ស្ម័គ្រចិត្តឲ្យកាត់ក្បាលខ្លួន យកទៅតជាមួយដងខ្លួនមួយទៀត
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ មេសា ២០១៥
- កែប្រែចុងក្រោយ: April 14, 2015
- ប្រធានបទ: វេជ្ជសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងដ៏អស្ចារ្យនេះ បានបង្កើតឡើង ដោយគ្រូពេទ្យជំនាញខាងវះកាត់តរាងកាយ ជាតិអ៊ីតាលីមួយរូប ឈ្មោះ ស៊ែជីហ្សូ កាណាវើរ៉ូ (Sergio Canavero)។ កម្មវត្ថុសំខាន់៖ កាត់ក្បាល ពីមនុស្សម្នាក់ ទៅតភ្ជាប់ជាមួយដងខ្លួន របស់មនុស្សម្នាក់ទៀត។ ហើយអ្នកដែលចូលមកសាកល្បង ការពិសោធន៍នេះមុនគេ គឺយុវជនជាតិរ៉ូស្សី វ៉ាឡេរី ស្ពីរីដូណូវ អាយុ៣០ឆ្នាំ។ យុវជនម្នាក់នេះ បានថ្លែងឡើងយ៉ាងមុតមាំថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ មានភាពច្បាស់លាស់ ហើយខ្ញុំនឹងមិនប្រែក្រឡាស់ឡើយ»។
រងគ្រោះនឹងជំងឺប្រចាំកាយ ដែលហៅថា (Werdnig-Hoffman) យុវជន ស្ពីរីដូណូវ ដឹងខ្លួនយ៉ាងច្បាស់ ជាមុនហើយថា ជីវិតខ្លួននឹងមិននៅយូរទៀត ប៉ុន្មានឡើយ។ យុវជនបានបន្តទៀតថា៖ «ខ្ញុំមិនមានជំរើសផ្សេងទៀតទេ។ បើសិនជាខ្ញុំមិនឆ្លៀតឱកាស ក្នុងពេលនេះទេ លទ្ធផលចុងក្រោយនៃជីវិតខ្ញុំ នឹងអាក្រក់ជារឿង ដែលខ្ញុំចង់ឲ្យគេកាត់ក្បាលនេះ ទៅទៀត។»
ឆ្លើយនឹងសំនួរ របស់សារព័ត៌មានអង់គ្លេស «Daily Mail» យុវជនជាតិរ៉ូស្សីរូបនេះ បានអះអាងទៀតថា៖ «តើខ្ញុំភ័យឬទេ? បាទ ពិតហើយ ខ្ញុំភ័យ។ តែវាមិនមែន គ្រាន់តែជារឿង គួរឲ្យខ្លាចនោះទេ តែវាដូចជា គួរឲ្យចាប់អារម្មណ៍ជាង។»
លោកវេជ្ជបណ្ឌិត ស៊ែជីហ្សូ កាណាវើរ៉ូ និងគម្រោងការស្រាវជ្រាវ របស់លោក។
លោកវេជ្ជបណ្ឌិត កាណាវើរ៉ូ ដែលអ្នកផង ហៅលោកថា ជាវេជ្ជបណ្ឌិត Frankenstein នោះ មានឈ្មោះល្បីយ៉ាងខ្លាំង ខាងការវះកាត់ កាត់តរាងកាយមនុស្ស ប៉ុន្តែក៏សម្បូររឿង ដ៏ចម្រូងចម្រាស់ណាស់ដែរ។ បើតាមវេជ្ជបណ្ឌិតរូបនេះ ការវះកាត់នឹងមានរយៈពេល៣៦ម៉ោង ហើយត្រូវចំណាយថវិកា ១១លានដុល្លា។
លោកវេជ្ជបណ្ឌិត បានពន្យល់ទៀតថា ក្បាលរបស់ វ៉ាឡេរី ស្ពីរីដូណូវ នឹងត្រូវកាត់ យកទៅដាក់លើដងខ្លួនបុរសម្នាក់ ដែលបានស្ម័គ្រចិត្តប្រគល់ខ្លួន ដូចលោក ស្ពីរីដូណូវដែរ។ ដងខ្លួននោះ នឹងត្រូវដាក់ឲ្យស្ថិត នៅក្នុងសភាពសន្លប់ ឬបានន័យម្យ៉ាងទៀតថា គ្រប់គ្រឿងប្រដាប់ទាំងអស់ ត្រូវផ្អាកដំណើរការ ជាបណ្ដោះអាសន្ន មុននឹងដាក់ភ្ជាប់ជាមួយក្បាលថ្មី។ បន្ទាប់ពីធ្វើការភ្ជាប់រួច ដងខ្លួនទាំងមូល នឹងត្រូវថែរក្សាក្នុងរយៈពេល ១ខែ នៅក្នុងប្រអប់ថែរក្សារាងកាយមួយ ដើម្បីបង្កភាពរឹងមាំ ទៅឲ្យសាច់ដុំក ដែលត្រូវដុះមកតភ្ជាប់គ្នា។
គម្រោងការនេះ នឹងត្រូវធ្វើ នៅក្នុងឆ្នាំ២០១៦ ឬ២០១៧ខាងមុខ។ យើងនឹងរង់ចាំមើលមើល៍... ហើយថាតើនរណាខ្លះទៀត ចង់បានខ្លួនថ្មីដូច្នេះ?