៩ចំណុច ដើម្បីធ្វើឲ្យជីវិតរបស់អ្នករស់នៅបានយូរអង្វែង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ឥរិយាបថមិនល្អ៤យ៉ាង៖ ការជក់បារី ទទួលទានសារធាតុស្រវឹង មិនបានហាត់ប្រាណ និងការញ៉ាំបន្លែផ្លែឈឺមិនគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកឆាប់ស្លាប់ និងអាចកាត់បន្ថយ អាយុអ្នកដល់ទៅ១២ឆ្នាំ។ ដូច្នេះ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ ក្នុងការរស់នៅរបស់អ្នកបន្តិចបន្តួចប៉ុណ្ណោះ នោះវានឹងអាចជួយអ្នក ឲ្យរស់នៅបានយូរអង្វែង។
អ្នកអាចធ្វើអ្វីៗ ដើម្បីជៀសវាងរឿងទាំងនេះ និងកែលំអរ ឥរិយាបថមិនល្អរបស់អ្នកបាន។ អនុវត្តន៏តាមទម្លាប់ទាំង៩នេះ ដើម្បីឲ្យរាង្គកាយរបស់អ្នកស្អាត អ្នកមានអារម្មណ៏ថាក្មេង និងជួយអ្នកឲ្យរស់នៅបានយូរ។
១. កុំទទួលទានលើសកំរិត៖
បើអ្នកចង់រស់នៅបាន ១០០ឆ្នាំ អ្នកគួរតែកាត់បន្ថយអាហារនៅលើចានរបស់អ្នកខ្លះៗ ជារឿងល្អ។ តាមការសិក្សាបង្ហាញថា មនុស្សដែលមានវ័យចំណាស់នៅប្រទេសជប៉ុន ឈប់ទទួលទាននៅពេលដែលពួកគេបរិភោគបាន ៨០%។
២. ការរួមភេទ៖
ការរួមភេទបានស្កប់ស្កល់ ២ទៅ ៣ដងក្នុងមួយសប្តាហ៏ អាចបង្កើនអាយុដល់ទៅ ៣ឆ្នាំបន្ថែមទៀត។ វាធ្វើឲ្យអ្នករំភើប និងបង្កើតនូវជាតិកាឡូរី។ ការរួមភេទបានទៀងទាត់ អាចជួយឲ្យសម្ពាធឈាមរបស់អ្នកមានកំរិតទាប ជួយឲ្យអ្នកគេងបានស្កប់ស្កល់ ជួយឲ្យអ្នកស៊ាំនឹងរោគ និងការពារជំងឺបេះដូង។
៣. បិទទូរទស្សន៏៖
ការចំណាយពេលច្រើននៅមុខកញ្ចក់ទូរទស្សន៏ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។ តាមការសិក្សានៅឆ្នាំ ២០១០ បានបង្ហាញថា មនុស្សដែលមើលទូរទស្សន៏លើសពី ៤ម៉ោង ក្នុងពេលមួយថ្ងៃ មាន៤៦% ស្លាប់ដោយសារមូលហេតុផ្សេងៗ ជាងអ្នកដែលមើលតិចជាង ២ម៉ោងក្នុងមួយថ្ងៃ។
៤. ជៀសវាងកម្តៅព្រះអាទិត្យ៖
ការជៀសវាងពីបន្លឺព្រះអាទិត្យបានច្រើន វាជួយឲ្យអ្នកកាត់បន្ថយនូវជំងឺមហារីកស្បែក និងធ្វើឲ្យអ្នកមើលទៅក្មេង ដោយសារគ្មានស្នាមជ្រួញ ហើយមានស្បែកស្រស់ស្អាតបែបធម្មជាតិ។កុំបិទបាំងតែផ្ទៃមុខរបស់អ្នក ពេលត្រូវកម្តៅព្រះអាទិត្យ ព្រោះវានៅតែធ្វើឲ្យដើមទ្រូង និងករបស់អ្នកមើលទៅចាស់ដដែល។
៥. ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ៖
តាមការស្រាវជ្រាវបង្ហាញថា អ្នកដែលមានជំងឺបេះដូង គឺដោយសារតែមិនមានទំនាក់ទំនង ជិតស្និទ្ធជាមួយមិត្តភក្តិ និងគ្រួសារ។ ភាពឯកាគឺជាមូលហេតុចំបង ហើយភាគច្រើនគឺ កើតមានឡើងទៅលើមនុស្សចាស់ ដែលពួកគាត់តែងតែមានអារម្មណ៏អស់សង្ឃឹម។
៦. ទទួលទានស្រាកំរិតល្មម៖
ស្រ្តីដែលទទួលទានស្រា ២ ឬច្រើនកែវ និងបុរសដែលទទួលទានស្រា ៣ ឬច្រើនកែវក្នុងមួយថ្ងៃ អាចនឹងមានឥទ្ធិពលអាក្រក់ដល់បញ្ហាទំនាក់ទំនងរបស់ពួកគេ។ ប៉ុន្តែបើអ្នកទទួលទាន តិចជាងនេះ នោះវាមានភាពប្រសើរសំរាប់អ្នក។ តាមការសិក្សានៅឆ្នាំ ២០១០ បានឲ្យដឹងថា ស្រ្តីទទួលទានស្រាមួយកែវ ហើយបុរសទទួលទាន ២កែវ ក្នុងមួយថ្ងៃ វាពិតជាមានផលប្រយោជន៏ដល់បេះដូងរបស់អ្នក។
៧. ទទួលទានបន្លែ និងផ្លែឈើ៖
ការបរិភោគបន្លែ ឬផ្លែឈើស្រស់ៗ ជាប្រចាំថ្ងៃ វាជួយបង្កើននូវសុខភាពរបស់អ្នក។ អាហារទាំងនេះ វាអាចជួយកាត់បន្ថយជំងឺមហារីក និងជួយកាត់បន្ថយជំងឺបេះដូងដល់ទៅ ៧៦%។ ជាងនោះទៅទៀត វាជួយឲ្យអ្នកមានកម្លាំងខ្លាំង និងកាត់បន្ថយស្នាមជ្រួញ។
៨. ការហាត់ប្រាណ៖
ការហាត់ប្រាណជាប្រចាំ អាចជារឿងដែលសំខាន់មួយ នៅក្នុងជីវិតរបស់អ្នក។ តាមការសិក្សានៅឆ្នាំ ២០០៨ បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណបានទៀងទាត់ ដូចជាការរត់ វាអាចជួយ បង្កើនអាយុរបស់អ្នក ៤ឆ្នាំបន្ថែមទៀត។ វាពិតជាគ្មានការភ្ញាក់ផ្អើលទេ ដោយសារតែវា ជួយ សំរួលដល់បេះដូង អារម្មណ៏ និងជួយសំរួលដល់អាហាររំលាយក្នុងរាង្គកាយរបស់អ្នក។
៩. កុំជក់បារី៖
ការមិនជក់បារី គឺជារឿងដ៏សំខាន់បំផុត ដែលអ្នកអាចធ្វើសំរាប់សុខភាព និងជីវិតរបស់អ្នក។ យោងតាមការសិក្សាពីសុខភាពជាសាធារណះរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្រ្តីដែលឈប់ជក់បារី នៅវ័យ ៣៥ឆ្នាំ គឺភាគច្រើនអាចរស់បានត្រឹមតែ ៨ឆ្នាំទៀតប៉ុណ្ណោះក្នុងជីវិតរបស់ពួកគេ។ វាធ្វើឲ្យប៉ះពាល់ដល់សួត និងអាចបង្កឲ្យមានជំងឺមហារីកសួតផងដែរ។ ដូច្នេះវាមិនយឺតពេលទេ បើសិនជាអ្នកជក់បារី គឺអ្នកអាចកែទម្លាប់របស់អ្នក ដោយព្យាយាមកាត់បន្ថយ ឬបញ្ឈប់បានតែម្តងជាការល្អ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ