ជប៉ុន៖ ក្រចកនាងៗនឹងបញ្ចេញពន្លឺ នៅពេលមានទូរស័ព្ទហៅចូល
ក្រចករបស់នាងៗ ជនជាតិជប៉ុន មិនសូវជាត្រូវបានគេមើលឃើញប៉ុន្មានទេ ដោយសារតែក្រចកទាំងនោះ ត្រូវបានបាំងបិតដោយពណ៌ថ្នាំក្រចក ឬក្រចកសិប្បនិមិត្តផ្សេងៗ។ តែនៅលើកនេះ គេប្រាកដជាមិនអាចនិយាយថា មិនចាប់អារម្មណ៍ ហើយធ្វើមិនដឹងមិនឃើញនោះទេ នៅពេលដែលក្រចកទាំងនោះ បញ្ចេញ«ពន្លឺ»។
សម្បកក្រចក ដែលឆេះចេញជាពន្លឺ នៅពេលមានការហៅទូរស័ព្ទចូល។ (រូបថតក្រុមហ៊ុន)
សោភ័ណ្ឌភាព - នៅចុងខែនេះ ក្រុមហ៊ុនផលិតគ្រឿងប្រដាប់ល្បែងលេងរបស់ជប៉ុន តាការ៉ា តូមី (Takara Tomy) នឹងដាក់ចេញមកធ្វើពាណិជ្ជកម្ម នូវគ្រៀងប្រដាប់លំអរតាមបែបសិល្បៈមួយ នោះគឺសម្បកក្រចក ដែលគេអាចយកមកបិតពីលើក្រចកដៃធម្មតាបាន។ សម្បកក្រចកនោះ ត្រូវបានផលិតឡើងដោយដាក់បញ្ចូលអំពូលភ្លើង ឌីយ៉ូតតូចៗ (LED) ដែលវានឹងឆេះភ្លឺឡើង នៅពេលណាមានរលកភ្ជាប់សញ្ញាឆ្លងកាត់។
ដូច្នេះ ប្រសិនបើអ្នកពាក់សម្បកក្រចកទាំងនោះ មានប្រើនូវទូរស័ព្ទដៃ សម្បកក្រចកនឹងឆេះភ្លឺឡើង នៅពេលមានរលកនៃការហៅទូរស័ព្ទចូលមកក្នុងទូរស័ព្ទ ហើយទាក់ទងទៅនឹងអំពូលភ្លើង ឌីយ៉ូតនោះ ដែលគេហៅបច្ចេកវិទ្យានេះ តាមភាសាអង់គ្លេសជាអក្សរកាត់ថា NFC។
ក្រុមហ៊ុន តាការ៉ា តូមី បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា «សម្បកក្រចកចេញពន្លឺ ដែលមានឈ្មោះថា លូមីដកូណេល (Lumideconail) មិនមានរូបរាងក្រាស់ឃ្មឹក ដូចសម្បកក្រចកលើកមុនៗទេ បើទោះជាវាមានអំពូលភ្លើងនៅក្នុងនោះក៏ដោយ។ ហើយវាមិនចាំបាច់ឲ្យមានដាក់ថ្ម នោះទៀត។» សម្បកក្រចកនេះ នឹងឆេះចេញជាពន្លឺឡើង ដរាបណាវានៅជិតរលក NFC។
មិនត្រឹមតែប៉ុណ្នឹង គេអាចទាញបាននូវកម្មវិធី ដើម្បីកំណត់ពីរលកភ្ជាប់សញ្ញានេះបានថែមទៀត។
សម្បកក្រចកចេញភ្លើងនេះ មាន៦ប្រភេទ ហើយមានតម្លៃប្រមាណជា ១៤ដុល្លារ (១០អ៊ឺរ៉ូ)។ នៅពេលនេះ ក្រុមហ៊ុននៅមិនទាន់និយាយ ពីការនាំចេញទៅលក់ នៅបរទេសនៅឡើយ។ នៅជប៉ុន គ្រឿងលំអក្រចកជាការតុបតែងដ៏សំខាន់មួយ ដែលស្រីៗដែលចូលចិត្តលើកដាក់លំអរខ្លួន អាចនឹងចំណាយលុយយ៉ាងច្រើន ដើម្បីទិញគ្រឿងទាំងនោះ។ សម្បកក្រចកខ្លះ មានតម្លៃដល់ទៅរាប់រយដុល្លារ តែអតិថិជនជាច្រើន នៅតែត្រូវការ ហើយបានចូលទៅកាន់ហាងកែសម្ផស្សថ្លៃៗ ដើម្បីបំពេញចិត្តរបស់ខ្លួន៕
----------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤