតាមគ្រូពេទ្រសត្វ ដែលបានព្យាបាលសត្វឆ្កែនេះ បានឲ្យដឹងថា កន្ទុយរបស់វាត្រូវបានកាត់ដល់គល់ ទីកន្លែងដែលមានឆ្អឹងតជាប់មកដល់ដងខ្លួនទៅហើយ ហើយស្នាមរបួសចូលមកដល់សាច់ មានកម្រិតធ្ងន់ធ្ងរ។
ក្នុងយៈពេលច្រើនជាង១សប្ដាហ៍ វ័លធើរ ដូវ បានទុកឲ្យសត្វរបស់ខ្លួនដង្ហក់នឹងការឈឺចាប់ ដោយមិនបានមើលថែរក្សាពីមុខរបួសគ្នាឡើយ។ ការកាត់ផ្ដាច់អវៈយវៈណាមួយនៃសត្វឆ្កែ ត្រូវបានហាមឃាត់នៅប្រទេសអង់គ្លេស។ លោកអធិការនគរបាល បានបញ្ជាក់ថា «បន្ថែមពីលើការឈឺចាប់នោះ ការកាត់អវៈយវៈរបស់សត្វនេះ មិនបានផ្ដល់ប្រយោជន៍អ្វីទេ តែវានឹងធ្វើឲ្យសត្វបាត់បង់លំនឹងភាពរបស់វាទៅវិញ»។
ជាមួយនឹងការសម្រេចចិត្តរបស់តុលាការ អធិការនគរបាលរូបនេះ បានទទួលយកកូនឆ្កែដ៏កំសត់នេះ មកចិញ្ចឹម។ បច្ចុប្បន្ននេះ របួសរបស់វា បាននឹងកំពុងជាសះស្បើយ និងមានសុខភាពទៅរកភាពធម្មតាបណ្ដើរៗវិញហើយ៕
---------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤